ឈ្វេងយល់លម្អិត អំពីប្រតិបត្តិការអាជីវកម្ម

179
ឈ្វេងយល់លម្អិត អំពីប្រតិបត្តិការអាជីវកម្ម
តើអ្វីជា ប្រតិបត្តិការអាជីវកម្ម?

ការប្រតិបត្តិការអាជីវកម្ម សំដៅទៅលើសកម្មភាពធ្វើអាជីវកម្មប្រចាំថ្ងៃ ដើម្បីបង្កើនគុណតម្លៃសហគ្រាស និងទទួលបានប្រាក់ចំណេញ។

3 ប្រភេទ នៃប្រតិបត្តិការអាជីវកម្ម

  1. អាជីវកម្មផ្ដល់សេវាកម្ម (Service Business)

សំដៅលើក្រុមហ៊ុនដែលលក់សេវាកម្ម ដោយផ្តល់ជូននូវទំនិញអរូបី ផលិតផលដែលមិនអាចមើលឃើញ ឬមិនអាចប៉ះបាន ដូចជាការលក់ធានារ៉ាប់រង កម្មវិធីបណ្ដុះបណ្ដាល និងសេវាកម្មសម្អាតជាដើម។

  1. អាជីវកម្មលក់ផលិតផល (Merchandising Business)

សំដៅលើការលក់សម្លៀកបំពាក់ ម្ហូបអាហារ ឬគ្រឿងអេឡិចត្រូនិច។ ហើយជាទូទៅ សហគ្រាសតែងតែធ្វើជំនួញ ដូចជាការបង្កើតផ្សារទំនើប ហាងលក់គ្រឿងទេស ហាងលក់សម្លៀកបំពាក់ ហាងលក់រថយន្តដោយស្វ័យប្រវត្តិ ហាងលក់សៀវភៅ និងហាងសិប្បកម្មជាដើម។

  1. អាជីវកម្មផលិតកម្ម (Manufacturing Business)

សំដៅលើ ការប្រើវត្ថុធាតុដើម ប្រើកម្លាំងពលកម្ម និងគ្រឿងម៉ាស៊ី នដើម្បីប្រមូលផ្តុំឬបង្កើតទំនិញសម្រេចចុងក្រោយ ហើយក៏ប្រើបច្ចេកវិទ្យាទំនើប និងខ្សែបណ្តាញ ដើម្បីជាជំនួយក្នុងការបង្កើតផលិតផល។

យីហោដែលពេញនិយមបំផុតនៅក្នុងវិស័យនេះ រួមមាន៖

  • Apple (electronics)
  • Nestle
  • Sony
  • Procter & Gamble (consumer goods)

ប្រតិបត្តិការអាជីវកម្មដំបូង ត្រូវដឹងអ្វីខ្លះ?

នៅខាងក្រោមនេះ ជាការណែនាំចំពោះសហគ្រិនថ្មីថ្មោង ស្ដីអំពី ប្រតិបត្តិការអាជីវកម្មដំបូង រួមមាន៖

1. រចនាសម្ព័ន្ធច្បាប់អាជីវកម្ម

ទី1. សហគ្រាសឯកបុគ្គល​ (Sole Proprietorship) ៖ ជាម្ចាស់តែម្នាក់ឯង ដូច្នេះរាល់គណនី កិច្ចសន្យា ទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណទាំងអស់ត្រូវដាក់ឈ្មោះខ្លួនឯង ហើយដើមទុន បំណុល និងរាល់ការគ្រប់គ្រង ត្រួតពិនិត្យផ្សេងៗនៅក្នុងក្រុមហ៊ុន ជាកាព្វកិច្ចរបស់ខ្លួន។ ចំពោះការធ្វើអាជីវកម្មប្រភេទនេះ គ្មានការជាប់ពន្ធនោះទេ ប៉ុន្តែម្ចាស់ ត្រូវទទួលខុសត្រូវលើប្រាក់ចំណេញ និងការខាតបង់ខ្លួនឯង។

ទី2. ក្រុមហ៊ុនសហកម្មសិទ្ធ(Partnership General or Limited)៖

  • ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ៖ គឺជាកិច្ចសន្យារវាងបុគ្គលពីរនាក់ឬច្រើននាក់ ដែលដាក់រួមគ្នានូវ ទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពបុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួមគ្នាក្នុងគោលបំណងរកប្រាក់ចំណេញ។
  • ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត៖ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់​ ឬច្រើននាក់។

