ជំនាញ 4 ដែលអ្នកត្រូវចេះ បើអ្នកចង់ក្លាយជាមនុស្សសំខាន់នៅក្នុងក្រុម

180
ជំនាញ 4 ដែលអ្នកត្រូវចេះ បើអ្នកចង់ក្លាយជាមនុស្សសំខាន់នៅក្នុងក្រុម

ប្រសិនបើអ្នកធ្លាប់សួរអ្នកដឹកនាំជាន់ខ្ពស់ ឬអ្នកណែនាំនានាពីអ្វីដែលត្រូវការដើម្បីអាចឈានដល់កម្រិត C-suite នោះចម្លើយរបស់ពួកគេជារួមគឺបញ្ចូល “វត្តមានរបស់នាយកប្រតិបត្តិ” បន្ថែមពីលើពេលវេលា បទពិសោធន៍ បណ្តាញទំនាក់ទំនង និងទំនុកចិត្ត។ វត្តមានរបស់នាយកប្រតិបត្តិ សំដៅលើការរួមបញ្ចូលគ្នានៃបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈដែលធ្វើឱ្យមានដំណើរការប្រកបដោយថាមពល។ សូមបញ្ជាក់ផងដែរថា ជាទូទៅមនុស្សមានបញ្ហាត្រង់ថា មិនដឹងច្បាស់លាស់ ឬវង្វេងជាមួយនឹងខ្លួនឯង ដោយមិនដឹងថាខ្លួនឯងមានបុគ្គលិកលក្ខណៈបែបណា ចរិតលក្ខណៈបែបណា និងត្រូវគ្រប់គ្រងឬប្រើប្រាស់វាឱ្យបានល្អបែបណាជាដើម។

បន្ថែមពីនេះ បើយោងតាមប្រសាសន៍របស់អ្នកនិពន្ធ Sylvia Ann Hewitt បាននិយាយថា ការរួមបញ្ចូលគ្នានៃទំនុកចិត្តលើខ្លួនឯង ភាពប៉ិនប្រសប់ និងភាពត្រឹមត្រូវ គឺវាអាចជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការជម្រុញទំនុកចិត្តលើអ្នកដទៃឱ្យជឿជាក់ និងធ្វើតាមអ្នក។

អ្វីដែលកាន់តែសំខាន់ មនុស្សដែលមានឋានៈតួនាទីជាអ្នកដឹកនាំ ប្រធាន ឬផ្សេងៗទៀត តែងតែចង់ក្លាយជាមនុស្សមានឥទ្ធិពល មនុស្សឈានមុខគេ និងសំខាន់នៅក្នុងក្រុម ដោយអាចមានសមត្ថភាពក្នុងការបង្កើតចំណាប់អារម្មណ៍លើអ្នកដទៃក្នុងរយៈពេលប៉ុន្មានវិនាទីអំឡុងពេលជួបពួកគេ។ ហេតុដូចនេះហើយ ដើម្បីផ្ដល់ជាជំនួយក្នុងការធ្វើឱ្យថ្នាក់ដឹកនាំ ឬក្នុងនាមជាអ្នកអាជីព ក្លាយជាមនុស្សដែលសំខាន់នៅក្នុងចំណោមមនុស្សជាច្រើន តាមរយៈការចេះនូវជំនាញ 4 ដែលនឹងរៀបរាប់ខាងក្រោម។

1. ជំនាញនៃការពឹងផ្អែកលើមតិកែលម្អ

អ្នកអាចចាប់ផ្តើមដោយការស្នើសុំនូវមតិកែលម្អយ៉ាងសកម្មអំពីបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។ ជាពិសេសប្រសិនបើជាអ្នកដឹកនាំ ត្រូវតែមានការយល់ដឹងអំពីឥទ្ធិពលរបស់អ្នកលើអ្នកដទៃបន្ថែម ពីព្រោះវាជារឿងចាំបាច់។

ចំពោះការស្នើសុំនូវមតិកែលម្អនេះ អ្នកអាចសួរទៅកាន់ថ្នាក់ដឹកនាំដែលខ្ពស់ជាងអ្នក មិត្តរួមការងារ និងអ្នកណែនាំនានាដែលអ្នកគិតថាពួកគេអាចផ្ដល់ចម្លើយជូនអ្នក តាមរយៈសំណួរខាងក្រោម៖

  • តើអ្នកយល់ថាស្ទាយនៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងណាដែរ?
  • តើ​អ្វី​ជា​ការ​យល់​ឃើញ​ទូទៅ​របស់​អ្នក​ចំពោះ​ខ្ញុំ?
  • តើ​ខ្ញុំ​អាច​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើនទំនាក់ទំនងដែលមានឥទ្ធិពលបន្ថែម​ទៀត?

