ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

189
ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

ការធ្វើអាជីវកម្មមួយឱ្យដំណើរការបានល្អស្របតាមផែនការ គឺវាមិនមានភាពងាយស្រួលឡើយ ដោយវាទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញច្រើនក្នុងការធ្វើរឿងមួយនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារអត្ថបទខាងក្រោម នឹងបង្ហាញជំនាញសំខាន់ចំនួន 10 ដែលម្ចាស់អាជីវកម្មគួរតែយល់ដឹងបន្ថែម។

1. ការយល់ដឹងអំពីសេដ្ឋកិច្ច

ការយល់ដឹងអំពីសេដ្ឋកិច្ច ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ជាកត្តាសំខាន់នៅក្នុងអាជីវកម្មរបស់អ្នកផងដែរ។ បន្ថែមពីនេះ ការសិក្សាផ្នែកសេដ្ឋកិច្ច ក៏វាបានផ្ដល់នូវគន្លឹះបន្ថែមសម្រាប់ធ្វើការសម្រាប់ចិត្តសំខាន់ៗនៅក្នុងក្រុមហ៊ុន ព្រមទាំងអាចយល់ដឹងស៊ីជម្រៅអំពីយុទ្ធសាស្ត្រកំណត់តម្លៃ និងតម្រូវការទីផ្សារសម្រាប់អាជីវកម្មរបស់អ្នកទៀតផង។

2. ជំនាញវិភាគទិន្នន័យ

ក្រុមហ៊ុន Microsoft, Uber និង Blue Apron កំពុងប្រើប្រាស់ទិន្នន័យដើម្បីកែលម្អសេវាកម្ម និងប្រតិបត្តិការរបស់ពួកគេ។ នេះសុទ្ធតែប្រើប្រាស់ជំនាញវិភាគទិន្នន័យ ហើយជំនាញមួយនេះ ក៏កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នផងដែរ។ លើសពីនេះ វាក៏ជំនាញមួយដែលអាចឱ្យអ្នកវិភាគដឹងអំពីបញ្ហាអាជីវកម្មសំខាន់ៗ និងជួយជំរុញដល់ការសម្រេចចិត្តរបស់អ្នកមានការត្រឹមត្រូវដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមហ៊ុនរបស់អ្នក។

3. ជំនាញគណនេយ្យហិរញ្ញវត្ថុ

នៅក្នុងចំណុចនេះ ទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកគណនេយ្យហិរញ្ញវត្ថុ ប្រសិនបើអ្នកចង់ក្លាយម្ចាស់អាជីវកម្ម ឬកំពុងជាម្ចាស់អាជីវកម្មស្រាប់ ពីព្រោះចំណេះដឹងនេះសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែដឹង ដូចជាដំណើរការលំហូរសាច់ប្រាក់ ដឹងពីប្រាក់ចំណេញឬខាត ចេះគ្រប់គ្រងលំហូរសាច់ប្រាក់ ដឹងអំពីរបៀបអាន និងបកស្រាយតារាងតុល្យការជាដើម ព្រមទាំងកាន់តែដឹងអំពីសក្ដានុពលរបស់ក្រុមហ៊ុនរបស់អ្នក។

4. ជំនាញគ្រប់គ្រងអាជីវកម្ម

ជំនាញគ្រប់គ្រងពិតជាសំខាន់ ដូច្នេះអ្នកត្រូវតែមានជំនាញគ្រប់គ្រងនេះឱ្យបានខ្លាំង និងរឹងមាំ ដើម្បីដឹកនាំក្រុមឆ្ពោះទៅកាន់ភាពជោគជ័យទាំងអស់គ្នា និងអាចដំណើរការសកម្មភាពស្របតាមផែនការបានយ៉ាងរលូន។ លើសពីនេះ ប្រសិនបើអ្នកមានជំនាញនេះ អ្នកក៏អាចមានសមត្ថភាពជំរុញផលិតភាពក្រុមការងារបានកាន់តែល្អផងដែរ។

5. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ ព្រមទាំងធ្វើឱ្យអ្នកអាចសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុន។ ហេតុដូចនេះ អ្នកត្រូវតែសិក្សាឈ្វេងយល់បន្ថែមទៀត ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំនេះឱ្យបានខ្លាំងសម្រាប់ខ្លួនឯង។

