តើធ្វើដូចម្ដេច ដើម្បីអាចមើលឃើញពីឱកាសអាជីវកម្មនាពេលអនាគត?

7
អាជីវកម្ម

តើអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងដែរឬទេ?
មនុស្សយើងម្នាក់ៗតែងតែមានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មដ៏ពូកែម្នាក់ ក៏ប៉ុន្តែការចាប់ផ្ដើមអាជីវកម្ម​ វាមិនមែនជារឿងងាយស្រួលនោះឡើយ គឺវាតម្រូវឲ្យយើងមានចំណេះដឹង បទពិសោធន៍ ការតាំងចិត្ត និងភាពតស៊ូខ្លាំងណាស់។ នេះក៏ព្រោះតែ ក្នុងពេលពេលបច្ចុប្បន្ន គឺមានប្រភេទអាជីវកម្មជាច្រើនបាននឹងកំពុងរីកលូតលាស់ដូចផ្សិត ដែលជាកត្ដាធ្វើឱ្យឱកាសនៃការបើកអាជីវកម្មកាន់តែតូចចង្អៀតឡើងៗ។

ក៏ប៉ុន្តែតើយើងគួរធ្វើដូចម្ដេចដើម្បីអាចសម្លឹងឃើញនូវឱកាសអាជីវកម្មនាពេលខាងមុខបាន? ដូច្នេះថ្ងៃនេះ លោក ហាក់ គីមថុង​ ដែលជាស្ថាបនិករបស់ “គំនិត” បានធ្វើការចែករំលែកនូវគន្លឹះ 3យ៉ាងដើម្បីជួយឱ្យអ្នកមើលឃើញឱកាសអាជីវកម្មនាពេលអនាគត៖

  1. ចំណេះដឹង ៖ វាជាទុនដំបូងគេបង្អស់ដែលមានសារៈសំខាន់បំផុត នៅក្នុងការជួយឱ្យអ្នកមើលឃើញឱកាសទីផ្សារ នៅពេលដែលមានការប្រកួតប្រជែងគ្នា។ ជាការពិតណាស់ បើសិនគ្មានចំណេះដឹងទេនោះ បើទោះបីជាមានឱកាសល្អ ក្នុងការចាប់ផ្ដើមអាជីវកម្មក៏ដោយ​ ក៏មិនប្រាកដថាអ្នកអាចចេះចាប់យកឱកាសដ៏កម្រមួយនេះបានដែរ។
  2. ស្គាល់មនុស្សដែលមានបទពិសោធន៍យូរឆ្នាំ ៖ នៅក្នុងពិភពធុរកិច្ច ម្នាក់ៗមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ដើម្បីឱ្យខ្លួនអាចជ្រៀតចូលក្នុងទីផ្សារបានមុនគេ។ ដូច្នេះយើងត្រូវតែរៀនពីរៀមច្បង ដែលពួកគាត់សុទ្ធសឹងតែមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យធុរកិច្ច ហើយពួកគាត់ក៏បានជួបរឿងរ៉ាវច្រើនរាប់មិនអស់ផងដែរ។ ហើយនេះគឺជាឱកាសដែលល្អដើម្បីក្រេបជញ្ជក់យកនូវបទពិសោធន៍ គំនិតល្អៗ និងដំណោះស្រាយ ពាក់ព័ន្ធទៅនឹងវិស័យដែលយើងចង់រកស៊ីនេះ។
  3. ដើរចេញក្រៅឱ្យច្រើន ៖ នៅក្នុងចំណុចនេះ វាមិនមែនជាការដើរលេងសម្រាប់តែកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដើរចេញពី Comfort Zone ដើម្បីស្វែងរកគំនិតអាជីវកម្មថ្មីៗ និងឱកាស។ ហើយដើម្បីទទួលបានគំនិតទាំងអស់នោះ លុះត្រាតែយើងចេះសង្កេតមើលពីការអភិវឌ្ឍរបស់ប្រទេសដទៃទៀត និងប្រភេទអាជីវកម្មប្លែកៗ ព្រមទាំងគួរឲ្យចាប់អារម្មណ៍ផងដែរ។ ត្រង់កន្លែងនេះ ​លោក ហាក់ គីមថុង បានសង្កត់ធ្ងន់ថា “ប្រទេសជឿនលឿនគឺជាម៉ាស៊ីនពេលវេលារបស់ប្រទេសកំពុងអភិវឌ្ឍន៍” ហើយបើយើងងាកមកមើលកម្ពុជាយើងវិញ គឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយទេ ដូច្នេះយើងត្រូវតែសិក្សាពីប្រទេសដែលបានអភិវឌ្ឍន៍ ដើម្បីធ្វើជាទុនក្នុងស្វែងរកឱកាសអាជីវកម្មនៅប្រទេសយើង។

សរុបមកវិញ គន្លឹះទាំងបីចំណុចនេះ ជាពុទ្ធិក្នុងការត្រិះរិះពិចារណាសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ហើយក៏ជាផ្នែកមួយដែលជួយឱ្យអ្នកអាចមើលឃើញអំពីឱកាស និងគំនិតថ្មីៗទាក់ទងនឹងអាជីវកម្មនាពេលអនាគត។