ជំនាញ​ 8 អ្នកដឹកនាំខ្លាំងត្រូវតែមានជាចាំបាច់!

553
ជំនាញ​ 8 អ្នកដឹកនាំខ្លាំងត្រូវតែមានជាចាំបាច់!

មនុស្សគ្រប់គ្នា សុទ្ធតែអាចជាអ្នកដឹកនាំទាំងអស់ ប៉ុន្តែអាចជាអ្នកដឹកនាំខ្លាំង ឬខ្សោយ វាអាស្រ័យលើខ្លួនយើងផ្ទាល់ លើការអភិវឌ្ឍន៍សមត្ថភាពក្នុងការដឹកនាំនោះ។​ ជាពិសេសអ្នកដឹកនាំអាជីវកម្ម ឬដឹកនាំក្នុងកិច្ចការងារណាមួយ ថាតើខ្លួនឯង កំពុងស្ថិតនៅស្ថានភាពបែបណា? ជាអ្នកដឹកនាំខ្លាំង ឬជាអ្នកដឹកនាំខ្សោយ? តើធ្វើបែបណា ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកដឹកនាំខ្លាំង?

ប្រសិនបើ អ្នកកំពុងតែមានផ្នត់គំនិតចង់ក្លាយជាអ្នកដឹកនាំខ្លាំង ចូរអ្នកឈ្វេងយល់ នូវជំនាញទាំង 8 ខាងក្រោមជាមុនសិន ពីព្រោះជំនាញទាំងនេះ ជាជំនាញដែលអ្នកដឹកនាំខ្លាំងៗ ចាំបាច់ត្រូវតែមាន។

1. គិតបែបយុទ្ធសាស្រ្ត

សំដៅលើការអភិវឌ្ឍបេសកកម្មដែលអ្នកចង់ឃើញ និងចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចបាននូវលទ្ធផលនោះ។ ហើយអ្នកគិតបែបយុទ្ធសាស្រ្តដ៏ល្អ មុននឹងអាចសម្រេចវាបាន គឺត្រូវគិតឱ្យឃើញជារូបភាពធំច្បាស់មួយនៅក្នុងខួរក្បាល និងមានព័ត៌មានលម្អិតបញ្ជាក់។

2. រៀបចំផែនការ និងប្រតិបត្តិការ

អ្នកដឹកនាំខ្លាំង តែងតែមានការរៀបចំឱ្យចេញជាផែនការ​និងចាប់ផ្ដើមធ្វើសកម្មភាពលើផែនការនោះ ដោយស្របជាមួយនឹងបេសកកម្ម និងយុទ្ធសាស្រ្ត។

3. គ្រប់គ្រងមនុស្ស

អ្នកដឹកនាំខ្លាំង មិនមែនគ្រាន់តែជាអ្នកលើកទឹកចិត្ត និងជំរុញឱ្យមានគេអនុវត្តន៍តាមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែ៖

  • ចេះឈ្វេងយល់ពីបញ្ហាជុំវិញ បន្ទាប់មកដោះស្រាយ
  • ពិភាក្សាជាមួយក្រុមការងារឱ្យកាន់តែជិតស្និត ដើម្បីជ្រើសរើសការសម្រេចចិត្តក៏ដូចជាដំណោះស្រាយដ៏ល្អប្រសើរមួយ
  • ដឹងច្បាស់ពីតម្រូវការរបស់បុគ្គលិកនៅក្រោមបង្គាប់
  • ធ្វើឱ្យបុគ្គលិកក្រោមបង្គាប់មានជំនឿ និងទំនុកចិត្ត
  • បែងចែកតួនាទី ទំនួលខុសត្រូវបានច្បាស់លាស់ជាមួយបុគ្គលិក ថែមទាំងផ្ដល់ឱកាសច្រើនដល់បុគ្គលិក ទាំងការរៀនសូត្របន្ថែម ការសម្រេចចិត្ត និងការសាកល្បងធ្វើអ្វីថ្មីៗ

ដូច្នេះ នៅពេលអ្នកដឹកនាំធ្វើបែបនេះបាន នាំឱ្យការគ្រប់គ្រងបុគ្គលិកក៏កាន់តែងាយស្រួលផងដែរ។

4. ការបង្កើតថ្មី

អ្នកដឹកនាំ ត្រូវតែដឹងច្បាស់ពីរបៀបនៃការបង្កើតថ្មី និងរបៀបនៃការលើកទឹកចិត្តឱ្យបុគ្គលិកនៅក្រោមបង្គាប់ទាំងអស់មានការបង្កើតថ្មី ដោយកាន់តែល្អប្រសើរជាងមុននៅក្នុងស្ថាប័ន។

5. ជំនាញទំនាក់ទំនង

អ្នកដឹកនាំខ្លាំង ដឹងយ៉ាងច្បាស់ថា ជំនាញទំនាក់ទំនង គឺសំខាន់ណាស់ ដូច្នេះគាត់បានបង្វឹកខ្លួនឯងឱ្យមានជំនាញនេះ ដោយធ្វើជាអ្នកស្ដាប់ដ៏ល្អ ជាអ្នកសួរសំណួរដ៏ល្អ ជាអ្នកនិយាយដ៏ល្អ និងចេះបង្កើតចំណងទាក់ទងដ៏រឹងមាំជាមួយអ្នកពាក់ព័ន្ធដូចជាដៃគូសហការ ក្រុមការងារ និងអតិថិជន។

6. ជំនាញចរចា

អ្នកដឹកនាំខ្លាំង ចេះវិធីចរចាជាមួយមនុស្សបានយ៉ាងប្រសិទ្ធភាព។ ហើយដើម្បីចរចាបាន លុះត្រាតែ ស្គាល់ច្បាស់ពីអ្នកដែលត្រូវចរចា ចេះប្រើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ចេះបង្កើតទំនាក់ទំនងល្អនិងផ្ដល់ទំនុកចិត្តដល់អ្នកដទៃ និងចេះគោរពសិទ្ធិអ្នកដទៃ។

7. ជំនាញដោះស្រាយបញ្ហា

អ្នកដឹកនាំខ្លាំង អាចព្យាករណ៍ពីបញ្ហាបានដឹងមុន និងមានការត្រៀមលក្ខណៈទុកជាមុន។ ជាពិសេស មានភាពបទបែនលឿន ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខបានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធិភាព។

8. ជំនាញគ្រូបង្វឹក

អ្នកដឹកនាំខ្លាំង មិនត្រឹមតែជាអ្នកដឹកនាំដ៏ល្អតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រូបង្វឹកដ៏ល្អដែរ មានន័យថា ជាអ្នកដឹកនាំ​មិនទាន់គ្រប់គ្រាន់ទេ តែទាមទារឱ្យមានជំនាញបង្វឹក ដើម្បីបង្ហាត់បង្ហាញ ក៏ដូចជាបណ្ដុះបណ្ដាលក្រុមការងារឱ្យកាន់តែមានសមត្ថភាពខ្លាំង និងមានប្រសិទ្ធភាពការងារ។