ឈ្វេងយល់ពី  Market Research

108
ឈ្វេងយល់ពី  Market Research

Market Research បកជាភាសាខ្មែរថា “ការស្រាវជ្រាវទីផ្សារ” ដោយវាសំដៅលើដំណើរការដែលក្រុមហ៊ុនប្រមូលព័ត៌មានអំពីទីផ្សារគោលដៅ និងអតិថិជនសក្ដានុពលដើម្បីវាយតម្លៃលទ្ធភាពនៃផលិតផល ឬសេវាកម្មថ្មីដែលអាចបំពេញតម្រូវការទីផ្សារ និងផ្ដល់នូវអ្វីដែលអតិថិជនចង់បាន ព្រមទាំងអាចដំណើរការអាជីវកម្មបានប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ ការស្រាវជ្រាវទីផ្សារ ក៏ជាវិធីដ៏ល្អមួយដើម្បីឈ្វេងយល់បន្ថែមអំពីឧស្សាហកម្មរបស់អ្នក ស្វែងរកអ្វីដែលអ្នកមិនបានពិចារណាអំពីអាជីវកម្មផ្ទាល់ខ្លួន ហើយអាចបញ្ចូលអាជីវកម្មទៅក្នុងនិន្នាការនៃតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទទួលបានគំនិតអំពីអ្វីដែលអនាគតអាចនឹងកើតឡើង។

ឈ្វេងយល់ពីគោលបំណងនិងប្រភេទនៃការស្រាវជ្រាវទីផ្សារបន្ថែមទៀតតាមតំណភ្ជាប់នេះ៖ https://kumnit.com/%E1%9E%8F%E1%9E%BE%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%87%E1%9E%B6-market-research/

ហេតុអ្វីត្រូវធ្វើ Market Research មុនចាប់ផ្ដើមអាជីវកម្ម?

ការដែលមានគំនិតក្នុងការចាប់ផ្ដើមអាជីវកម្ម វាជារឿងល្អ ហើយបើអ្នកមានលទ្ធភាពក្នុងការដំណើរការអាជីវកម្មទៀត វាកាន់តែជារឿងល្អ ប៉ុន្តែអ្វីដែលអ្នកមិនអាចមើលរំលងមុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវតែស្រាវជ្រាវទីផ្សារជាមុនសិន ពីព្រោះមិនប្រាកដថា មានគំនិតអាជីវកម្ម និងមានលទ្ធភាពក្នុងការដំណើរការអាជីវកម្ម ដឹងតែជោគជ័យនោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកមានចំណេះដឹងផ្សេងៗទៀតដើម្បីរួមផ្សំគ្នា ហើយក្នុងនោះក៏មានការធ្វើ Market Research ផងដែរ។ ដូច្នេះសំណួរសួរថា ហេតុអ្វីត្រូវធ្វើការស្រាវជ្រាវទីផ្សារមុនចាប់ផ្ដើមអាជីវកម្ម? ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលឆ្លើយតបនឹងសំណួរនេះ ហើយក៏ជាអ្វីដែលអ្នកចាំបាច់ត្រូវតែដឹងផងដែរ។

1. អាចកំណត់អត្តសញ្ញាណអតិថិជនសក្ដានុពល

នៅពេលចាប់ផ្ដើមអាជីវកម្ម គឺទាមទារឱ្យអ្នកស្គាល់ច្បាស់ថាអតិថិជនសក្ដានុពលរបស់អ្នកគឺជានរណា​? នៅទីណា? ដូច្នេះដើម្បីដឹង អ្នកត្រូវតែបង្កើតសំណួរសួរមកកាន់ខ្លួនឯង ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវបន្ថែម។ សំណួរទាំងនោះ រួមមាន៖

