spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងឈ្វេងយល់ពី យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ (clickbait)

ឈ្វេងយល់ពី យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ (clickbait)

-

យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញនេះ ជាយុទ្ធសាស្រ្តទីផ្សារមួយ ដែលអាចទាញចំណាប់អារម្មណ៍មនុស្សឱ្យចង់ចុចចូលមើលនូវអ្វីដែលបានផ្សព្វផ្សាយ ដោយគ្រាន់តែឃើញចំណងជើង ហើយយុទ្ធសាស្រ្តនេះ បើយើងសរសេរជាភាសាអង់គ្លេសវិញ គឺ “clickbait” ។

បើយោងតាមគេហទំព័រ www.searchenginejournal.com បានឱ្យដឹងថា តាមការសិក្សាថ្មីនៅឆ្នាំ 2017 ដោយវិភាគលើចំណងជើងអត្ថបទ បានរកឃើញថាចំណងជើងជាច្រើនដែលមានឃ្លាចាប់ផ្តើម “clickbait” បង្កើតការចូលរួមច្រើនបំផុត ហើយភាគច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។

តើអ្វីជា Clickbait ?

clickbait សំដៅលើការអនុវត្តនៃការសរសេរចំណងជើងដែលនាំឱ្យមានការយល់ច្រឡំឬដើម្បីបំភាន់ដើម្បីទាក់ទាញការចុចលើមាតិកាណាមួយ។ ជារឿយៗ វាពឹងផ្អែកលើការអះអាងបំផ្លើសឬការចាកចេញពីព័ត៌មានសំខាន់ៗដើម្បីលើកទឹកចិត្តឱ្យមនុស្សចាប់ផ្ដើមធ្វើសកម្មភាពចុចចូលមើល។ ហើយ Clickbait ទទួលបានជោគជ័យ ដោយសារតែខ្លឹមសារតែងតែធ្វើតាមរូបមន្ត ដោយវាទុកឱ្យអ្នកអានមានការងឿងឆ្ងល់ ព្រមទាំងប្រើពាក្យគន្លឹះមិនច្បាស់ តារាល្បី ឬមនុស្សដែលមានទេព្យកោសល្យខ្លាំងពូកែដែលគេស្គាល់ដើម្បីទាក់ទាញការចាប់អារម្មណ៍។ ជារឿយៗយើងអាចឃើញការចុចដោយសារភាសាដែលមានប្រតិកម្មខ្លាំងដែលគេបានប្រើនៅក្នុងចំណងជើងរបស់វា។

ផលវិបាក បើអ្នកប្រើ Clickbait ក្នុងផ្លូវខុស

Clickbait គឺល្អបំផុតសម្រាប់បង្កើនអត្រាអ្នកចុចចូលមើលមាតិកាបង្ហោះនានា ប៉ុន្តែអ្នកទំនងជាទុកឱ្យអ្នកអានមានអារម្មណ៍ថា បានចាញ់បោកគេ។ ប្រសិនបើអ្នកបន្តប្រើចំណងជើងបែបទាក់ទាញការចុចចូលមើល ហើយធ្វើឱ្យអ្នកអានមានការយល់ច្រលំ ដោយនៅពេលចុចចូលមើល បែរជាចំណងជើង និងខ្លឹមសារអត្ថបទទាំងមូលខុសគ្នាស្រឡះទៅវិញ ដោយខ្លឹមសារហាក់បីដូចជាគ្មានឥតន័យ គ្មានការផ្ដល់ជាគុណប្រយោជន៍ដល់អ្នកអានសោះ។ ទាំងនេះ នឹងអាចធ្វើឱ្យខូចភាពជឿជាក់របស់ម៉ាកយីហោរបស់អ្នក ហើយអ្នកអានអាចចាប់ផ្តើមជឿជាក់ថាខ្លឹមសារដែលអ្នកកំពុងផ្តល់ គឺមិនមានតម្លៃទេ ប៉ុន្តែត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានសកម្មភាពច្រើនក្នុងការចុចចូលមើលដើម្បីទទួលបានផលប្រយោជន៍នានា។ បន្ទាប់មក អ្នកនឹងបាត់បង់ទំនុកចិត្តពីទស្សនិកជនបន្ដិចម្ដងៗមិនខាន។

តើអ្វីជា Clickbait headline ?

Clickbait headline បើនិយាយជាភាសាខ្មែរគឺការសរសេរចំណងជើងបែបទាក់ទាញចំណាប់អារម្មណ៍ឱ្យមនុស្សចង់ចុចចូលមើលឬចំណងជើងបែប Clickbait។ ជាទូទៅ Clickbait headline មានភាពមិនច្បាស់លាស់ ប៉ុន្ដែបញ្ជាក់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អ្នកអាននិងទាក់ទាញអារម្មណ៍មនុស្សបានខ្លាំង។

