Facebook បានចូលរួមចំណែកជាច្រើនក្នុងពិភពអាជីវកម្ម និងសហគ្រិនភាពនៅប្រទេសកម្ពុជា ដោយសារតែបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱកាសឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នាមិនថាតូចធំ អាចធ្វើការផ្សព្វផ្សាយលើបណ្តាញរបស់ខ្លួនដោយមិនរើសអើង និងអាចចាប់ផ្តើមការចំណាយតិចតួចបំផុត ដែលអនុញ្ញាតិឱ្យអាជីវកម្មតូចៗ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួននៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ មិនត្រឹមតែសហគ្រិនប៉ុណ្ណោះទេ សូម្បីតែបុគ្គលមួយចំនួនបានទទួលភាពល្បីល្បាញដោយសារFacebook ហើយអ្នកខ្លះអាចរកចំណូលពីភាពល្បីល្បាញដោយសារការបង្ហោះមាតិការ (ក្លាយជាការងារពេញម៉ោង) ហើយអ្នកខ្លះបានកសាងខ្លួនឱ្យទៅជាជនឥទ្ធមន្ត (Influencer)ទៀតផង។ តើឆ្នាំ២០២០នេះមានអ្វីខ្លះដែលអ្នកត្រូវដឹង?
២០២០នេះនៅតែជាឆ្នាំសម្រាប់វីដេអូ
មិនខុសពីឆ្នាំ២០១៩នោះទេ វីដេអូនឹងក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុត (អាចទៅដល់មនុស្សច្រើនជាងរូបភាពឬអក្សរ)សម្រាប់ឆ្នាំកុរនេះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយនឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះមិនមានអ្វីចម្លែកទេដែលFacebookចង់លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូដើម្បីអាចទទួលបានផលខ្ពស់ជាងប្រភេទមាតិការផ្សេងៗទៀត។
ក៏ប៉ុន្តែ មិនមែនវីដេអូទាំងអស់សុទ្ធតែទទួលបានប្រសិទ្ធភាព និងទទួលបានផលខ្ពស់នោះទេ។ វីដេអូមានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ នឹងនៅតែត្រូវបានគេអូសរំលង ហើយបានផលតិចតួចដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្នមិនចូលចិត្តមើលការផ្សាយពាណិជ្ជកម្មនោះទេ។ ប្រៀបដូចជាយើងកំពុងមើលទូរទ្សន៍អញ្ចឹង នៅពេលដែលដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។
ការLive Video នៅតែទទួលបានផលខ្ពស់
មិនខុសពីឆ្នាំ២០១៩នោះទេ ឆ្នាំ២០២០ការ Live Video នៅតែល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់បណ្តាញសង្គមយក្សមួយនេះដោយសារតែ Facebook ចង់បើកការប្រកួតប្រជែងជាមួយស្ថានីយទូរទស្ស ហើយជម្រុញឱ្យក្រុមហ៊ុន និងអ្នកប្រើប្រាស់បង្កើតChannel ឬ Pageសម្រាប់ការផ្សព្វផ្សាយដូចជាស្ថានីយទូរទស្សន៍។ មិនតែប៉ុណ្ណោះ ដើម្បីទាក់ទាញការប្រើប្រាស់ រាល់ការLiveម្តងៗ Facebookតែងតែផ្ញើរដំណឹងទៅដល់អ្នកដែលតាមដានPageរបស់អ្នកអំពីការLive Video ដើម្បីទាក់ទាញមនុស្សឱ្យចូលមើល ដើម្បីជាធ្នាក់ទាក់ចិត្តឱ្យយើងបន្តការផ្សាយបន្តផ្ទាល់នេះ។