  • តើអ្នកណានឹងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក?
  • តើអ្នកនឹងផ្ដោតលើអតិថិជនជាមនុស្សស្រី ឬមនុស្សប្រុស?
  • តើអតិថិជនរបស់អ្នកមានអាយុចាប់ពីប៉ុន្មានឆ្នាំ?
  • តើអតិថិជនរបស់អ្នកភាគច្រើនរស់នៅទីណា?
  • តើកម្រិតប្រាក់ចំណូលរបស់អតិថិជនរបស់អ្នកបែបណា (ប្រាក់ចំណូលខ្ពស់ ឬមធ្យម ឬទាប)?
  • តើអតិថិជនរបស់អ្នកមានស្ថានភាពគ្រួសារបែបណា (នៅលីវ ឬរៀបការរួច)?
  • តើអតិថិជនរបស់អ្នកមានចំណង់ចំណូលចិត្តបែបណា?
  • តើអតិថិជនគោលដៅរបស់អ្នកចង់បានអ្វី ឬមានតម្រូវការអ្វី?
  • និងសំណួរផ្សេងៗទៀតដែលអ្នកអាចបង្កើតឡើង ហើយចាប់ផ្ដើមប្រមូលព័ត៌មានអំពីអតិថិជនរបស់អ្នក។

ធ្វើបែបនេះ អ្នកនឹងកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីអតិថិជនសក្ដានុពលរបស់អ្នក ហើយអ្នកអាចកំណត់បានយ៉ាងជាក់លាក់ថា តើអតិជនគោលដៅរបស់អ្នកគឺជានរណា?

2. បានស្គាល់អតិថិជនដែលមានស្រាប់

ចំណុចនេះ វាស្រដៀងនឹងចំណុចទីមួយដែរ គ្រាន់តែនៅក្នុងចំណុចនេះ ចង់ឱ្យអ្នកបានដឹងបន្ថែមទៀតថា ប្រភេទអាជីវកម្មរបស់អ្នកក៏កំពុងតែមានអ្នកត្រូវការមួយចំនួនដែរ ឬអាចនិយាយបានថា ផលិតផលឬសេវាកម្មរបស់អ្នកគឺមានទីផ្សារស្រាប់ក្រោយពីបានធ្វើ Market Research ដូច្នេះអ្នកត្រូវតែគិតពិចារណានិងស្រាវជ្រាវបន្ថែមទៀត ដោយអមជាមួយនឹងសំណួរខាងក្រោម៖

  • ហេតុអ្វីអតិថិជនដែលមានស្រាប់នោះ គួរតែជ្រើសរើសផលិតផលរបស់អ្នក?
  • តើអតិថិជនរបស់អ្នក អាចប្រើផលិតផលរបស់អ្នកដោយរបៀបណា?
  • តើផលិតផលរបស់អ្នក អាចដោះស្រាយបញ្ហាប្រឈមដោយរបៀបណា?
  • តើអ្នកណា ឬអ្វីមានឥទ្ធិពលលើការសម្រេចចិត្តទិញរបស់ពួកគេ?
  • តើអតិថិជនរបស់អ្នកចូលចិត្តធ្វើអ្វីក្នុងពេលទំនេរ មើលអ្វី និងអានអ្វី?
  • និងអាចបង្កើតសំណួរផ្សេងទៀត ដើម្បីឆ្លើយតបនឹងការបំពេញចិត្ត ឬទាក់ទាញអតិថិជនដែលមានស្រាប់នោះ មកជឿជាក់ និងសម្រេចចិត្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក។

ចូរឈ្វេងយល់ពីរបៀបដែលអតិថិជនដែលមានស្រាប់ប្រើប្រាស់ផលិតផលរបស់អ្នក ក៏ដូចជាបញ្ហាប្រឈមអ្វីខ្លះដែលផលិតផលឬសេវាកម្មរបស់អ្នកអាចដោះស្រាយបាន។ ធ្វើបែបនេះ នឹងជួយឱ្យអ្នកអាចកែលម្អផលិតផលឬសេវាកម្មឱ្យមានភាពល្អប្រសើរ និងអាចកំណត់ឱកាសក្នុងការលក់បន្តជាមួយអតិថិជនដែលមានស្រាប់។

3. កំណត់គោលដៅជាក់ស្តែងសម្រាប់អាជីវកម្មរបស់អ្នក

ក្រោយពីបានប្រមូលព័ត៌មានអំពីអតិថិជនសក្ដានុពល និងអតិថិជនដែលមានស្រាប់រួចហើយ នោះអ្នកនឹងអាចប្រើទិន្នន័យនោះដើម្បីកំណត់គោលដៅដែលអាចសម្រេចបាន និងគោលដៅដែលអាចកំណត់បានតាមភាពជាក់ស្តែងក្នុងការកែលម្អជាបន្តបន្ទាប់នៅក្នុងអាជីវកម្ម និងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសន្ទុះនៅក្នុងទីផ្សារជាក់ជាមិនខាន។

