ជំនឿមិនត្រឹមត្រូវទាំង៨ទាក់ទងនឹងផ្នែកលក់

1606

ជំនឿ​មិន​ត្រឹមត្រូវ​ជួនកាល​ជា​រឿង​ប្រឌិត​ហើយជួន​កាល​ពាក់​កណ្តាលពិត​ពាក់​កណ្តាលមិនពិត។​ មាន​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​ជាច្រើន​ដែលគេ​យល់​ខុសចំពោះ​ការងារ​ជាអ្នកលក់។ ខាង​ក្រោម​នេះ​គំនិត​នឹង​លើក​យក​ជំនឿ​មិន​ត្រឹមត្រូវមក​បង្ហាញ​​ដែល​ជឿជាក់​ថា​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ឬ​គិត​បែបហ្នឹង​ដែរ ៖

ទី១. ការ​លក់​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាន​ចំនួន​អតិថិជន​ច្រើន

គេ​គិត​ថា​ការលក់គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យគេ​បាន​អតិថិជន​កាន់​តែ​ច្រើនគឺកាន់​តែ​ល្អ។ បរិមាណ​​នៃ​អតិថិជន​កាន់​តែ​ច្រើន​នោះ​ភាព​ជោគជ័យ​របស់គេ​ក៏​កាន់​តែខិតចូល​មកដល់។ គេ​ត្រូវ​ប្រើវិធី​សាស្រ្ត​បែប​ណា​ក៏​ដោយ​ឲ្យតែ​គេអាច​រក​បានអតិថិជនច្រើន។

ការពិត ៖ គេ​មិន​ត្រូ​វ​​រំពឹង​ទុក​តែ​លើ​ចំនួន​អតិថិ​ជន​ទេ​សំខាន់​គេ​នឹង​ទិញ​អ្នក​បាន​ប៉ុណ្ណា។ អ្នក​ដែល​ដើរ​ចូល​មក​ក្នុង​ហាង​របស់អ្នក​ច្រើន​ក៏​មិន​ប្រាកដ​ថា​គេ​នឹង​ទិញ​អ្នកនោះទេ​។ កាលណា​អ្នក​រក​បាន​អតិថិជន​​ដែល​មាន​គុណវឌ្ឍិ​គ្រប់គ្រាន់​នោះការ​លក់​របស់អ្នក​ក៏​កើន​តាម​នោះដែរ។ ផ្ទុយមកវិញ​បើអ្នក​គិតតែ​ពីបរិមាណ​របស់​អតិថិជន​ពេក​នាំឲ្យ​តំហែរក្សា​និង​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​គ្រប់គ្នា​ថយ​ចុះ​ដែល​នាំឲ្យ​បាត់​បង់​ទាំង​អតិថិ​ជន​ដែល​មាន​បំណង​ទិញ​ឬ​ប្រើប្រាស់​សេវាកម្ម​របស់អ្នកពិត​ប្រាកដដែរ។ វាបណ្តាល​ឲ្យ​អ្នក​ខាតបង់ថវិកា​ ខាតទាំងពេលវេលា​ថែមទៀតព្រោះ​អ្នក​រវល់​តែ​រត់​តាមអតិថិជន​។

ទី២. មនុស្ស​ដែល​ពូកែ​និយាយតាំងពី​កំណើត​គឺ​ជា​អ្នក​លក់​ដ៏​ពូកែ

គេ​គិត​ថាមនុស្សដែល​ពូកែនិយាយ​តាំងពី​កំណើត​ងាយ​នឹង​ស្គាល់​គេ​បាន​ច្រើន ពូកែ​បញ្ចុះ​បញ្ចូល និង​ងាយ​ទទួលបាន​ការ​ទិញ​ពី​អតិថិជន។

ការពិត ៖ ជំនាញ​លក់​គឺ​ជា​ជំនាញ​​ដែល​អ្នកណាៗ​អាច​រៀនសូត្រ​និង​អភិវឌ្ឍបានវា​អាស្រ័យ​លើមនុស្ស​ម្នាក់ៗ​។ មិន​ប្រាកដ​ថា​អ្នក​ដែល​ពូកែ​និយាយ​សុទ្ធតែ​ពូកែ​លក់ទេ។ មនុស្ស​​ដែល​ពូកែ​និយាយ​គឺ​ងាយនឹង​ធ្វើឲ្យ​មាន​កំហុស​បំផុត។​ ជួនកាល​អ្នកដែល​ពូកែ​និយាយ​គឺងាយ​ធ្វើ​ឲ្យ​អតិថិជន​មិន​សូវ​មានទំនុកចិត្តទៀត​ផង។

