ជំនាញមូលដ្ឋានទាំង 9 ដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន!

140
ជំនាញមូលដ្ឋានទាំង 9 ដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន!

នាពេលបច្ចុប្បន្ននេះ ​ពិភពលោកកំពុងមានការវិវត្តន៍ខ្លាំងលើបច្ចេកវិទ្យា ហើយមនុស្សជាច្រើនក៏បានស្គាល់ និងពេញនិយមប្រើប្រាស់ក៏កាន់តែច្រើនដែរ ក្រោយពីទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីត-19 មក ដូច្នេះមានជំនាញថ្មីៗជាច្រើនដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែរៀន ដើម្បីទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្មផ្ទាល់ខ្លួននាពេលសម័យនេះ។

ម្ចាស់អាជីវកម្មខ្នាតតូចគ្រប់រូប ដែលចង់ជោគជ័យក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុន ចាំបាច់ត្រូវមានជំនាញមូលដ្ឋានចំនួន 9 ហើយរៀនពីជំនាញនោះឱ្យបានត្រឹមត្រូវ។

នៅក្នុងខ្លឹមសារអត្ថបទមួយនេះ អ្នកដឹកនាំចំនួន 9 នាក់ មកពីក្រុមប្រឹក្សាសហគ្រិនវ័យក្មេងបានពិនិត្យមើលជំនាញដែលពួកគេចាត់ទុកថាសំខាន់បំផុតសម្រាប់ការគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យបានត្រឹមត្រូវ និងមូលហេតុដែលជំនាញទាំងនោះមានសារៈសំខាន់ក្នុងការរក្សាក្រុមហ៊ុនឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ ហើយនេះបើយោងតាមគេហទំព័រ Forbes

Small businesses

1. ជំនាញគណៈប្រតិភូ

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ត្រូវតែអាចធ្វើជាគណៈប្រតិភូកម្ម (តំណាងឱ្យក្រុមហ៊ុនទាំងមូល) ដើម្បីឱ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ ដោយធ្វើជាអ្នកដឹកនាំគ្រប់គ្រងចាត់ចែង និងត្រួតពិនិត្យព័ត៌មានលម្អិតទាំងអស់នៅក្នុងក្រុមហ៊ុន ប៉ុន្តែវាអាចរៀងពិបាកបន្ដិច។ ទោះបីជាយ៉ាង ក្នុងនាមជាម្ចាស់ ក៏ត្រូវបង្កើតឱ្យមានក្រុម និងបង្កើតដំណើរការសម្រាប់ក្រុមរបស់ពួកគេដើម្បីបំពេញតាមការរំពឹងទុកដោយជោគជ័យ។

2. សមត្ថភាពក្នុងការធ្វើតាម

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានគំនិតដ៏អស្ចារ្យ និងភាពវៃឆ្លាត ដើម្បីដឹកនាំក្រុមបុគ្គលិកឱ្យឆាប់ទទួលបានសមិទ្ធផល។ លើសពីនេះ ក៏អាចជ្រើសរើសសកម្មភាពណាមួយនៃការដឹកនាំក្រុមហ៊ុនរបស់បុគ្គលណាម្នាក់ ឬច្រើននាក់ ដើម្បីមកអនុវត្តន៍តាម ប៉ុន្តែដើម្បីធ្វើតាម អ្នកត្រូវជឿជាក់លើខ្លួនឯង និងមានក្រុមដ៏អស្ចារ្យនៅពីក្រោយអ្នក។

