spot_img
spot_img
Homeធុរកិច្ចតើកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងលើទីផ្សារ 100ឆ្នាំបាន?

តើកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងលើទីផ្សារ 100ឆ្នាំបាន?

-

ក្រុមហ៊ុន USAA គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់ដំណោះស្រាយធានារ៉ាប់រង ធនាគារ ការវិនិយោគ និងអ្នកចូលនិវត្តន៍នៅក្នុងក្រុមហ៊ុនមានសមាជិកជាង 13 លាននាក់។ ជាក់ស្ដែងចំពោះខែមិថុនា ឆ្នាំ2022 នេះ ក្រុមហ៊ុន USAA បានប្រារព្ធខួប 100 ឆ្នាំ ដែលជាទីមោទនភាពសម្រាប់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ Entrepreneur

USAA

គួរបញ្ជាក់ផងដែរថា ការដែលអាចដំណើរការអាជីវកម្មឱ្យមានអាយុកាល 100ឆ្នាំ វាជារឿងមួយដ៏អស្ចារ្យ ព្រមទាំងជាក្ដីស្រមៃរបស់សហគ្រិននានា។ ហេតុនេះ តើកត្តាអ្វីដែលអាចធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងដ៏រឹងមាំនៅលើទីផ្សារអស់រយៈពេល 100ឆ្នាំនេះ?

យោងតាមប្រសាសន៍របស់ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន USAA លោក Wayne Peacock បានបង្ហាញនូវការអនុវត្តន៍គោលការណ៍ភាពជាអ្នកដឹកនាំរបស់ខ្លួនចំនួន 7 ចំណុចសំខាន់ៗ។

1. ភាពជាអ្នកដឹកនាំត្រូវតែមានគោលបំណង

លោក Peacock បាននិយាយថាភាពជាអ្នកដឹកនាំដែលមានគោលបំណង​ ជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ក្រុមហ៊ុន ព្រោះវាមានភាពងាយស្រួលដឹកនាំក្រុមការងារធ្វើការដើម្បីឆ្ពោះទៅកាន់គោលដៅដ៏ជាក់លាក់ និងឆាប់សម្រេចនូវគោលដៅនោះបានលឿន ជាពិសេសអាចឱ្យអ្នកជំនាន់ក្រោយដឹកនាំបន្តជំនួសបានស្របតាមគោលបំណងដែលបានកំណត់សម្រាប់ក្រុមហ៊ុន។

ទោះបីជាយ៉ាងនេះក្ដី អ្នកដឹកនាំត្រូវតែចាប់ផ្ដើមជាមួយនឹងផ្នត់គំនិតដែលធ្វើជាអ្នកដឹកនាំដែលមានគោលបំណង តាមរយៈការមានភាពស្មោះត្រង់ចំពោះខ្លួនឯងលើគោលដៅដែលបានកំណត់ ព្រមទាំងកំណត់នូវអ្វីដែលចង់ធ្វើ និងកំណត់ផលប៉ះពាល់លើអ្វីដែលចង់ធ្វើនោះ ដើម្បីត្រៀមខ្លួនក្នុងការរកដំណោះស្រាយ។ បន្ថែមពីនេះ ការដែលកំណត់គោលបំណងជាអាទិភាពនៃភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ វានឹងជួយអ្នកដឹកនាំក្នុងការចៀសវាងនូវការសម្រេចចិត្តការងារតូចតាច ឬការងារណាមិនសូវសំខាន់ និងអាចដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់គោលដៅរយៈពេលវែង ហើយក្រុមហ៊ុនអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។