ទី3. សាជីវកម្ម ៖ សំដៅលើអាជីវកម្មឬអង្គការដែលបង្កើតឡើងដោយក្រុមមនុស្ស ហើយវាមានសិទ្ធិនិងទំនួលខុសត្រូវដាច់ដោយឡែកពីអ្នកដែលពាក់ព័ន្ធ។

ទី4. ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (Limited Liability Company) ៖ ជាប្រតិបត្តិការអាជីវកម្មដាច់ដោយឡែកនិងអនុញ្ញាតឱ្យវាទទួលបានលេខអត្តសញ្ញាណប័ណ្ណបើកគណនីធនាគារនិងធ្វើអាជីវកម្មទាំងអស់ក្រោមឈ្មោះរបស់ខ្លួន។

2. ប្រតិបត្តិការរូបវ័ន្តអាជីវកម្ម

នៅពេលដែលអ្នកបានបង្កើតរចនាសម្ព័ន្ធស្របច្បាប់សម្រាប់អាជីវកម្មរួចហើយ អ្នកត្រូវគិតអំពីប្រតិបត្តិការអាជីវកម្មទាំងមូលរបស់អ្នក រួមមាន ទីតាំង ដំណើរការ ធនធាន និងឧបករណ៍ផ្សេងៗទៀតដែលអ្នកនឹងត្រូវការចាំបាច់ ដើម្បីយកមកអនុវត្តឱ្យចេញជាផលសម្រេច ដូចជាមានផលិតផលឬសេវាកម្មដ៏ល្អ។

3. បទប្បញ្ញត្តិ និងគោលការណ៍ណែនាំអាជីវកម្ម

ការធ្វើអាជីវកម្មតែងតែមានច្បាប់ និងបទប្បញ្ញត្តិលើគ្រប់ទិដ្ឋភាពនៃការបណ្តាក់ទុនអាជីវកម្មរបស់អ្នក ដូច្នេះត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មស្របច្បាប់ និងជាទីទុកចិត្តដល់អ្នកវិនិយោគិន ថែមទាំងអាចជំនួយដល់ការធ្វើផែនការអាជីវកម្មបានល្អ។

4. ប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្ម

ការធ្វើអាជីវកម្ម រឿងមួយដែលសំខាន់ គឺការរក្សាកំណត់ត្រាគណនេយ្យ ក្នុងគោលបំណងការពារការកេងបន្លំពីអ្នកពាក់ព័ន្ធ និងមានការត្រៀមទុកមុនបានលឿន នៅពេលអ្នកត្រូវការដើមទុនបន្ថែម។ លើសពីនេះ អ្នកអាចគ្រប់គ្រងចំណូល ចំណាយ និងចរន្តសាច់ប្រាក់ទាំងអស់នៅក្នុងក្រុមហ៊ុនបានល្អ។

5. ការគ្រប់គ្រងប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ

ដើម្បីគ្រប់គ្រងប្រតិបត្តិការបាន អ្នកត្រូវអនុវត្តតាមជំហានខាងក្រោម៖

  • ពិនិត្យឡើងវិញនូវការផលិត
  • ពិនិត្យឡើងវិញនូវស្ដង់ដារផលិតកម្ម
  • ពិនិត្យឡើងវិញនូវដំណើរការផលិតផលដើម្បីធ្វើឱ្យបានសម្រេចតាមការរំពឹងទុក
  • ពិនិត្យឡើងវិញនូវការគ្រប់គ្រងទិន្នន័យស្ដុក
  • ពិនិត្យមើលដំណើរការវិក្កយបត្រនិងការប្រមូលប្រាក់

គួរបញ្ជាក់ផងដែរថា ខាងលើនេះ គ្រាន់តែជាមូលដ្ឋាន ជាការណែនាំផ្លូវ ដើម្បីឱ្យម្ចាស់អាជីវកម្មថ្មីថ្មោង គួរយល់ដឹងបន្ថែមលើការធ្វើប្រតិបត្តិការអាជីវកម្ម ដូច្នេះដើម្បីលម្អិតលើអាជីវកម្មដោយពាក់ព័ន្ធក្នុងច្បាប់ ឬលើប្រតិបត្តិការអាជីវកម្មប្រភេទណាមួយ អាចសិក្សាលម្អិតបន្ថែមលើផ្លូវច្បាប់ និងការធ្វើអាជីវកម្មនោះ។