ទី​៣. បើអ្នក​បង្កើន​ជំនាញ​នៃ​ការលក់​ អ្នក​នឹង​បង្កើនលទ្ធផល​នៃ​ការលក់

ការពិត ៖ ដើម្បី​បង្កើន​លទ្ធផល​នៃ​កា​រលក់​អ្នក​ត្រូវ​ផ្តោត​អារម្មណ៍​លើ​ការការបង្កើន​ជំនាញ​លក់​​ហើយ​អ្នក​ត្រូវ​ប្រើគំនិត​​និង​ជំនឿចិត្ត​ខិតខំ​ប្រឹងប្រែង។ កាលណា​អ្នកមាន​ជំនាញ​លក់​និង​ការខំ​ប្រឹងប្រែង​ហើយ​នោះ​លទ្ធផល​នៃ​ការលក់​របស់អ្នក​ក៏កើន​ទៅតាម​ហ្នឹង​ដែរ។

ទី៤. ផ្តោតលើ​ការ​ដណ្តើមបាន​ការទិញ​ពី​អតិថិជន

អ្នក​លក់​តែង​ប្រើវិធីសាស្ត្រ​បញ្ចុះ​បញ្ចូល​បែប​ណា​ឲ្យ​តែ​គេ​អាចឲ្យ​អតិថិជន​ទិញ​យក​ផលិតផល​របស់គេទៅ​ប្រើ។

ការពិត ៖ ផ្តោតលើ​ការជួយ​អតិថិ​ជន​ឲ្យ​បានអ្វី​ដែល​គេ​ចង់បាន។ មនុស្ស​មិន​ចូល​ចិត្ត​អារម្មណ៍​ដែល​ត្រូវ​បានគេ​លក់ឲ្យនោះ​ទេ។ កាលណា​គេ​ដឹង​ថា​អ្នក​កំពុង​បញ្ចុះ​បញ្ចូល​គេឲ្យទិញ​អ្វី​មួយ​នោះ​គេ​នឹង​មិនព្រម​ស្ដាប់អ្នក ស្ដាប់​ទាំង​មិន​យកចិត្តទុកដាក់ ឬមួយក៏គេ​ប្រញាប់​បញ្ចប់ការ​សន្ទនា​នោះភ្លាម។ ប៉ុន្តែ​បើ​អ្នក​ព្យាយាមជួយគេ​វិញ​ចង់ឬ​មិន​ចង់​ក៏គេ​អាចនៅ​ស្ដាប់អ្នក​បន្តិចដែរ។ ឧទាហរណ៍ថា​អ្នក​លក់​ផលិតផល​ថែរក្សាផ្ទៃ​មុខ​ហើយ​អ្នក​បានដើរចូល​ទៅក្នុង​ចំណោមមនុស្ស​មួយក្រុម​បន្ទាប់មក​អ្នកអធិប្បាយ​ពីការបំបាត់បញ្ហានៅលើ​មុខ​នោះគេ​នឹង​នៅ​ស្ដាប់​អ្នក​តែ​បើអ្នកគិតតែ​និយាយផ្សព្វផ្សាយ​​ពីផលិតផល​របស់អ្នក​នោះ​គេ​នឹង​មិនសូវ​ចង់​ស្ដាប់អ្នកឡើយ។

ទី៥. ការលក់​គឺ​ឡើងចុះ​ចៀសមិនផុត

គេ​ជឿ​ថាការលក់​តែង​មានឡើង​មានចុះ​ដោយ​កត្តា​ផ្សេងៗដូចជាសេដ្ឋកិច្ច​ ចំណូលចិត្ត ភាព​ទាន់សម័យ​ជាដើម។ ​គេគិត​ថា​ការ​លក់​មានតិច​មាន​ច្រើនគឺ​ជា​រឿង​ធម្មតាទៅហើយ។

ការពិត ៖​ ការលក់​នឹង​មាន​ឡើង​មានចុះ​បើ​អ្នក​មិន​បាន​កំណត់គោលដៅ​ច្បាស់លាស់។ គោលដៅ​គឺ​សំខាន់​ណាស់​សម្រាប់អ្នកលក់។ វា​នឹង​ឲ្យ​ផែនទី​សម្រាប់អ្នក​លក់​ថា​ទីណា​ដែល​គេគួរ​ទៅ​ហើយ​ត្រូវ​រក​វិធី​ណា​ខ្លះ​ដើម្បី​សម្រេចគោលដៅ​ដែល​គេ​គ្រោងទុក។ បើគេ​មិន​មាន​គោលដៅ​ទេ​នោះ​វា​មិន​ប្លែក​ឡើយ​ដែល​គេ​ជឿថា​វាឡើង​ចុះ​ដោយ​មិន​រកវិធី​សាស្ត្រ​មក​ដោះស្រាយ។

