spot_img
spot_img
Homeធុរកិច្ចតើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

តើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

-

អាជីវកម្មមួយចំនួន​បានដំណើរការទៅមុខយ៉ាងរលូន ដោយសារមានផលិតផលល្អ មានការធានាត្រឹមត្រូវ និងការធ្វើទីផ្សារខ្លាំងជាដើម ប៉ុន្តែមានបញ្ហាមួយដែលធ្វើឱ្យអាជីវកម្មនោះបាត់បង់អតិថិជនបន្ដិចម្ដងៗ គឺដោយសារការមើលរំលងនូវការពង្រឹងផ្នែកផ្ដល់សេវាកម្មអតិថិជន ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ឬខូចអារម្មណ៍នៅពេលបានចូលហាង ឬក្រុមហ៊ុននោះ ដោយសារក្រុមការងារទាំងនោះផ្ដល់ត្រឡប់នូវសេវាកម្មមិនល្អ ដូចជាមិនខ្វល់ឬមិនឱ្យតម្លៃពួកគេ ការរងចាំយូរ និងផ្សេងទៀត។ ម្យ៉ាងវិញទៀត ម្ចាស់អាជីវកម្ម មួយចំនួនកាន់តែមិនដឹងថា បង្វឹកបុគ្គលិកផ្នែកផ្ដល់សេវាកម្មអតិថិជនពីអ្វីខ្លះឡើយ។

ជាដំណោះស្រាយ ឆ្លើយតបនឹងបញ្ហាខាងលើ ក្នុងនាមជាម្ចាស់អាជីវកម្ម ប្រសិនបើអ្នកគ្មានជំនាញផ្នែកបណ្ដុះបណ្ដាលផ្នែកសេវាកម្មអតិថិជនទេ អ្នកអាចជួលអ្នកជំនាញ ​ឬប្រើសេវាកម្មជួយបង្រៀនផ្នែកនេះដល់ក្រុមការងាររបស់អ្នក។ ប៉ុន្តែបើអ្នកមានជំនាញនេះដែរ អ្នកក៏អាចពន្យល់ណែនាំ និងដឹកនាំក្រុមការងាររបស់អ្នកដើម្បីសហការរួមគ្នាទៅតាមអ្វីដែលអ្នកមានផងដែរ។

បន្ថែមពីនេះ ខ្លឹមសារអត្ថបទខាងក្រោម នឹងជួយបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវបង្វឹកដល់ក្រុមការងាររបស់អ្នក ដើម្បីពង្រឹងផ្នែកផ្ដល់សេវាកម្មអតិថិជនឱ្យកាន់តែល្អប្រសើរជាងមុន។

1. យល់ច្បាស់ពីពាក្យ សេវាកម្មអតិថិជន

សេវាកម្មអតិថិជន គឺសំដៅលើការចេះជួយអតិថិជនដោះស្រាយបញ្ហា ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលសេវាកម្ម ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងបំពេញតម្រូវការអតិថិជន។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្ហាញពីសារៈសំខាន់ក្នុងការផ្ដល់សេវាកម្មល្អដល់អតិថិជន និងបង្ហាញពីគុណវិបត្តិនៃការផ្ដល់សេវាកម្មមិនល្អ ព្រមទាំងបង្ហាញជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងហាង ឬក្នុងក្រុមរបស់អ្នក ដើម្បីធានាថាក្រុមការងាររបស់អ្នកកាន់តែយល់ច្បាស់។ អ្វីដែលកាន់តែសំខាន់ អ្នកត្រូវតែកំណត់ថា មានចំណុចសំខាន់អ្វីខ្លះដែលក្រុមរបស់អ្នកត្រូវតែអនុវត្តន៍ជាដាច់ខាត ដើម្បីបំពេញតួនាទីជាអ្នកផ្ដល់សេវាកម្មដ៏ល្អបំផុត ដូចជាញញឹមស្វាគមន៍អតិថិជន ការចេះរៀបចំខ្លួនឱ្យបានស្អាតសមរម្យ ចេះប្រើពាក្យសម្ដី ឬអាកប្បកិរិយាជាមួយអតិថិជន ត្រូវចេះផ្ដល់ជម្រើសល្អដល់អតិថិជន ចេះទំនាក់ទំនងល្អជាមួយអតិថិជន ចេះបត់បែន និងធ្វើជាអ្នកស្ដាប់ដ៏ល្អ ។ល។

