តើកត្តាអ្វី ដែលធ្វើឱ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ?

49
តើកត្តាអ្វី ដែលធ្វើឱ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ?

បញ្ហាផ្នែកហិរញ្ញវត្ថុ តែងតែកើតមានលើមនុស្សគ្រប់គ្នា ដូចជានិស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងជាច្រើនទៀត គ្រាន់តែអ្នកខ្លះក៏កម្រិតស្រាល និងអ្នកខ្លះក៏កម្រិតធ្ងន់។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថា បញ្ហាហិរញ្ញវត្ថុ សំដៅលើការជាប់គាំងសាច់ប្រាក់ ជំពាក់បំណុល និងគ្មានលុយដើម្បីចំណាយលើភាពចាំបាច់ ឬតម្រូវការផ្ទាល់ខ្លួននានានៅក្នុងជីវិត។ ដូច្នេះប្រសិនបើយើងចង់ចាកចេញ ឬចៀសវាងកុំឱ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុបានទេ គឺបាន ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ជាចំណុចចាប់ផ្ដើមអ្នកក៏ស្វែងរកឱ្យឃើញនូវកត្តាមួយចំនួនដែលបណ្ដាលឱ្យអ្នកជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ ខឹ្លមសារខាងក្រោមនេះ នឹងបង្ហាញនូវកត្តាមួយចំនួនដែលអ្នកអាចសិក្សាឈ្វេងយល់បន្ថែម ដើម្បីដឹងពីមូលហេតុដែលបង្កឱ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុ។

1. គ្មានផែនការប្រើប្រាស់ហិរញ្ញវត្ថុ

នៅពេលដែលអ្នកគ្មានផែនការជាក់លាក់ ឬមិនបានរៀបចំឱ្យមានផែនការប្រើប្រាស់ហិរញ្ញវត្ថុ នោះអ្នកនឹងប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកតាមការនឹកឃើញមិនខាន។ ហេតុនេះ អ្នកត្រូវតែបង្កើតគោលបំណងសម្រាប់ការប្រើប្រាស់ហិរញ្ញវត្ថុ ទាំងភាពចាំបាច់ ឬគ្រាន់តែចំណាយលើអ្វីដែលជាភាពចង់បាន ព្រមទាំងអាចកំណត់ការដាក់សន្សំក្នុងការគ្រោងទិញអ្វីតាមគោលដៅរបស់អ្នក។​ ធ្វើបែបនេះ អ្នកនឹងដឹងថា អ្នកត្រូវចំណាយលើអ្វី និងការប្រើប្រាស់ហិរញ្ញវត្ថុជាប្រចាំក៏មានតាមការកំណត់ល្អផងដែរ។

2. គ្មានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ

ប្រសិនបើអ្នកមានផែនការរួចហើយ ប៉ុន្តែបើខ្វះការគ្រប់គ្រងក៏ជាបញ្ហាដែរ ដូច្នេះអ្នកត្រូវតែមានវិន័យ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យបានសមស្របលើផែនការដែលបានកំណត់ ជាពិសេសគ្រប់គ្រងអារម្មណ៍កុំឱ្យមានការប្រើប្រាស់ហិរញ្ញវត្ថុតាមចិត្ត ដោយគ្មានការចំណាយដោយភាពឆ្លាតវៃ។ បន្ថែមពីនេះ បើអ្នកយល់ថាខ្លួនឯងខ្សោយក្នុងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកអាចរៀននូវជំនាញនេះនៅលើអនឡាញ ឬពីបុគ្គលដែលមានជំនាញនេះ ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែល្អប្រសើរ។

3. គ្មានហិរញ្ញវត្ថុគ្រប់គ្រាន់

នៅពេលដែលអ្នកគ្មានលុយគ្រប់គ្រាន់សមស្របតាមតម្រូវការរបស់អ្នក នោះក៏ជាបញ្ហាផងដែរ ហើយបញ្ហានេះភាគច្រើនកើតឡើងញឹកញាប់ជាមួយមនុស្សស្ទើគ្រប់គ្នា។ ដូច្នេះអ្នកត្រូវដឹងថា ប្រភពចំណូលរបស់អ្នកមានប៉ុន្មាន និងចំណូលប្រចាំខែមានប៉ុន្មាន ហើយការចំណាយរបស់អ្នកភាគច្រើនចំណាយលើអ្វីខ្លះ ។ល។ នៅពេលអ្នកយល់ច្បាស់ពីចំណុចទាំងបីនេះ អ្នកត្រូវតែចេះបែងចែកចំណាយឱ្យបានល្អស្របតាមចំណូលដែលអ្នកមាន ដោយកុំព្យាយាមចំណាយលើពីចំណូលដែលអ្នកទទួលបានជាប្រចាំខែ។ ធ្វើបែបនេះ ទោះបីជាចំណូលអ្នកតិច ក៏អ្នកអាចចំណាយលើភាពចាំបាច់ ហើយអាចនាពេលខាងមុខហិរញ្ញវត្ថុរបស់អ្នកមានចរន្តល្អ ដោយអាចកាត់បន្ថយកង្វល់លើការគ្មានលុយគ្រប់គ្រាន់ក្នុងការចំណាយជាប្រចាំ ឬលើរឿងចាំបាច់របស់អ្នកឡើយ។

4. គ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ពីព្រោះកាលណាមានចំណេះដឹងនេះ អ្នកនឹងកាន់តែមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងអាចឈានការមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបានដឹងយ៉ាងច្បាស់ថា ខ្លួនឯងគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុបានច្រើននោះទេ អ្នកគួរតែស្វែងរកថ្នាក់សិក្សាអនឡាន ឬសិក្សាផ្ទាល់ជាមួយអ្នកជំនាញផ្សេងៗ ដើម្បីពង្រឹងចំណេះដឹងផ្នែកនេះឱ្យកាន់តែល្អ។