គុណប្រយោជន៍ បើអ្នកប្រើ Clickbait ក្នុងផ្លូវត្រូវ

ដើម្បីទទួលបានផលប្រយោជន៍ច្រើនពីការប្រើ Clickbait ចូរធ្វើឱ្យចំណងជើងបែប Clickbait មិនចាំបាច់បញ្ឆោតដល់ទស្សនិកជនរបស់អ្នកទេ ប៉ុន្តែអ្នកអាចផ្ដោតលើខ្លឹមសារដ៏មានតម្លៃដើម្បីផ្ដល់ដល់ទស្សនិកជន ដោយទាំងចំណងជើងក៏ទាក់ទាញ ហើយខ្លឹមសារក៏ល្អ ខណៈពេលដែលអ្នកបានធ្វើតាមច្បាប់នៃClickbait។ នេះហើយជាមូលហេតុដែលទោះបីជាការចុចចូល  (Clickbait) ត្រូវបានគេចាត់ទុកថាជាការផ្សាយពាណិជ្ជកម្មមិនពិតក៏ដោយ វាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺវានៅតែអាចជាការពិត និងមានគុណប្រយោជន៍ខ្លាំង តាមរយៈខ្លឹមសារនៃការបង្ហោះរបស់អ្នក។

ចំណងជើង នៃការប្រើ Clickbait

ចំណងជើងដែលចាប់ផ្ដើមចំណុចដំបូងនៃការប្រើ Clickbait មានច្រើនរាប់មិនអស់ ប៉ុន្តែខាងក្រោមនេះ ជា Clickbait headline​ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតនោះ រួមមាន៖

  1. ហេតុអ្វីអ្នកគួរ……
  2. វិធីដោះស្រាយ……
  3. បញ្ជីឈ្មោះល្អបំផុត……
  4. ការណែនាំចុងក្រោយដ៏ល្អដើម្បី……
  5. …ហេតុផលដែល……
  6. រឿង/ចំណុច/ល្បិច….ដែលអ្នកមិនធ្លាប់មិនបានដឹង
  7. … គន្លឹះ……ដែលអ្នកត្រូវដឹង
  8. នេះនឹងធ្វើឱ្យអ្នក……
  9. អ្នកជំនាញឈានមុខបង្ហាញអាថ៌កំបាំងដ៏ធំបំផុត……
  10. ស្វែងយល់ពីអ្វីដែលបានកើតឡើងបន្ទាប់ពី……
  11. ….វិធីដើម្បីពង្រឹង….របស់អ្នក
  12. អាថ៌កំបាំង …… ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត

សង្ខេបរួម

យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ (Clickbait) ជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលទទួលបានជោគជ័យបំផុត ប៉ុន្តែក៏អាចធ្វើឱ្យម៉ាកយីហោរបស់អ្នកខូចខាតផងដែរប្រសិនបើធ្វើខុស។

តើធ្វើបែបណា ទើបដឹងថា ធ្វើខុស? បើយោងតាមគេហទំព័រ neilpatel.com បានឱ្យដឹងថា គោលការណ៍របស់ Google បានហាមឃាត់ រាល់ការផ្សាយពាណិជ្ជកម្មដែលប្រើយុទ្ធសាស្រ្ត clickbait ឬអត្ថបទ ឬរូបភាពដើម្បីតែទាក់ទាញចំណាប់អារម្មណ៍ និងមានសកម្មភាពចុចចូលច្រើន ហើយការហាមឃាត់នោះ រួមមាន៖

  • ការផ្សាយពាណិជ្ជកម្មដែលអះអាងថាលាតត្រដាងអាថ៌កំបាំងឬព័ត៌មានទាក់ទាញផ្សេងទៀត
  • ការផ្សាយពាណិជ្ជកម្មដែលប្រើពាក្យដូចជា“ ចុចទីនេះដើម្បីស្វែងយល់បន្ថែម…” ឬ“ អ្នកនឹងមិនជឿថាមានអ្វីកើតឡើងបន្ទាប់ទៀតទេ…”
  • ការផ្សាយពាណិជ្ជកម្មដែលប្រើរូបភាពផ្លាស់ប្តូរឬរូបថតគ្រោះមហន្តរាយ
  • ការផ្សាយពាណិជ្ជកម្មដែលប្រើរូបថត“ មុននិងក្រោយ” បង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរាងកាយមនុស្ស
  • ការផ្សាយពាណិជ្ជកម្មដែលប្រើព្រឹត្តិការណ៍អវិជ្ជមាន ដូចជាការស្លាប់ ជំងឺឬគ្រោះមហន្តរាយដើម្បីបង្ហាញពីសកម្មភាពទៅកាន់អ្នកមើល

ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏មានដំណោះស្រាយ 2 យ៉ាង ដើម្បីទទួលបានភាពជោគជ័យលើការប្រើ Clickbait ដែរ រួមមាន៖

ទី1. ត្រូវតែសរសេរចំណងជើងនិងខ្លឹមសារគួរឱ្យទាក់ទាញអារម្មណ៍ ហើយមានភាពស្មោះត្រង់ដែលគួរជាទីជឿជាក់បាន

ទី2. កុំធ្វើឱ្យទស្សនិកជនរបស់អ្នកមានការខកចិត្ត នៅពេលចុចអានអត្ថបទឬចុចមើលវីដេអូផ្សព្វផ្សាយរបស់អ្នក

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