តើការរៀនសូត្រតាមរយៈការធ្វើជាសកម្មភាពផ្ទាល់គឺជាអ្វី?

137
ការរៀនសូត្រតាមរយៈការធ្វើជាសកម្មភាពផ្ទាល់

ការរៀនសូត្រតាមរយៈការធ្វើផ្ទាល់ៗ គឺសកម្មភាពនៃការក្រេបយកនូវចំណេះ ឬជំនាញតាមរយៈការអនុវត្តន៍ការងារជាក់ស្ដែង ជាជាងការរៀនសូត្រដោយគ្រាន់តែដឹងពីទ្រឹស្ដី ដឹងពីគោលការណ៍ដែលអ្នកបានរៀននៅសាលា តែមិនអាចយកមកប្រើការបាននៅក្នុងការងារជាក់ស្ដែង ។

ខណៈពេលដែលអ្នករៀនដោយការធ្វើផ្ទាល់ៗ អ្នកនឹងដឹងអំពីដំណើរការនៃផែនការដែលអ្នកបានគ្រោងទុកបានច្បាស់លាស់ និងអាចដឹងអំពីប្រសិទ្ធភាពនៃទ្រឹស្ដីដែលអ្នកបានរៀនហ្នឹងភ្លាមៗ ដោយមិនចាំបាច់ធ្វើការស្រមើស្រមៃបែបស្រពិចស្រពិលនោះទេ ជាពិសេសនោះពេលដែលអនុវត្តផ្ទាល់ អ្នកប្រាកដជាអាចទទួលបាននូវព័ត៌មានដែលច្រើនដែលអ្នកចង់ដឹង អាចជួយឲ្យអ្នកឆាប់ចាំ ឆាប់យល់ និងមានភាពបត់បែន ដោយសារតែពេលអនុវត្តផ្ទាល់ៗ អ្នកព្យាយាមសិក្សាឈ្វេងអំពីបុព្វហេតុណាមួយតាមរយៈការគិត ការវិភាគ ការពិភាក្សាគ្នាជាដៃគូរឬជាក្រុមៗដើម្បីស្វែងរកដំណោះស្រាយ ឬផ្លូវដើរផ្សេងទៀតក្រៅពីផ្លូវដែលអ្នកកំពុងតែជាប់គាំងនេះ។

Photo Of People Sitting Near Wooden Table

ពេលដែលអ្នករៀនធ្វើផ្ទាល់គឺអ្នកដឹងពីភាពអាចទៅរួចរបស់គម្រោងឬផែនការដែលអ្នកកំពុងតែធ្វើនេះ ប៉ុន្តែបើសិនជាអ្នកដឹងត្រឹមតែទ្រឹស្ដី ឃើញតាមរយៈការស្រមើលស្រមៃនោះ អ្នកប្រហែលជាពិបាកបន្តិចក្នុងការស្ទង់នូវលទ្ធផលរបស់វា ព្រោះពេលដែលអ្នកគិត អ្នកស្រមើស្រមៃវាមានភាពខុសគ្នាស្រឡះ។ ពេលដែលអ្នកយកទ្រឹស្ដី យកមកគិត អ្នកប្រាកដជាគិតថាគម្រោងឬផែនការដែលអ្នកបានដាក់ចេញហ្នឹងប្រាកដជាមានអ្នកចាប់អារម្មណ៍ច្រើន មានអ្នកទិញច្រើន អាចរកលុយបានច្រើន ឬមានដំណើរការទៅមុខយ៉ាងរលូនជាដើម ប៉ុន្តែភាពពិតជាក់ស្ដែងពេលដែលយើងអនុវត្តន៍ផ្ទាល់គឺវាមានភាពពិបាកជាង ត្រូវដោះស្រាយបញ្ហាមួយៗជាច្រើនដំណាក់កាល ពោលគឺត្រូវរៀបចំយ៉ាងណាឲ្យអ្នកដទៃព្រមទទួលស្គាល់ពីគម្រោងរបស់អ្នក ផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យមានអ្នកប្រើប្រាស់ច្រើន រៀបយុទ្ធសាស្ត្រតម្លៃបែបណាដើម្បីអាចលក់ដាច់ កែកុនផលិតផលឬសេវាកម្មបែបម៉េចទើបគេចង់ប្រើ ហើយធ្វើបែបណាទើបអាចរកប្រាក់ចំណូលបានច្រើនមកដល់ក្រុមហ៊ុនជាដើម ហើយកំឡុងពេលនោះហើយដែលអ្នកអាចរៀនពីសកម្មភាពទាំងនោះបានច្រើន និងដឹងពីបែបផែននៃដំណើរការមួយៗរបស់គម្រោងរបស់អ្នក។

ដូចនេះបើសិនជាអ្នកមានឱកាសអាចអនុវត្តច្រើន អ្នកគួរតែព្យាយាមធ្វើនិង ព្យាយាមឈ្វេងយល់អំពីកិច្ចការទាំងនោះ ព្រោះអ្នកមិនអាចពឹងទៅលើតែទ្រឹស្ដីមួយមុខនោះទេ ទ្រឹស្ដីវាគ្រាន់តែជាចំណែកតូចមួយដើម្បីអាចចេញជាសកម្មភាពបានតែប៉ុណ្ណោះ ទៅរួចឬមិនរួចគឺពឹងផ្អែកទៅលើការសាកល្បងធ្វើ។