2. មានភាពបត់បែន

ក្រោយពីលោក Peacock បានបម្រើការងារឱ្យ USAA គឺគាត់ចាប់ផ្ដើមកាន់តែដឹងយ៉ាងច្បាស់ថា ទោះបីជាមានគោលដៅ និងផែនការច្បាស់លាស់យ៉ាងណា វាក៏នៅតែអាចមានបញ្ហាណាមួយមករំខានផងដែរ ដូច្នេះហើយមានតែភាពបត់បែននោះទេ ទើបអាចសម្របខ្លួនជាមួយស្ថានភាពនោះបាន តាមរយៈការរក្សាគោលដៅក្រុមហ៊ុននៅដដែល ប៉ុន្តែរៀបចំរចនាសម្ព័ន្ធយុទ្ធសាស្រ្តជាប្រចាំថ្ងៃស្របតាមស្ថានភាពជាក់ស្ដែង។

3. ដឹកនាំក្រុមឱ្យសម្រេចកិច្ចការងារ និងជោគជ័យទាំងអស់គ្នា

ការដែលដឹកនាំក្រុមក្នុងការជំរុញឱ្យសម្រេចកិច្ចការងារស្របតាមគោលដៅដែលបានកំណត់ ជារឿងសំខាន់ណាស់ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ ការបណ្ដុះបណ្ដាលក្រុមការងារ និងការដឹកនាំសមាជិកក្រុមទាំងអស់ឱ្យមានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន ព្រមទាំងជោគជ័យទាំងអស់គ្នា ហើយនេះបើយោងតាមប្រសាសន៍របស់លោក Peacock។

ចូរចងចាំថា ការបំពេញការងារបានល្អសម្រាប់ក្រុមហ៊ុន វាជារឿងសំខាន់ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀតនោះការដែលដឹកនាំក្រុមការងារឱ្យមានផលិតភាពការងារ និងជោគជ័យក្នុងជីវិត តាមរយៈការមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ ព្រមទាំងមានការបណ្ដុះបណ្ដាលបន្ថែម។

4. តែងតែបន្តការសិក្សារៀនសូត្រជានិច្ច

លោក Peacock បាននិយាយបន្ថែមទៀតថា លក្ខណៈដ៏ល្អបំផុតសម្រាប់អ្នកដឹកនាំ គឺតែងតែបន្តការសិក្សារៀនសូត្រជានិច្ច ព្រមទាំងចូលចិត្តក្នុងការស្វែងរកឱកាសដើម្បីរៀនអ្វីថ្មីៗ និងសិក្សាអំពីការដឹកនាំមនុស្ស ឬទំនោរ ក៏ដូចជាចំណង់ចំណូលចិត្តរបស់មនុស្សជាដើម។

ចូរចងចាំថា ដើម្បីអាចដំណើរការក្រុមហ៊ុនឱ្យឈរនៅក្នុងទីផ្សារបានយូរអង្វែង គឺមានការបន្តការសិក្សារៀនសូត្រជានិច្ចនោះទេ ដើម្បីអាចទទួលបានចំណេះដឹងថ្មីៗ និងអាចមើលឃើញឱកាសបានច្រើន ជាពិសេសអាចធ្វើឱ្យក្រុមហ៊ុនតាមទាន់សម័យកាល។

5. បង្កើតបរិយាកាសដ៏ល្អសម្រាប់ក្រុមរបស់អ្នកដើម្បីឈ្នះ

ជាទូទៅមនុស្សតែងតែទៅធ្វើការជារៀងរាល់ថ្ងៃ ដូច្នេះពួកគេអាចមានអារម្មណ៍ថាកន្លែងការងារដូចជាមិនគួរឱ្យចាប់អារម្មណ៍ចង់ទៅ និងគ្មានគុណតម្លៃអ្វីច្រើនសម្រាប់ពួកគេនោះឡើយ។ ហេតុដូចនេះ ទើបលោក Peacock បានចែករំលែកថា ដើម្បីធ្វើឱ្យក្រុមការងារទាំងអស់មានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងចាត់ទុកកន្លែងការងារជាកន្លែងដ៏មានគុណតម្លៃសម្រាប់ពួកគេ ដូច្នេះក្នុងនាមជាអ្នកដឹកនាំគួរតែផ្ដល់អាទិភាពក្នុងការបង្កើតបរិយាកាសការងារមួយប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេ។ បរិយាកាសការងារដែលមានសុវត្ថិភាព សំដៅលើការធ្វើឱ្យក្រុមការងារមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីនាំយកនូវអ្វីដែលជាភាពល្អបំផុតសម្រាប់ពួកគេ តាមរយៈការចេះឱ្យតម្លៃខ្ពស់លើការងារដែលកំពុងធ្វើ ដឹងថាខ្លួនឯងជានរណា និងកំពុងធ្វើអ្វី នោះពួកគេនឹងចាត់ទុកកន្លែងការងារជាកន្លែងដ៏ល្អ ដើម្បីបំពេញការងារឆ្ពោះទៅតាមគោលដៅរបស់ក្រុមហ៊ុន និងគោលដៅដែលខ្លួនឯងចង់ឃើញសម្រាប់ជីវិតផ្ទាល់ខ្លួននាពេលអនាគត។