បន្ថែមពីនេះ អ្នកអាចបង្កើតការស្ទង់មតិបែបសម្ងាត់ ដើម្បីធានាថាអ្នកផ្ដល់មតិយោបល់លើអ្នក ពួកគេហ៊ានសរសេរនូវអ្វីដែលជាការពិត និងការយល់ឃើញផ្ទាល់ខ្លួនដោយគ្មានភាពភ័យខ្លាច។ បន្ទាប់មក អ្នកអាចផ្ញើសារទៅកាន់បុគ្គលណាដែលឆ្លើយតបដោយភាពស្មោះត្រង់ ដើម្បីឱ្យពួកគេធ្វើការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត អាចណាត់ជួបនិយាយទល់មុខគ្នាក៏បាន អាស្រ័យលើអ្នកដែលគិតថាមួយណាទទួលបានប្រសិទ្ធភាពជាង ឬក៏ធ្វើទាំងពីរវិធីសាស្រ្ត។

2. ជំនាញស្តាប់ពីរបៀបដែលអ្នកទំនាក់ទំនង

អ្នកអាចរៀនស្ដាប់ រៀនសង្កេតពីរបៀបប្រើប្រាស់ពាក្យសម្ដីទំនាក់ទំនង ឥរិយាបថដែលអ្នកប្រើប្រាស់អំឡុងពេលប្រាស្រ័យទំនាក់ទំនង និងសកម្មភាពទាំងស្រុងរបស់អ្នក ដោយមិនថាអ្នកកំពុងនិយាយ និងអ្នកមិននិយាយក៏ដោយ។ បន្ទាប់មកទៀត អ្នកត្រូវរៀបចំរចនាសម្ព័ន្ធផ្ទាល់ខ្លួនមួយក្នុងការទំនាក់ទំនង ដើម្បីបង្កើនភាពច្បាស់ និងភាពជឿជាក់ផ្ទាល់ខ្លួន។ រចនាសម្ព័ន្ធនោះ អ្នកអាចរៀបចំទាំងពីរបៀបដែលអ្នកត្រូវប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយាទាំងអំឡុងពេលនិយាយ និងមិននិយាយ របៀបប្រើប្រាស់កាយវិកា និងជាច្រើនទៀតដើម្បីធានាថាការសន្ទនា ឬការប្រាស្រ័យទាក់ទងជាមួយនឹងនរណាម្នាក់ ឬជាអង្គប្រជុំ អ្នកមានការត្រៀមទុករួចជាស្រេចគ្រប់ពេលវេលា ព្រមទាំងអាចមានឥទ្ធិពលខ្លាំងនៅពេលអ្នកស្ថិតនៅក្នុងការទំនាក់ទំនងនោះ។

3. ជំនាញពិសោធន៍នូវអាកប្បកិរិយាថ្មីៗ

បន្ទាប់ពីអ្នកទទួលបាននូវមតិយោបល់កែលម្អនានាដែលអ្នកបានធ្វើតាំងពីចំណុចទីមួយមក អ្នកអាចចាប់ផ្ដើមបង្កើតនូវឥរិយាបថថ្មីៗមួយ ឬពីរសម្រាប់ខ្លួនឯងក្នុងការអនុវត្ត។ ឧទាហរណ៍ មតិកែលម្អបានបង្ហាញថា អ្នកជាមនុស្សមិនបញ្ចេញយោបល់ ស្ងប់ស្ងាត់ល្អអំឡុងពេលប្រជុំជាដើម ដូច្នេះអ្នកត្រូវសិក្សាពីអ្វីដែលអ្នកបានប្រព្រឹត្តិឡើង និងសិក្សានូវអ្វីដែលអ្នកអាចធ្វើបានហើយទទួលបានប្រសិទ្ធភាព នោះអ្នកអាចសាកល្បងធ្វើវា។

ការដែលត្រូវអនុវត្តន៍នូវអាកប្បកិរិយាថ្មី អ្នកអាចមានអារម្មណ៍មិនស្រួលនៅពេលដំបូង ប៉ុន្តែអ្នកត្រូវដឹងថាបើអាកប្បកិរិយាថ្មីនោះវាមិនអំណោយផល ដោយវាបង្ហាញពីភាពសម្ដែងពេករបស់អ្នក ឬអាចបំផ្លាញអាជីពរបស់អ្នក ចូរចៀសវាង ហើយអាចរកអាកប្បកិរិយាថ្មីណាដែលអ្នកកាន់តែមានអារម្មណ៍ល្អក្នុងការធ្វើវា ហើយវាមានភាពត្រឹមត្រូវសម្រាប់អ្នក នោះអ្នកអាចបន្តធ្វើវាឱ្យក្លាយជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។

4. ជំនាញស្គាល់ច្បាស់អំពីខ្លួនឯង

ជាទូទៅ មនុស្សមានការវង្វេងនឹងខ្លួនឯង មិនដឹងថាខ្លួនឯងជាមនុស្សបែបណា មានបុគ្គលិកលក្ខណៈអ្វីពិសេស និងមានការងារច្រើនរហូតធ្វើឱ្យខ្លួនឯងដើរកាន់តែឆ្ងាយពីខ្លួនឯងជាដើម។ ហេតុដូចនេះ អ្នកត្រូវតែស្គាល់អំពីបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្បាស់ ហើយត្រូវចេះគ្រប់គ្រង និងពង្រឹងវាឱ្យបានខ្លាំងដើម្បីប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឱ្យបានល្អ ជាពិសេសការសម្រេចនូវបំណងប្រាថ្នាក្លាយជាថ្នាក់ដឹកនាំដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា និងស្របជាមួយនឹងអ្វីដែលអ្នកចង់បាន ព្រមទាំងមានឥទ្ធិពលដល់មនុស្សជុំវិញ។