ទី៦. អាជីព​ជា​អ្នក​លក់​គឺ​ជា​អាជីព​ដែលមិន​រីក​ចម្រើន​និង​មិន​ងាយ​មានឱកាស​ឡើង​ដំណែង

គេ​គិត​ថា​ការ​ធ្វើជា​អ្នក​លក់គឺ​មិន​ងាយ​នឹង​អាចប្តូរ​ដំណែងឡើយនិង​​ជា​ការងារ​ដែល​នឿយហត់​និង​តូចតាចតែ​ប៉ុណ្ណោះ។
ការពិត ៖ សហគ្រិន​ល្បី​ៗជា​ច្រើន​សុទ្ធតែធ្លាប់​ជា​អ្នក​លក់។ ដូច​ដែល​យើង​ដឹង​ស្រាប់​ថា​អតិថិជន​គឺ​ជា​ប្រភព​ចំណូល​របស់​ក្រុមហ៊ុន​ហេតុនេះ​បើអ្នក​មិន​ចេះ​លក់​ឲ្យអតិថិជន​ទេ​អ្នក​នឹង​មិន​អាច​ស្វែង​រក​ចំណូលពីអតិថិជន​បានឡើយ។

ទី៧. អ្នកលក់គឺ​ជា​មនុស្ស​ដែល​មិន​មាន​ភាព​ស្មោះត្រង់

គេគិត​ថា​ការលក់​គឺ​ភាគច្រើននិយាយពន្លើសហួសពីការពិត​​និង​ប្រើ​​វិធី​បោកប្រាស់​ដើម្បីទទួលបាន​ការទិញ​ពី​អតិថិជន។

ការពិត ៖ ប្រយោគខាងលើ​អាចថា​ត្រូវពាក់កណ្តាល​ខុសកណ្តាល។ អ្នក​លក់​និយាយ​មិនពិត​ដើម្បី​ឲ្យអ្នក​ទិញ​ជឿ​ប៉ុន្តែ​សម័យ​នេះ​បច្ចេកវិទ្យា​រីក​ចម្រើនហើយ​ព័ត៌មាន​ត្រូវបាន​ចែករំលែក​យ៉ាង​ឆាប់រហ័ស​និង​មាន​គ្រប់ទីកន្លែង។ ​ហេតុ​នេះ​ការ​និយាយ​កុហកគឺមិន​ងាយ​ស្រួល​សម្រាប់​អ្នក​លក់ទៀតឡើយ។ ដូចនេះ​ពួកគេ​ក៏​​មិន​មែន​មាន​ន័យ​ថា​សុទ្ធ​តែ​ប្រើវិធី​មិន​សមរម្យ​តាម​ក្រម​សីលធម៌​បោកប្រាស់​អតិថិជន​ទៀតទេ។ មួយវិញទៀត​វាមិន​ខុសទេ​ដែលការងារ​ពួកគេ​ត្រូវ​ជម្រុញ​ការលក់ និង​ធ្វើឲ្យ​អតិថិជន​ទិញ​ផលិតផល​របស់គេ​ដោយ​ប្រើទាំងជំនាញ​លក់​ ការធ្វើទីផ្សារ និង​Brandingបញ្ចូលគ្នា​។

ទី៨. ការលក់​ជា​ការងារ​ដែល​ស្មុគស្មាញមានសម្ពាធ​ច្រើន

ការពិត ៖ វាជាការពិត​ប្រសិនបើ​អ្នក​មិនមានកុំព្យូទ័រ ទូរស័ព្ទ​​ដើម្បីទំនាក់ទំនង​ជាមួយអតិថិជនទេ។ កុំព្យូទ័រ​នឹងជួយ​បញ្ចៀស​បញ្ហា​ឲ្យអ្នក​បានយ៉ាង​ច្រើន​ទាក់ទង​នឹង​ឯកសារផ្សេងៗ ទិន្នន័យ​របស់អតិថិជន ការ​តាមដានដំណើរ​ការ​នៃការទិញ​របស់អតិថិជនជាដើម។ មួយវិញទៀត​អ្នក​អាច​ទាក់ទងជា​មួយអតិថិជន​ដោយ​ប្រើទូរស័ព្ទដោយវា​មិនខាតពេលវេលា​ទាំងអ្នកលក់​និងអតិថិជន។

 

Previous articleដំបូន្មាន​ពី​​មហាសេដ្ធី​ចេក​ម៉ាសម្រាប់​អ្នក​ចង់​បាន​ចំណូល​ខ្ពស់​នា​ពេល​អនាគត​
Next articleរបៀបវិភាគ SWOT
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។