6. បង្កើតទំនាក់ទំនងដ៏ល្អរវាងបេសកកម្មក្រុមហ៊ុន ជាមួយក្រុមការងារ

នៅក្នុងចំណុចនេះ សំដៅលើការធ្វើឱ្យបេសកកម្មរបស់ក្រុមហ៊ុនមានទំនាក់ទំនងដ៏ល្អជាមួយនឹងក្រុមបុគ្គលិកទាំងអស់ តាមរយៈការធ្វើឱ្យបុគ្គលិកទាំងអស់មានការយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន និងហេតុផលសំខាន់ៗដែលនៅពីក្រោយខ្នងការងាររបស់ពួកគេកំពុងធ្វើការ។ ធ្វើបែបនេះ ពួកគេនឹងមានអារម្មណ៍ថា ពួកគេកំពុងជួយក្រុមហ៊ុនឱ្យឆ្ពោះទៅកាន់គោលដៅមួយដ៏ជាក់លាក់ ព្រមទាំងពួកគេកំពុងធ្វើការដ៏សំខាន់ ហើយមានការឱ្យតម្លៃខ្ពស់លើអ្វីដែលពួកគេកំពុងធ្វើ។

ជាក់ស្ដែងចំពោះក្រុមហ៊ុន USAA តែងតែព្យាយាមធ្វើឱ្យមានអាទិភាព និងបេសកកម្មរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ចំពោះសមាជិកក្រុមទាំងអស់។ ធ្វើបែបនេះ ក្រុមការងារទាំងអស់នឹងចាត់ទុកការងារជារឿងសំខាន់សម្រាប់ពួកគេ ហើយមិនមែនធ្វើការដើម្បីតែប្រាក់ខែមួយមុខឡើយ ប៉ុន្តែចាត់ទុកគោលដៅរបស់ក្រុមហ៊ុនជារឿងសំខាន់ ព្រមទាំងព្យាយាមទាំងអស់គ្នាក្នុងការសម្រេចនូវគោលដៅរបស់ក្រុមហ៊ុនពោរពេញដោយថាមពល និងកម្លាំងចិត្ត។

7. បង្ហាញពីការយកចិត្តទុកដាក់ជាមួយក្រុមការងារ

ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែបង្ហាញឱ្យឃើញនូវអាកប្បកិរិយាប្រកបដោយការយល់ចិត្ត និងការយោគយល់ជាមួយក្រុមការងារ ដើម្បីអាចជួយបង្កើតអារម្មណ៍សុវត្ថិភាពសម្រាប់សមាជិកក្រុម ដោយជំរុញឱ្យពួកគេក្លាយជាមនុស្សល្អបំផុតស្របតាមអ្វីដែលពួកគេចង់បាន និងហ៊ានបើកចំហអំពីទុក្ខកង្វល់ទាំងឡាយដែលពួកគេមាននៅកន្លែងធ្វើការជាមួយនឹងអ្នក។ ធ្វើបែបនេះ ក្រុមការងារនឹងកាន់តែមានអារម្មណ៍ថាកក់ក្ដៅ និងធ្វើការពោរពេញដោយក្ដីសង្ឃឹមរួមជាមួយនឹងភាពរីករាយជាប្រចាំថ្ងៃ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