តើនរណាជាអ្នក​បង្កើត​ខ្មែរ​យូនីកូដ​មុន​គេ និងបង្កើតកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ?

55

លោក ដាញ់ ហុង ​គឺ​ជា​អ្នក​បង្កើត​ខ្មែរ​យូនីកូដ​មុន​គេ ដែល​ខ្មែរ​យើង​ហៅថាស្ថាបនិក​ខ្មែរ​យូនីកូដ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ពិនិត្យអក្ខរាវិរុទ្ធខ្មែរនៅក្នុងឆ្នាំ 2019 ដែលគាត់បានដាក់ឈ្មោះថា Nextspell។ គួរបញ្ជាក់ផងដែរថា លោក ដាញ់ កើតឆ្នាំ 1972 នៅក្នុងគ្រួសារកសិករខ្មែរក្រោមមួយនៅខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។

Font Khmer Unicode

ប្រវត្តិសង្ខេប

នៅឆ្នាំ 1991 ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុប លោក ដាញ់ ហុង បានទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យច្បាប់នៅទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ។ ការចាកចេញពីស្រុកកំណើតមកបន្តការសិក្សានេះ ដោយសារតែពេលនោះរដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍មួយឆ្នាំសម្រាប់វគ្គរៀនត្រៀមប្រឡង។ បន្ទាប់ពីបញ្ចប់ការរៀនត្រៀមនេះមួយឆ្នាំ គេនឹងជ្រើសរើសសិស្សណាដែលមានសមត្ថភាព និងបានប្រឡងជាប់ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញប្រាំឆ្នាំ។

ដើមហេតុនៃការបង្កើតយូនីកូដខ្មែរ    

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាលោកស្រលាញ់លើជំនាញច្បាប់ ប៉ុន្តែក្រោយមកក៏ចាប់អាជីពជាជំនាញ IT ដែលរចនាខ្មែរ​យូនីកូដ ដោយសារកាលពីនៅជានិស្សិតឆ្នាំទីមួយផ្នែកច្បាប់នេះ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វើពុម្ព (Font) ខ្មែរ យកមកលក់នៅស្រុកខ្មែរ។ ចាប់តាំងពីពេលនោះមកលោកក៏ចាប់អារម្មណ៍ក្នុងការរចនាពុម្ពដែរ ប៉ុន្តែមិនទាន់ចេញជារូបរាងទេ។

ក្រោយៗមកលោកក៏ចាប់ផ្ដើមមានស្នាដៃធ្វើវចនានុក្រមវៀតណាម-ខ្មែរ និងចូលធ្វើការជាផ្នែករចនា និងបង្កើតអក្សរនៅមជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀមរាបក្នុងឆ្នាំ2000ដល់2003។ បន្ទាប់មកលោកដាញ់ ហុង បានស្គាល់បុរសជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ2003 ប៉ុន្តែរហូតដល់ឆ្នាំ2004 ទើបខាងអង្គការសម្រេចទទួលសំណើរនោះ។

ក្រៅពីនេះ លោកក៏បានចូលបម្រើការជាអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម និងបានក្លាយជាប្រធានគ្រប់គ្រងនៅទីនោះ បន្ទាប់មកក្លាយជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីជាភាសាខ្មែរវិញ។ ទំនេរពីការងារ លោកក៏បានព្យាយាមខិតខំសិក្សាស្រាវជ្រាវពីប្រព័ន្ធអ៊ីនធឺណិតផ្នែករចនាពុម្ពអក្សរជាច្រើន។ ការតស៊ូព្យាយាម និងការមានគោលបំណងចង់ឱ្យភាសាខ្មែរមានកេរ្តិ៍ឈ្មោះនិងមានការប្រើប្រាស់ទូលំទូលាយនៅជុំវិញពិភពលោក បានធ្វើឱ្យលោកសម្រេចបង្កើត​ខ្មែរ​យូនីកូដ​ (Font Khmer Unicode) ដែលយើងប្រើប្រាស់សព្វថ្ងៃ។

អ្វីដែលត្រូវដឹងនៃការធ្វើបច្ចុប្បន្នភាពថ្មី

លើសពីនេះ បើយោងតាមទំព័រផ្លូវការឈ្មោះ អាក្បាលធំ / AKbalthom បានបង្ហាញថានៅឆ្នាំ2022 នេះ ចំនួនពុម្ពអក្សរ សរុប​ចំនួន​118​ ដែល​យើងអាចទាញយក​ពី​ក្នុង​​អ៊ីនធឺណិត​បាន។ ម្យ៉ាងទៀតថ្មីៗនេះ តារាង​ពុម្ព​អក្សរ និង​កញ្ចប់​ពុម្ព​អក្សរ​របស់​លោក ដាញ់ ហុង មានការធ្វើបច្ចុប្បន្នភាពថ្មី ដោយមាន​ពុម្ព​ខ្លះ​មាន​រូបរាង​ដូច​គ្នា​តែ​ឈ្មោះ​ខុស​គ្នា​បន្តិច​ដោយសារ​ប្រើ​ក្នុង​គោលបំណង​ផ្សេងៗ​គ្នា៖

  1. ពុម្ព​អក្សរ​ដែល​មាន​ឈ្មោះ​ខ្លី គឺ​ជា​ពួក​ពុម្ព​អក្សរ​ខ្មែរ​ Google បង្កើត​សម្រាប់​ប្រើ​ជា​មួយ​គេហទំព័រ ដែល​ស្រាល មាន​ល្បឿន​លឿន តែ​ក៏​អាច​យក​មក​ប្រើ​លើ​កុំព្យូទ័រ​ជាមួយ​កម្មវិធី​រចនា​នា​នាបាន ។
  2. ពុម្ព​អក្សរ​ដែល​ផ្ដើម​ដោយ​ពាក្យ Kh គឺ​ជា​ពុម្ព​​ចាស់ៗ ​ដែល​បង្កើត​សម្រាប់​កម្មវិធី​រចនា Adobe ។
  3. ពុម្ព​អក្សរ​ដែល​ផ្ដើម​ដោយ​ពាក្យ Khmer OS គឺ​ជា​​ក្រុម​ពុម្ព​អក្សរ​ដំបូង​របស់​ពុម្ព​ខ្មែរ​យូនីកូដ​យើង​ បង្កើត​ផ្ដោត​ជាមួយ​កម្មវិធី Office តែ​ក៏​អាច​ប្រើ​ជាមួយ​កម្មវិធី Adobe បាន​ដែរ ពីព្រោះ​បាន update ធ្វើ​ឱ្យដំណើរការ​ហើយ។
  4. ពុម្ព​អក្សរ NiDA ជា​ក្រុម​ពុម្ព​អក្សរ​​ស្ថិត​ក្រោម អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា ហៅ​កាត់​ថា អ.អ.ប.គ.ព ឬ NiDA​ ដែល​មាន​ក្ដារចុច​និង​ពុម្ព​អក្សរ កម្មវិធី​office មួយ​ចំនួន។ ប៉ុន្តែ​ឥឡូវ​មិន​ដឹង​នៅ​បន្ត​ឬ​ក៏ឈប់​នោះទេ។

តំណ​ភ្ជាប់ទាញយកពុម្ពអក្សរ៖

https://akbalthom.blogspot.com/2018/10/DanhHong.html