spot_img
spot_img
Homeធុរកិច្ចឈ្វេងយល់អំពី Business Plan

ឈ្វេងយល់អំពី Business Plan

-

Business Plan បកជាភាសាខ្មែរថា “ផែនការអាជីវកម្ម” ហើយវាសំដៅលើឯកសារជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីលក្ខណៈនៃអាជីវកម្ម របៀបចាប់ផ្ដើមអាជីវកម្ម យុទ្ធសាស្ត្រលក់ យុទ្ធសាស្រ្តទីផ្សារ និងប្រវត្តិហិរញ្ញវត្ថុ ព្រមទាំងមានរបាយការណ៍ប្រាក់ចំណេញនិងខាតដែលបានព្យាករណ៍រួច ព្រមទាំងសរសេរបង្ហាញពីអ្វីដែលអាចសម្រេចបានស្របតាមគោលដៅរបស់ក្រុមហ៊ុន។

គោលគំនិតចម្បងមុននឹងអាចបង្កើតផែនការអាជីវកម្មបាន

នៅពេលដែលអ្នកចង់ចាប់ផ្ដើមសរសេរផែនការអាជីវកម្មមួយសម្រាប់ខ្លួនឯងឱ្យបានល្អ អ្វីដែលអ្នកត្រូវតែដឹងនោះគឺថា មុននឹងអាចសរសេរផែនការអាជីវកម្មមួយបានល្អបាន លុះត្រូវតែអ្នកមាន គំនិតអាជីវកម្មដ៏ល្អមួយសិន

គំនិតអាជីវកម្ម សំដៅលើគំនិតដែលអាចប្រើបានដើម្បីបង្កើតប្រាក់ចំណេញ ជាការបង្កើតថ្មីលើអ្វីមួយស្របជាមួយនឹងក្ដីស្រមៃរបស់អ្នកដោយអាចផ្តោតលើផលិតផល ឬសេវាកម្មដែលអ្នកនឹងផ្ដល់ជូនក្រុមមនុស្សគោលដៅក្នុងគោលបំណងណាមួយ។ ដូច្នេះអ្នកត្រូវតែស្វែងរកគំនិតអាជីវកម្មមួយសម្រាប់ខ្លួនឯង ហើយវាជាអ្វីដែលអ្នកចង់ចាប់ផ្ដើមពិតប្រាកដ និងចង់បង្កើតវាឡើងដោយក្ដីស្រលាញ់។ បន្ទាប់ពីអ្នកអាចមានគំនិតអាជីវកម្មហើយ នោះអ្នកអាចចាប់ផ្ដើមសរសេរផែនការអាជីវកម្មបានហើយ។

ផ្នែកសំខាន់ៗក្នុងផែនការអាជីវកម្ម

នៅពេលដែលអ្នកចាប់ផ្ដើមសរសេរផែនការអាជីវកម្ម ចូរកុំរំលងនូវផ្នែកសំខាន់ៗដូចខាងក្រោមដើម្បីដាក់បញ្ចូលក្នុងផែនការរបស់អ្នក។ នេះបើយោងតាមគេហទំព័រ Forbes

1. ការសង្ខេបនៃការប្រតិបត្តិនៅក្នុងក្រុមហ៊ុន

ផ្នែកនេះជាការសរសេររៀបរាប់អំពីក្រុមហ៊ុនជាលក្ខណៈសង្ខេប ហើយក៏ទាមទារឱ្យអ្នកសរសេរដោយមានការប្រុងប្រយ័ត្នផងដែរ។ ការសរសេរសង្ខេបនេះ អ្នកត្រូវតែសរសេរបង្ហាញអំពី៖

  • ពិពណ៌នាថាក្រុមហ៊ុនរបស់អ្នកជាអ្វី
  • ទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុន
  • ផ្ដោតលើផលិតផល ឬសេវាកម្មអ្វី
  • អ្វីដែលក្រុមហ៊ុនរបស់អ្នកនឹងផ្ដល់ជាដំណោះស្រាយដល់អតិថិជន
  • អ្វីដែលអ្នកវិនិយោគចង់ដឹង និងចង់បាន
  • អ្វីដែលទាក់ទាញអ្នកអានឱ្យចាប់អារម្មណ៍លើក្រុមហ៊ុន

ជារួមមក អ្នកត្រូវតែសរសេរពិពណ៌នាអំពីក្រុមហ៊ុនរបស់អ្នកលើចំណុចដែលលេចធ្លោនិងគួរទីទាក់ទាញរបស់ក្រុមហ៊ុនដែលជាអ្វីដែលអ្នកចង់បង្ហាញ។  ផ្នែកនេះ គឺស្ថិតនៅក្នុងសេចក្តីថ្លែងការណ៍នៃការចំណុចចាប់ផ្ដើមបន្ទាត់ ដោយពន្យល់អំពីអាជីវកម្មក្នុងប្រយោគមួយ ឬពីរ បន្ទាប់មកទើបបង្ហាញពីទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន។

2. ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន

សំដៅលើការរាយបញ្ជីទំនិញ និងសេវាកម្មដែលក្រុមហ៊ុននឹងផ្តល់ ទីផ្សារដែលវានឹងបម្រើ គោលដៅរយៈពេលខ្លី និងវែងសម្រាប់កំណើន និងប្រវត្តិសង្ខេបនៃការបង្កើតក្រុមហ៊ុន និងការអនុវត្តកន្លងមក។ ជារួមមក ត្រង់ចំណុចនេះ ជាការពន្យល់ពីសន្ទុះណាមួយដែលក្រុមហ៊ុនបានធ្វើរហូតមកដល់បច្ចុប្បន្ន និងផែនការអនាគត។

3. ផលិតផល និងសេវាកម្ម

ផ្នែកនេះអនុញ្ញាតឱ្យអ្នកមានការពន្យល់ពេញលេញបន្ថែមទៀតអំពីប្រភេទទំនិញ ឬសេវាកម្មដែលអាជីវកម្មនឹងលក់ ឬផ្តល់ ដោយពិពណ៌នាលម្អិតពីផលិតផល ឬសេវាកម្មរបស់អ្នក និងគុណសម្បត្តិប្រកួតប្រជែងរបស់អ្នកលើទីផ្សារប្រកួតប្រជែង។ បន្ទាប់មកត្រូវតែធ្វើឱ្យការពិពណ៌នាគួរឱ្យទាក់ទាញបំផុត។

4. ការវិភាគទីផ្សារ

សំដៅលើការបង្ហាញព័ត៌មានលម្អិតអំពីអតិថិជនសក្តានុពលរបស់អ្នក និងបង្ហាញពីការស្រាវជ្រាវ និងចំណេះដឹងដែលក្នុងនាមជាម្ចាស់ក្រុមហ៊ុនបានសិក្សាអំពីទីផ្សារ ដោយពន្យល់ពីរបៀបដែលទីផ្សាររបស់អ្នកកំពុងរីកចម្រើនតាមពេលវេលាកំណត់ជាក់លាក់ និងពន្យល់ពីរបៀបដែលអាជីវកម្មរបស់អ្នកមានទីតាំងដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៅក្នុងឧស្សាហកម្មរបស់អ្នក។

5. យុទ្ធសាស្ត្រ​ទីផ្សារ

ផ្នែកនេះ អ្នកអាចបង្ហាញពីផែនការសម្រាប់បណ្តាញទីផ្សារដែលបានរំពឹងទុកទាំងអស់ រាប់ពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណី រហូតដល់ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ អ្នកក៏ត្រូវបង្ហាញបន្ថែមទៀតអំពីការប្រើប្រាស់កញ្ចប់ថវិកា និងយុទ្ធសាស្រ្តទីផ្សារដែលអ្នកនឹងប្រើប្រាស់ ដើម្បីជំរុញការលក់ឱ្យខ្លាំង។

6. ការរៀបចំនិងការគ្រប់គ្រង

សំដៅលើការពន្យល់ពីមូលហេតុដែលអ្នក និងក្រុមរបស់អ្នកមានសមត្ថភាពក្នុងការប្រតិបត្តិគោលដៅ និងគោលបំណងអាជីវកម្ម។ លើសពីនេះ ក៏ត្រូវបង្ហាញពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដើម្បីឱ្យអ្នកមើល ឬជាពិសេសអ្នកវិនិយោគបានដឹងថា របៀបនៃការដឹកនាំចាត់ចែងក្នុងក្រុមហ៊ុនរបស់អ្នកបែបណាដែរ។

7. ការព្យាករណ៍ហិរញ្ញវត្ថុ

អ្នកត្រូវចងចាំថា រាល់ផែនការទាំងអស់ដែលអ្នកបានរៀបចំឡើង ត្រូវតែបង្ហាញពីទិន្នន័យហិរញ្ញវត្ថុ ដោយក្នុងនោះមានការព្យាករណ៍នៃការចំណាយបានត្រឹមត្រូវ និងព្យាករណ៍ដែលនឹងអាចទទួលបានប្រាក់ចំណូលប៉ុន្មាន។ លើសពីនេះ ក៏ត្រូវបង្ហាញពីទិដ្ឋភាពទូទៅនៃស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រុមហ៊ុនផងដែរ។

ការព្យាករណ៍ហិរញ្ញវត្ថុសំខាន់ៗរួមមាន៖

  • ការព្យាករណ៍ពីការលក់និងប្រាក់ចំណូល
  • របាយការណ៍ប្រាក់ចំណេញនិងខាត
  • របាយការណ៍លំហូរសាច់ប្រាក់
  • តារាងតុល្យការ
  • ផ្នែកដែលត្រូវការការវិនិយោគបន្ថែម
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