4. អាចបង្កើតឱកាសពង្រីកអាជីវកម្មរបស់អ្នក

ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកដើម្បីកំណត់តំបន់ណាមួយជាក់លាក់សម្រាប់ការពង្រីកអាជីវកម្មរបស់អ្នក ព្រមទាំងអាចផ្តល់ឱកាសដើម្បីសាកល្បងទីផ្សារក្នុងការកំណត់ថាតើមានកន្លែងសម្រាប់ផលិតផលឬសេវាកម្មថ្មីឬទេ? លើសពីនេះ អ្នកក៏អាចធ្វើការស្រាវជ្រាវទីផ្សារដើម្បីស្វែងរកទីតាំងល្អបំផុតដើម្បីបើកហាងថ្មី ឬក្រុមហ៊ុនថ្មីរបស់អ្នក។

5. កាត់បន្ថយហានិភ័យនៃភាពបរាជ័យ

នៅពេលធ្វើការស្រាវជ្រាវទីផ្សារ វានឹងជួយអ្នកឱ្យដឹងថាការអនុវត្តន៍សកម្មភាពអ្វីខ្លះដែលនឹងនាំឱ្យអ្នកទទួលរងនូវផលប៉ះពាល់ ឬអាចប្រឈមមុខនឹងភាពបរាជ័យ ដូច្នេះវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការសម្រេចចិត្តថា នឹងត្រូវធ្វើសកម្មភាពអ្វីខ្លះសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មីរបស់អ្នក។ លើសពីនេះ ការស្រាវជ្រាវទីផ្សារ ក៏អាចធ្វើឱ្យអ្នកដឹងពីវិធីឬបង្ហាញពីភស្តុតាងសំខាន់ៗមួយចំនួនក្នុងការធ្វើសកម្មភាពឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នកផងដែរ។

6. យល់ដឹងពីការប្រកួតប្រជែងរបស់អ្នក

ការស្រាវជ្រាវទីផ្សារ នឹងជួយបង្ហាញអ្នកឱ្យស្គាល់ថានរណាជាដៃគូប្រកួតប្រជែងរបស់អ្នក ហើយពួកគេភាគច្រើនស្ថិតនៅទីតាំងកន្លែងណា។ លើសពីនេះ វាក៏ជួយឱ្យអ្នកបានដឹងទៀតថា ការរចនាផលិតផល សេវាកម្ម ការកំណត់តម្លៃ និងទីផ្សារប្រកួតប្រជែងរបស់អ្នកនឹងអាចជះឥទ្ធិពលដែលធ្វើឱ្យអ្នករងនូវផលប៉ះពាល់កម្រិតណា។ ម្យ៉ាងទៀត តើអាជីវកម្មរបស់អ្នកនឹងអាចទទួលបានចំណែកទីផ្សារឬទេ? ហើយអាជីវកម្មរបស់អ្នកអាចទាញយកការប្រកួតប្រជែងនៅលើទីផ្សារនោះ មកកែច្នៃដើម្បីធ្វើឱ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែង និងបំពេញតម្រូវការមនុស្សបែបណា។ល។

ជារួមមក ការធ្វើការស្រាវជ្រាវទីផ្សារមុនពេលចាប់ផ្ដើមអាជីវកម្ម នឹងជួយឱ្យអ្នកទទួលបាននូវព័ត៌មានជាក់លាក់ជាច្រើនលើសពី6ចំណុចដែលបានលើកឡើងខាងលើ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ ហើយការស្រាវជ្រាវទីផ្សារនេះដែរ នឹងធ្វើឱ្យអ្នកកាន់តែមានភាពច្បាស់លាស់ក្នុងការចាប់ផ្ដើម ព្រមទាំងចាប់ផ្ដើមអាជីវកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដោយមិនបារម្ភថា នៅពេលបើកអាជីវកម្មគ្មាននរណាគាំទ្រ គ្មានទីផ្សារ ជ្រើសរើសទីតាំងខុស ធ្វើយុទ្ធសាស្រ្តទីផ្សារខុសគោលដៅ មិនដឹងលក់ឱ្យនរណា ។ល។

មុនពេលស្រាវជ្រាវទីផ្សារ តើយើងត្រូវធ្វើអ្វីខ្លះ?