Facebook Page ដែលមានម៉ាកសញ្ញាត្រឹមត្រូវ និងមានគុណតម្លៃនិងកាន់តែប្រសើរ
តាំងពីដើមឆ្នាំ២០១៩ គឺជាឆ្នាំដែលមានការជជែកយ៉ាងច្រើនអំពីព័ត៌មានក្លែងក្លាយ ព័ត៌មានបំប៉ោងដែលកើតមានឡើងព្រោងព្រាតនៅលើបណ្តាញសង្គមមួយនេះ។ ហេតុនេះហើយ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះដើម្បីទប់ស្កាត់បញ្ហានានាដែលអាចកើតមានឡើងពីការចែកចាយព័ត៌មានឥតមានប្រភពច្បាស់លាស់នេះ។ ដូចនេះហើយ មួយរយៈចុងក្រោយនេះ យើងឃើញមានPage និងគណនីមួយចំនួនធំត្រូវបានលុបចោល ជាពិសេសគណនី និងPage ដែលមានការបង្ហោះមាតិការមិនសមរម្យ និងក្លែងក្លាយ ឬគណនី និងPageដែលប្រើប្រាស់មាតិការរបស់អ្នកផ្សេងយកមកបង្ហោះដែលគ្មានការអនុញ្ញាតិ សម្រាប់បម្រើប្រយោជ៍របស់ខ្លួន (ដើម្បីបង្កើនចំនួន Like)។ នៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិតកាន់តែប្រសើរ Pageដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ ឬ Page ដែលបង្ហោះមាតិការមិនបានការទាំងនោះនឹងត្រូវបាត់សូន្យចេញពីពិភពគុននេះ ហើយPageដែលបង្កើតឡើងដើម្បីម៉ាកសញ្ញាឬគោលបំណងច្បាស់លាស់នឹងអាចឋិតឋេរ ហើយទទួលបានផលប្រសើរជាង។
កុំរំពឹងថា Like, Share & Comment គឺបានច្រើនដូចមុន
ប្រសិនបើអ្នកមាន Page ហើយនៅពេលដែលបង្ហោះម្តងៗកាន់តែមានការ Like Share ឬ Commentកាន់តែតិចទៅៗនោះ មិនបាច់ឆ្ងល់នោះទេ ព្រោះថាតាំងពីឆ្នាំ២០១៧មក ចំនួនខាងលើនេះគឺធ្លាក់ចុះជាលំដាប់ដោយសារការកែប្រែការកំណត់របស់ Facebook ហើយបណ្តាញសង្គមមួយនេះចង់ជម្រុញឱ្យម្ចាស់ Pageបង្កើតមាតិការដែលមានភាពច្នៃប្រឌិត និងគួរឱ្យទាក់ទាញដើម្បីទទួលបានការ Like Share និងComment ច្រើន។ ហើយមួយវិញទៀត បណ្តាញមួយនេះចង់ជម្រុញឱ្យយើងចាយលុយផ្សព្វផ្សាយដើម្បីអាចទៅដល់មនុស្សកាន់តែច្រើនដើម្បីទទួលបាន Like Share និងCommentច្រើន។
ដូចនេះ ប្រសិនបើអ្នកចង់បានLike Comment និងShareច្រើននោះ អ្នកត្រូវតែខិតខំបង្កើតមាតិការណាដែលល្អ ទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebookដើម្បីអាចទៅដល់មនុស្សកាន់តែច្រើន។
ការចាយលុយផ្សព្វផ្សាយគឺកាន់តែចំណាយច្រើន
អ្នកបង្កើតPageគឺមានកាន់តែច្រើន អ្នករកស៊ីតាមFacebookមានការកើនឡើងយ៉ាងគំហុក ហើយអ្នកមានលុយចាយសម្រាប់ផ្សព្វផ្សាយវិញគឺរាប់សិបម៉ឺននាក់ ដែលធ្វើឱ្យការផ្សព្វផ្សាយកាន់តែមានការប្រកួតប្រជែង និងកាន់តែថ្លៃទៅៗ។ កាលពីឆ្នាំ២០១២-២០១៥ ការផ្សព្វផ្សាយគឺមានតម្លៃទាប និងមិនមានការប្រកួតប្រជែងច្រើននោះទេ ហើយប្រសិនប្រៀបធៀបជាមួយនឹងបច្ចុប្បន្នវិញ ការចំណាយលើការផ្សព្វផ្សាយលើFacebookគឺឡើងថ្លៃជាងមុនពី៣ ទៅ៥ដងឯណោះ ហើយវានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ។