6. ជំនាញចរចា

ជំនាញចរចា ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញ ឬអ្នកប្រើប្រាស់ផ្សេងទៀត ដើម្បីឈានទៅដល់ការសម្របសម្រួលដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លើសពីនេះ វាកាន់តែមានសារៈសំខាន់នៅក្នុងអាជីវកម្ម ដោយអ្នកអាចប្រើជំនាញនេះនៅក្នុងកិច្ចពិភាក្សា ឬបទបង្ហាញស្ដីអំពីការស្នើសុំដើមទុនបន្ថែម ឬកិច្ចការសំខាន់ផ្សេងទៀតដែលអ្នកចង់ឱ្យភាគីម្ខាងទៀតយល់ស្របជាមួយនឹងអ្នក។

7. ជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា នឹងជួយអ្នកឱ្យមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនដែលកើតមាននៅក្នុងអាជីវកម្មរបស់អ្នកបានយ៉ាងល្អ ព្រមទាំងអាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់។ លើសពីនេះ វាក៏ជួយអ្នកក្នុងការដោះស្រាយបញ្ហារបស់ក្រុមការងារ ដោះស្រាយនូវភាពមិនពេញចិត្តរបស់អតិថិជន និងអាចមានគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីបង្កើនប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនជាដើម។

8. ជំនាញទីផ្សារ និងការលក់

ចំណេះដឹងផ្នែកទីផ្សារ និងការលក់ វានឹងអាចជួយម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេបានយ៉ាងល្អ ព្រមទាំងអាចបិទការលក់បានលឿនស្របជាមួយនឹងគោលដៅដែលបានកំនត់។ ជំនាញទាំងនេះ រួមបញ្ចូលការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម សមត្ថភាពផ្សាយពាណិជ្ជកម្ម និងការសរសេរចម្លងជាដើម។ ការអភិវឌ្ឍជំនាញទីផ្សារដ៏រឹងមាំ ក៏អាចជួយម្ចាស់អាជីវកម្មឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ និងជំរុញការលក់របស់ពួកគេបានយ៉ាងច្រើនផងដែរ។

9. ជំនាញធ្វើការសម្រេចចិត្ត

អ្នកជំនាញទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មត្រូវការជំនាញធ្វើការសម្រេចចិត្តដ៏រឹងមាំ ដើម្បីស្វែងរកបញ្ហាស្មុគស្មាញដែលពួកគេនឹងប្រឈមមុខទាំងនៅកន្លែងធ្វើការ និងនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយ និងសម្រេចចិត្តធ្វើអ្វីមួយឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។

10. ជំនាញបង្កើតបណ្ដាញ

ជំនាញពិតជាសំខាន់ ដែលម្ចាស់អាជីវកម្មគួរតែចេះ និងយកទៅអនុវត្តន៍ឱ្យបានច្រើន ពីព្រោះជំនាញនេះ សំដៅលើការដែលមានសមត្ថភាពខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងឧស្សាហកម្មដូចគ្នា។ លើសពីនេះ វាក៏អនុញ្ញាតឱ្យអ្នកពិចារណាលើកិច្ចសហប្រតិបត្តិការជាមួយអ្នកដទៃ និងចែករំលែកចំណេះដឹងផ្នែកឧស្សាហកម្មដែលអ្នកកំពុងស្ថិតនៅផងដែរ។

11. ជំនាញនិយាយជាសាធារណៈ

ជំនាញនេះ ពិតជាសំខាន់ខ្លាំង ហើយក៏មានម្ចាស់អាជីវកម្មមួយចំនួនតូចក៏បានមើលរំលងអំពីសារៈសំខាន់នៅក្នុងជំនាញនេះផងដែរ។ ត្រូវចងចាំថា ជំនាញនិយាយសាធារណៈ នឹងជួយអ្នកក្នុងការដឹកនាំ និងណែនាំក្រុមការងារបានយ៉ាងល្អ ជាពិសេសការធ្វើបទបង្ហាញអំពីអាជីវកម្មរបស់អ្នកទៅកាន់វិនិយោគិនសំខាន់ៗផងដែរ។ លើសពីនេះ ជំនាញនិយាយសាធារណៈ​ក៏ជាផ្នែកមួយក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានមនុស្សស្គាល់ច្រើន និងយល់ដឹងអំពីអាជីវកម្មរបស់អ្នក។