ដើម្បីអាចធ្វើឱ្យការស្រាវជ្រាវទីផ្សាររបស់អ្នកមានដំណើរល្អ និងមានប្រសិទ្ធភាពខ្ពស់ មុននឹងចាប់ផ្ដើមស្រាវជ្រាវទីផ្សារអ្នកត្រូវតែអនុវត្តន៍តាមវិធីខាងក្រោម៖

1. កំណត់គោលបំណងនៃការស្រាវជ្រាវទីផ្សាររបស់អ្នក

អ្នកត្រូវដឹងឱ្យបានច្បាស់ថា តើអ្នកចង់ដឹងអ្វីខ្លះ? បន្ទាប់មកកត់ត្រានូវរាល់គោលបំណងសំខាន់ៗដែលអ្នកចង់ធ្វើការស្រាវជ្រាវ។ អ្នកត្រូវចងចាំថា ប្រសិនបើអ្នកគញមានគោលបំណងច្បាស់លាស់នោះទេ នោះការស្រាវជ្រាវរបស់អ្នកក៏មិនមានភាពច្បាស់លាស់ដូចគ្នា។

គោលបំណងនៃការស្រាវជ្រាវទីផ្សារ អាចជា៖

  • ចង់ទាក់ទាញវិនិយោគិន
  • ចង់ស្វែងរកគំនិតល្អមួយដើម្បីកែលម្អអាជីវកម្ម
  • ចង់ស្គាល់ការប្រកួតប្រជែងក្នុងអាជីវកម្មរបស់អ្នកឮ
  • ចង់ដឹងពីអ្វីដែលអតិថិជនចង់បាន ឬជាតម្រូវការចាំបាច់របស់ពួកគេ
  • ចង់ដឹងពីផលិតផលឬសេវាកម្មរបស់អ្នក អាចនឹងបំពេញតម្រូវការទីផ្សារបានឬទេ ។ល។
2. សិក្សាពីប្រភេទនៃការស្រាវជ្រាវទីផ្សារ

មុននឹងចាប់ផ្ដើមស្រាវជ្រាវទីផ្សារ អ្នកក៏ត្រូវយល់ដឹងអំពីប្រភេទនីមួយៗនៃការស្រាវជ្រាវទីផ្សារដែរ ហើយអ្នកអាចសិក្សាបន្ថែមបានតាមតំណរភ្ជាប់ ដែលបានបង្ហាញនៅផ្នែកខាងលើនៃអត្ថបទមួយនេះបាន។ ហេតុអ្វីត្រូវសិក្សាប្រភេទរបស់វា? គឺដើម្បីធ្វើឱ្យអ្នកកាន់តែមានគំនិតបន្ថែម ថាត្រូវស្រាវជ្រាវទីផ្សារតាមរបៀបណា? ហើយអ្នកនឹងអាចដឹងថា ត្រូវជ្រើសរើសយុទ្ធសាស្រ្តណាខ្លះក្នុងចំណោមប្រភេទទាំងអស់នៃការស្រាវជ្រាវទីផ្សារ ដើម្បីអនុវត្តន៍។

3. បង្កើតសំណួរដែលអ្នកចង់ដឹងបន្ថែមក្នុងវិស័យរបស់អ្នក

ជាឧទាហរណ៍នៃសំណួរដែលអ្នកអាចបង្កើតបានរួមមាន៖

  • តើទីផ្សារសក្តានុពលរបស់អ្នកមានទំហំប៉ុនណា?
  • តើទីផ្សារនេះអាចរីកចម្រើនបានទេ?
  • តើអ្វីជាលក្ខណៈស្រដៀងនៃផលិតផលសេវាកម្មរបស់អ្នក?
  • តើនរណាជាគូប្រជែងសំខាន់របស់អ្នក?
  • តើ​ចំណែក​ទីផ្សារ​នៃ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកម្នាក់ៗ​មាន​អ្វីខ្លះ?
  • តើមានទីផ្សារពិសេសដែលអ្នកអាចបំពេញបានទេ?
  • តើអ្វីដែលអ្នកអាចបង្កើតឱ្យមានភាពលេធធ្លោដែលអ្នកផ្សេងទៀតមិនទាន់បានបង្កើត?
  • ។ល។