ការផ្សព្វផ្សាយមានប្រសិទ្ធភាពគឺត្រូវផ្តោតលើមាតិកាផ្សព្វផ្សាយ
ដើម្បីកាត់បន្ថយថ្លៃចំណាយផ្សព្វផ្សាយជាអតិបរិមា និងធ្វើឱ្យម៉ាកយីហោអ្នកមានគេចូលចិត្តហើយចាប់អារម្មណ៍ អ្នកផ្សព្វផ្សាយ ឬម្ចាស់អាជីវកម្មត្រូវមានភាពវៃឆ្លាតក្នុងការបង្កើតមាតិការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ដើម្បីជម្រុញឱ្យមានការទាក់ភ្នែកអ្នកប្រើប្រាស់បណ្តាញសង្គមនេះ ងាយស្រួលក្នុងការទទួលបាន Like Share និង Comment ព្រោះថាទីនេះគឺជាបណ្តាញសង្គមដែលទាមទារឱ្យមានទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាងPageនិងFan ឬអ្នកប្រើប្រាស់គណនីបណ្តាញសង្គមមួយនេះ។
ការបង្កើតមាតិកាផ្សព្វផ្សាយល្អ ពិតជាមិនងាយស្រួលមែន ប៉ុន្តែប្រសិនបើអ្នកហ៊ានចំណាយធនធានដើម្បីធ្វើវាឱ្យបានល្អ អ្នកនឹងទទួលបានផលមកគាប់ប្រសើរជាមិនខាន។
ការផ្សព្វផ្សាយតាម Facebook Messengerនៅតែបន្តមានប្រសិទ្ធភាពខ្ពស់ (Chatbot)
មានម្ចាស់អាជីវកម្ម និងអ្នកទីផ្សារតិចតួចប៉ុណ្ណោះដែលដឹងឬស្គាល់ការផ្សព្វផ្សាយតាមMessengerមួយនេះ។ បើនិយាយទៅ វាស្រដៀងនឹងការធ្វើទីផ្សារដោយការផ្ញើរអ៊ីម៉ែល (Email Marketing) តែវាមានប្រសិទ្ធភាពខ្ពស់ជាងឆ្ងាយណាស់ដោយសារតែនៅក្នុងសង្គមខ្មែរយើងមិនសូវមានអ្នកប្រើប្រាស់អ៊ីម៉ែលនោះទេ តែភាគច្រើនគឺមាន Messengerដើម្បីធ្វើការទំនាក់ទំនងគ្នា។ វានឹងក្លាយជាឧបករណ៍ផ្សព្វផ្សាយនៅដែលFacebookដែលអស្ចារ្យ និងមានប្រសិទ្ធភាពខ្ពស់បន្តទៀតនៅឆ្នាំនេះដោយស្ថិតិនៃការបើកមើលគឺមានកម្រិតច្រើនជាង៨៥% ហើយអាជីវកម្មកាន់តែច្រើនឡើងៗនឹងចាប់ផ្តើមបញ្ចូលការផ្សព្វផ្សាយនេះនៅក្នុងគម្រោងផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែ អ្នកត្រូវតែដឹងពីការប្រើប្រាស់វាឱ្យបានល្អ ដោយមិនត្រូវផ្សព្វផ្សាយច្រើនពេកទេដើម្បីកុំឱ្យអតិថិជនអ្នកធុញទ្រាន់ និងឈប់ចង់ទទួលបានសារពីអ្នក ហើយត្រូវផ្ញើរសារណាដែលមានប្រយោជន៍ជូនដល់អតិថិជនរបស់អ្នក។
ការប្រើប្រាស់វាគឺគ្រាន់តែអ្នកភ្ជាប់ជាមួយនឹង Chatbot Platform នានាដូចជា Chatfuel ឬ Manychat នោះអ្នកនឹងអាចប្រើប្រាស់ការផ្សព្វផ្សាយនេះដោយមិនគិតថ្លៃ (អ្នកនឹងត្រូវចំណាយប្រសិនបើអ្នកចង់ប្រាស់ ឧបករណ៍កម្រិតខ្ពស់មួយចំនួន)។