Home ភាពជាអ្នកដឹកនាំ តើដឹកនាំបែបណា ទើបក្រុមការងារកាន់តែស្រលាញ់ការងាររបស់ពួកគេ?

តើដឹកនាំបែបណា ទើបក្រុមការងារកាន់តែស្រលាញ់ការងាររបស់ពួកគេ?

47
តើដឹកនាំបែបណា ទើបក្រុមការងារកាន់តែស្រលាញ់ការងាររបស់ពួកគេ?

ការដឹកនាំមានច្រើនបែបទៅតាមចរិតលក្ខណៈរបស់អ្នកដឹកនាំ ហើយការដឹកនាំក៏ជាផ្នែកសំខាន់ណាស់ក្នុងការជួយក្រុមការងារដែលនៅក្រោមបង្គាប់ឱ្យកាន់តែមានផលិតភាពការងារ និងឆាប់សម្រេចបាននូវគោលដៅដែលក្រុមហ៊ុនចង់បាន។ បន្ថែមពីនេះ ការដឹកនាំដែលអាចធ្វើឱ្យក្រុមការងារកាន់តែស្រលាញ់ការងារដែលពួកគេកំពុងធ្វើ វាកាន់តែអស្ចារ្យ ពីព្រោះក្រុមហ៊ុននោះនឹងសម្បូរដោយធនធានមនុស្សខ្លាំង ការសហការបំពេញការងារកាន់តែល្អ និងជួយក្រុមហ៊ុនឱ្យរីកចម្រើនបានយូរអង្វែង។ ប៉ុន្តែសំណួរសួរថា តើត្រូវដឹកនាំបែបណា ទើបអាចឱ្យក្រុមការងារកាន់តែស្រលាញ់ការងាររបស់ពួកគេ? ដូច្នេះខ្លឹមសារខាងក្រោមនឹងពន្យល់បង្ហាញ។

1. ដឹកនាំដោយឆ្ពោះទៅកាន់ទស្សនវិស័យវែងឆ្ងាយ

ការដឹកនាំដ៏ល្អបំផុត គឺជាការដឹកនាំដោយមានគោលដៅជាក់លាក់មួយដើម្បីសម្រេចជោគជ័យរួមគ្នា មិនមែនព្យាយាមដាក់គោលដៅសម្រេចការងារសម្រាប់បុគ្គលម្នាក់ៗ ឬសម្រាប់គ្រប់ផ្នែក ដោយគ្មានទស្សនវិស័យរួមគ្នានោះឡើយ។ បន្ទាប់មក ត្រូវធានាថា ការដឹកនាំ ត្រូវតែមានទស្សនវិស័យវែងឆ្ងាយ និងពន្យល់បង្ហាញឱ្យក្រុមការងារទាំងអស់បានយល់ដឹងច្បាស់ពីគោលដៅមួយនោះ ដើម្បីធ្វើសកម្មភាពឆ្ពោះទៅកាន់ការសម្រេចជោគជ័យរួមគ្នា។

ធ្វើបែបនេះ ក្រុមការងារកាន់តែយល់ច្បាស់ថា ការងារដែលពួកគេកំពុងធ្វើវាពិតជាសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មដើម្បីសម្រេចនូវទស្សនវិស័យនោះ។

mission

2. ជួយក្រុមការងារឱ្យរីកចម្រើនទាំងអស់គ្នា

ក្នុងនាមជាអ្នកដឹកនាំ ត្រូវបង្ហាញនូវការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ចំពោះភាពរីកចម្រើនក្រុមការងារម្នាក់ៗ។ បន្ថែមពីនេះ អ្នកដឹកនាំដ៏អស្ចារ្យ ត្រូវយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ក្រុមការងារ ហើយដឹងពីរបៀបដើម្បីជួយពួកគេឱ្យឆ្ពោះទៅកាន់អ្វីដែលល្អបំផុតសម្រាប់ពួកគេ។ ធ្វើបែបនេះ ក្រុមការងារកាន់តែយល់ច្បាស់នឹងគោលដៅរបស់ខ្លួនឯង និងកាន់តែមើលឃើញពីតម្លៃនៃភាពជោគជ័យក្នុងការអាជីពការងារផ្ទាល់ខ្លួន ព្រមទាំងព្យាយាមធ្វើអ្វីដែលជាខ្លួនឯង និងកាន់តែស្រលាញ់ការងារដែលកំពុងធ្វើរាល់ថ្ងៃ តាមរយៈការសម្លឹងឃើញឱកាសរីកចម្រើនក្នុងរយៈពេលវែង។

3. ជំរុញក្រុមការងារឱ្យមានគោលដៅសម្រាប់ការងារ

ក្រុមការងារភាគច្រើន ពួកគេធ្វើការដោយមានគោលដៅធំបំផុត គឺចង់បានតំណែងខ្ពស់ ប្រាក់ខែខ្ពស់ និងបញ្ចប់ការងារឱ្យបានល្អស្របតាមថ្នាក់ដឹកនាំចង់បាន ហើយជួនកាលមានគោលដៅការងារបែបមិនច្បាស់លាស់។ ហេតុដូចនេះហើយ ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែជួយជំរុញក្រុមការងារទាំងអស់ឱ្យធ្វើការដោយភ្ជាប់ជាមួយនឹងគោលដៅការងារសម្រាប់រយៈពេលវែង មិនមែនរយៈពេលខ្លីដោយគ្រាន់តែចង់ឡើងតំណែង ឬចង់បានតែប្រាក់ខែខ្ពស់គឺគ្រប់គ្រាន់នោះទេ។

នៅក្នុងចំណុចនេះ អ្នកត្រូវពន្យល់ណែនាំ ឬចង្អុលបង្ហាញផ្លូវដល់ក្រុមការងាររបស់អ្នកឱ្យយល់ច្បាស់ថា គោលដៅសម្រាប់ការងារមិនមែនគ្រាន់តែមានដូចរៀបរាប់ខាងលើនោះទេ ប៉ុន្តែវាមានលើសហ្នឹង ដួចជាធ្វើការដើម្បីអាចក្លាយជាអ្នកជំនាញនាពេលអនាគត អាចក្លាយជាអ្នកដឹកនាំ អាចក្លាយជាអ្នករកស៊ី និងជាច្រើនទៀត។ ហើយការដែលឡើងតំណែង និងឡើងប្រាក់ខែ វាគ្រាន់តែជាជណ្ដើរដើម្បីឡើងទៅផ្នែកបន្ទាប់នៃគោលដៅសំខាន់របស់អ្នក ពីព្រោះអ្នកនឹងមិនបន្តធ្វើការពេញមួយជីវិតនោះទេ ប៉ុន្តែអ្នកនឹងធ្វើការដើម្បីមានអ្វីមួយដែលនៅសល់សម្រាប់កូនចៅជំនាន់ក្រោយ ហើយអ្នកក៏បានចូលនិវត្តន៍ជាមួយនឹងជីវភាពដ៏ល្អ។ល។ ធ្វើបែបនេះ ក្រុមការងាររបស់អ្នកនឹងចាប់ផ្ដើមសម្លឹងមើលឃើញអនាគតកាន់តែវែងឆ្ងាយលើអាជីពការងារដែលពួកគេកំពុងធ្វើ ហើយពួកគេកាន់តែដាក់ចិត្តផ្ដោត និងពេញចិត្តនឹងអ្វីដែលពួកគេកំពុងធ្វើកាន់តែខ្លាំងមិនខាន។