3. ជំនាញទំនាក់ទំនង

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ គួរតែដឹងឱ្យច្បាស់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធគណនេយ្យ និងក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាននៃអាជីវកម្មរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ជំនាញទំនាក់ទំនង គឺជាគន្លឹះក្នុងការគ្រប់គ្រងផ្នែកផ្លាស់ទីទាំងអស់។ ហេតុនេះ ប្រសិនបើម្ចាស់អាជីវកម្មខ្នាតតូចអាចមានសមត្ថភាពក្នុងការទំនាក់ទំនងដ៏ល្អនិងត្រឹមត្រូវ នោះវាអាចជួយដល់ដំណើរការ និងនិតិវិធីដែលត្រូវអនុវត្តន៍ជាមួយនឹងអ្នកជំនាញផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនមិនខាន ហើយនេះជាគន្លឹះមួយនៃការជួយឱ្យអាជីវកម្មជោគជ័យ។ លើសពីនេះ ការដែលមានជំនាញទំនាក់ទំនងឱ្យខ្លាំង វាជាតួនាទីរបស់ម្ចាស់អាជីវកម្ម ដើម្បីអាចរកមនុស្សជាច្រើនដើម្បីជួយពួកគេឱ្យកាន់តែរីកចម្រើន និងអាចទំនាក់ទំនងឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានទីផ្សារជាដើម។

4. ការច្នៃប្រឌិត

ការច្នៃប្រឌិត គឺជាជំនាញដែលសហគ្រិននិងម្ចាស់អាជីវកម្ម ចាំបាច់ត្រូវតែមាន ពីព្រោះការធ្វើអាជីវកម្ម តែងតែអាចរងនូវផលប៉ះពាល់គ្រប់កន្លែង ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូបមានគំនិតដែលច្នៃប្រឌិតនិងគិតបានលឿន ដើម្បីស្វែងរកដំណោះស្រាយដែលបង្កើតលទ្ធផលល្អបំផុតសម្រាប់ទាំងអតិថិជន និងអាជីវកម្មក្នុងរយៈពេលវែង។

5. ជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គម

ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាជំនាញមូលដ្ឋានមួយដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុនឱ្យទទួលបានភាពជោគជ័យ។ ដូច្នេះក្នុងនាមជាម្ចាស់ ត្រូវតែដឹងអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម របៀបភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ការបង្ហោះ និងការចូលរួមនៅលើបណ្ដាញសង្គម។ ហើយដើម្បីអាចយល់ដឹងពីជំនាញនេះ អ្នកអាចរៀនអនុវត្តន៍ជាក់ស្ដែង និងរៀននៅក្នុងវគ្គសិក្សាខ្លីៗបាន ហើយអ្វីដែលកាន់តែសំខាន់ ម្ចាស់អាជីវកម្មទាំងអស់ អាចចាប់ផ្ដើមរៀនពីរបៀបដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គម របៀបចូលទៅកាន់ទំព័រអាជីវកម្មរបស់ខ្លួនឯង និងតាមដានវាជារៀងរាល់ថ្ងៃ។ នេះជារបៀបដែលអ្នកទៅដល់មនុស្សកាន់តែច្រើន និងជារបៀបដែលអ្នកធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសុពលភាព។

6. ការគិតបែបវិភាគ

ម្ចាស់អាជីវកម្មខ្នាតតូច គួរតែអាចគិតបែបវិភាគ ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេដោយជោគជ័យ ដោយមានសមត្ថភាពក្នុងការសំយោគព័ត៌មានដែលបានមកពីអតិថិជន និងអ្នកលក់ បន្ទាប់មកគិតវិភាគដើម្បីស្វែងរកចំណុចក្នុងការអភិវឌ្ឍក្នុងក្រុមហ៊ុន។ លើសពីនេះ អាចគិតអំពីបញ្ហាប្រតិបត្តិការកើតឡើងដោយហេតុផលណាមួយ បន្ទាប់មកធ្វើការកំណត់ថា តើហេតុផលនោះជាអ្វី?ហើយអ្វីជាបញ្ហាឫសគល់របស់វា? បន្ទាប់មកស្វែងរកដំណោះស្រាយ។

ចូរចងចាំថា ការគិតវិភាគឱ្យបានត្រឹមត្រូវ (និងកែលម្អជាបន្តបន្ទាប់) ប្រតិបត្តិការប្រចាំថ្ងៃនឹងបង្កើនគុណតម្លៃនៃអាជីវកម្មរបស់អ្នកកាន់តែល្អប្រសើរដូចគ្នា។

7. ជំនាញគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលា គឺជាជំនាញសំខាន់បំផុតដើម្បីធ្វើជាម្ចាស់សម្រាប់អ្នកដឹកនាំអាជីវកម្ម។ ពេលវេលា គឺជាធនធានមួយដែលយើងមិនអាចត្រឡប់មកវិញបានទេ។ ការចេះគ្រប់គ្រងពេលវេលារបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាកត្តាចាំបាច់សម្រាប់អ្នកដឹកនាំ។

ក្នុងនាមជាម្ចាស់អាជីវកម្ម និងជាអ្នកគ្រប់គ្រង ការងាររបស់អ្នកគឺដើម្បីសម្របសម្រួលក្រុមរបស់អ្នកដើម្បីធានាថាគោលដៅត្រូវបានសម្រេច និងបានបំពេញតាមកាលកំណត់។ លើសពីនេះ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងទិដ្ឋភាពនៃការគ្រប់គ្រងពេលវេលានេះ អ្នកត្រូវតែមានការគ្រប់គ្រងដ៏ល្អលើការប៉ាន់ស្មាននៃការបញ្ចប់គម្រោងណាមួយ ក៏ដូចជាឈ្វេងយល់ពីប្រភេទបុគ្គលិកលក្ខណៈផ្សេងៗនៃសមាជិកក្រុមរបស់អ្នក ពីព្រោះប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការប៉ាន់ស្មាន់នៃការបញ្ចប់គម្រោងណាមួយ ឬមិនស្គាល់ពីបុគ្គលិកលក្ខណៈរបស់សមាជិកក្រុមទេ នោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការធានាថា ពេលវេលាត្រូវបានចំណាយយ៉ាងមានប្រសិទ្ធភាពដូចដែលបានកំណត់ទុក។

8. សមត្ថភាពក្នុងការកំណត់អាទិភាព

ការដែលមានសមត្ថភាពក្នុងការកំណត់អាទិភាពការងារជាប្រចាំថ្ងៃ ជារឿងមួយដ៏សំខាន់ ពីព្រោះអ្នកអាចដឹងថា ការងារណាដែលសំខាន់ និងបន្ទាន់ ហើយអ្នកអាចកំណត់ពីផលប៉ះពាល់ប្រសិនបើមិនអាចបញ្ចប់តាមពេលកំណត់ ឬគុណប្រយោជន៍ដែលនឹងទទួលបានប្រសិនបើបញ្ចប់ការងារនោះទាន់ពេលវេលា។ ធ្វើបែបនេះ ទើបម្ចាស់អាជីវកម្ម អាចធ្វើឱ្យបុគ្គលិកដឹងថា គាត់ត្រូវធ្វើអ្វីមុននិងផ្ដោតសំខាន់លើអ្វី ទាំងកាព្វកិច្វ និងអ្វីដែលត្រូវសម្រេច។ លើសពីនេះ ក៏ត្រូវកំណត់ពេលដើម្បីប្រជុំក្រុមដែរ ដើម្បីតាមដានស្ថានភាព និងអាចដោះស្រាយលើបញ្ហាណាមួយឱ្យទាន់ពេលវេលា។

9. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ជំនាញមួយដែលអ្នកដឹកនាំអាជីវកម្មមិនអាចខ្វះបាន គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្នកដឹកនាំគ្រប់រូបត្រូវតែសិក្សាលំហូរសាច់ប្រាក់របស់ពួកគេ និងតាមដានការចំណាយ ព្រមទាំងធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរបស់ពួកគេដោយផ្អែកលើទិន្នន័យ។

លើសពីនេះ ម្ចាស់អាជីវកម្មក៏គួរតែជួលគណនេយ្យករ ឬអ្នកប្រឹក្សាពន្ធសម្រាប់ការងារបច្ចេកទេសខ្ពស់ ប៉ុន្តែក្នុងនាមជាម្ចាស់ក៏ត្រូវតែអាចយល់ពីអ្វីដែលពួកគេកំពុងធ្វើ និងរបៀបធ្វើការជាមួយពួកគេផងដែរ។

ចូរចងចាំថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ ប្រសិនបើអ្នកចង់ជួយអាជីវកម្មរបស់អ្នកឱ្យកាន់តែរីកចម្រើន។