តើមានលក្ខណៈសម្បត្តិអ្វី ដើម្បីក្លាយជាអ្នកដឹកនាំ?

817
តើមានលក្ខណៈសម្បត្តិអ្វី ដើម្បីក្លាយជាអ្នកដឹកនាំ?

មនុស្សគ្រប់រូប សុទ្ធតែអាចក្លាយជាអ្នកដឹកនាំបាន ប៉ុន្តែដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ និងមនុស្សគ្រប់គ្នាគោរពឱ្យតម្លៃ ហើយដើរតាមដោយអស់ពីចិត្ត គឺជារឿងពិបាកបំផុត ដូច្នេះប្រសិនបើអ្នក មានគោលបំណងចង់ក្លាយជាអ្នកដឹកនាំ ចូរឈ្វេងយល់ពីលក្ខណៈសម្បត្តិខាងក្រោមជាមុនសិន ៖

1. បើកចិត្តទូលាយ

ជាមនុស្សចេះយល់ពីសុខទុក្ខរបស់អ្នកជុំវិញ ចេះស្ដាប់អ្នកជុំវិញ និងរៀនសូត្រពីមនុស្សជុំវិញ ដោយគ្មានចិត្តចង្អៀត មិនអាត្មានិយម មិនចេះជួយអ្នកដទៃ និងមិនតាំងខ្លួនជាទឹកពេញកែវឡើយ។

2. បន្តរៀនសូត្រពេញមួយជីវិត

ទោះបីជាបច្ចុប្បន្នបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬមានវ័យណា កាលៈទេសៈណានោះទេ តែងតែរៀនសូត្រជានិច្ច ដើម្បីយកមកធ្វើជាក្បួន ជាបទពិសោធន៍ ជាមេរៀន ក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងជីវិតរស់នៅ ការងារកាន់តែមានប្រសិទ្ធផល និងដឹកនាំអាជីវកម្មកាន់តែរីកចម្រើន។

3. ជាគ្រូបង្វឹកដ៏ល្អ

អ្នកដឹកនាំខ្លាំង ត្រូវតែមានជំនាញគ្រូបង្វឹក ដើម្បីយកជំនាញនេះមកបណ្ដុះបណ្ដាលក្រុមការងារឱ្យបំពេញកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលខ្ពស់។

4. មានទស្សនវិស័យ និងបេសកកម្មវែងឆ្ងាយ

ជាអ្នកដឹកនាំ ត្រូវតែជាគំរូដល់អ្នកដទៃ ជាពិសេសមានទិសដៅច្បាស់លាស់ ដូចជាការមានទស្សនវិស័យ និងបេសកកម្មវែងឆ្ងាយ ហើយមានផែនការជាក់លាក់។ ធ្វើបែបនេះ ទើបអ្នកផ្សេងមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់លើការដឹកនាំ។

5. គិតប្រយោជន៍រួម

ក្នុងនាមជាអ្នកដឹកនាំ មិនមែនជាមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ខ្វាយពីអ្នកជុំវិញឡើយ។ ដូច្នេះ ដើម្បីអាចក្លាយជាអ្នកដឹកនាំបាន ចូរហ្វឹកហាត់ខ្លួនឯងឱ្យមានផ្នត់គំនិតចេះគិតពីប្រយោជន៍រួម ដោយហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅធំៗ។

6. មានសុចរិតភាព

ជាមនុស្សដែលមិនចូលចិត្តបានតែនិយាយឡើយ ដោយចូលចិត្តបែប “ហ៊ាននិយាយ ហ៊ានធ្វើសកម្មភាព និងហ៊ានទទួលខុសត្រូវ”។

7. សេពគប់មនុស្សត្រូវ

អ្នកដឹកនាំខ្លាំង តែងតែចេះជ្រើសរើសមនុស្សដែលមានគុណភាព មនុស្សដែលមានគំនិតច្នៃប្រឌិត មានគំនិតវិជ្ជមាន ចង់រីកចម្រើន និងជាមនុស្សខ្លាំង ឬមនុស្សដែលមានទស្សនវិស័យ បេសកកម្មស្រដៀង ឬដូចទៅនឹងគាត់។

8. ជំនាញដោះស្រាយបញ្ហា

ជាមនុស្សដែលចូលចិត្តផ្ដោតលើដំណោះស្រាយ និងភាពអាចទៅរួច ជាជាងគិតតែពីបញ្ហាតែគ្មានដំណោះស្រាយ។ លើសពីនេះ ជាមនុស្សដែលចេះស្វែងរកជំនួយ នៅពេលបញ្ហាប្រឈមណាដែលពិបាកនឹងដោះស្រាយ ហើយត្រូវការជំនួយបន្ថែមពីអ្នកមានជំនាញ ឬអ្នកមានបទពិសោជន៍។

9. ឆន្ទះខ្ពស់

ជាបុគ្គលដែលមានឆន្ទះខ្ពស់ក្នុងការធ្វើអ្វីមួយ ដោយមិនគ្រាន់តែមានគោលដៅ មានក្ដីស្រលាញ់ តែគ្មានឆន្ទះមោះមុតក្នុងការធ្វើសកម្មភាពដើម្បីសម្រេចឡើយ។