បន្ទាប់ពីអ្នកបានពន្យល់ណែនាំក្រុមការងាររបស់អ្នកឱ្យបានយល់អំពីសេវាកម្មអតិថិជនរួចហើយ អ្នកអាចចាប់ផ្ដើមបង្វឹក និងហាត់សមជាមួយក្រុមការងាររបស់អ្នកលើផ្នែកដែលពួកគេត្រូវអនុវត្តន៍ដើម្បីបំពេញតួនាទីជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អនោះ។

2. យល់ច្បាស់ពីអ្វីដែលពួកគេកំពុងលក់

ការយល់ពីអ្វីដែលខ្លួនឯងកំពុងលក់ យល់ពីរបៀបប្រើប្រាស់ និងយល់ពីសារៈសំខាន់គ្រប់ផលិតផលដែលអ្នកកំពុងលក់ គឺជាផ្នែកមួយដ៏សំខាន់ ពីព្រោះអ្នកអាចផ្ដល់ជម្រើស និងឆ្លើយតបបានលឿនជូនតាមតម្រូវការអតិថិជន ដោយមិនចាំបាច់សួរនាំប្រធាន។ បន្ថែមពីនេះ វាក៏ជាផ្នែកធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមិនធុញទ្រាន់ និងអាចទទួលបាននូវអ្វីដែលអាចដោះស្រាយបញ្ហារបស់ពួកគេ។ ហើយនេះ ជាផ្នែកដែលមិនគួរមើលរំលង ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចាត់វិធានការបង្រៀនក្នុងការឱ្យគ្រប់បុគ្គលិកពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន ត្រូវស្គាល់ច្បាស់ពីអ្វីដែលពួកគេកំពុងលក់ និងដឹងពីបេសកកម្ម ទស្សនវិស័យដែលក្រុមហ៊ុនផ្ដល់ជូនពួកគេ។ ធ្វើបែបនេះ ទើបពួកគេមានកម្លាំងចិត្ត ក្នុងការចូលរួមសកម្មភាព ពីព្រោះពួកគេនឹងគិតថា ពួកគេមិនត្រឹមតែជាអ្នកលក់ធម្មតា ប៉ុន្តែពួកគេគឺជាអ្នកដោះស្រាយបញ្ហា និងផ្ដល់ជូនគ្រប់តម្រូវការដល់អតិថិជនដោយភាពពេញចិត្ត ព្រមទាំងមានឱកាសក្លាយជាប្រធាន ឬឡើងតំណែងបានខ្ពស់ និងជោគជ័យក្នុងអាជីពជាអ្នកលក់នាពេលអនាគត។

3. ពង្រឹងជំនាញលក់ឱ្យខ្លាំង

អ្នកលក់ខ្លាំង គឺជាអ្នកពូកែយល់ចិត្តអតិថិជន មិនបោះបង់ តែងតែគិតវិជ្ជមាន ចេះដោះស្រាយបញ្ហាអតិថិជន បត់បែនគ្រប់ពេល ពូកែទំនាក់ទំនងជាមួយមនុស្ស ពូកែចរចា អត់ធ្មត់ និងជាអ្នកពូកែបិទការលក់។ ដូច្នេះហើយដើម្បីអាចផ្ដល់សេវាកម្មអតិថិជនកាន់តែល្អ អ្នកក៏ត្រូវបង្វឹកបុគ្គលិករបស់អ្នកឱ្យមានជំនាញលក់ផងដែរ ពីព្រោះវាជាធាតុផ្សំមួយដែលជំរុញឱ្យសមត្ថភាពក្នុងការទាក់ទាញចិត្តអតិថិជនបានកាន់តែខ្លាំង និងកាន់តែជំរុញភាពរីករាយដល់អតិថិជន។

4. ពង្រឹងផ្នែកស្មារតី និងផ្នត់គំនិត

ក្នុងនាមជាម្ចាស់អាជីវកម្ម ជាអ្នកដឹកនាំ ត្រូវតែពង្រឹងស្មារតីរឹងមាំដល់ក្រុមការងារ និងផ្លាស់ផ្នត់គំនិតមិនល្អទាំងឡាយពីក្រុមការងាររបស់អ្នក។ ត្រូវតែចាំថា ក្រុមការងាររបស់អ្នកមានសា្មរតីរឹងមាំ ស្មារតីសាមគ្នី និងមានផ្នត់គំនិតល្អ នោះពួកគេនឹងរស់នៅក្នុងស្ថានភាពល្អ ដូច្នេះការបំពេញការងារក៏ល្អតាមនោះដែរ។

គួរបញ្ជាក់ផងដែរថា បទពិសោធន៍នៃការជួបអតិថិជនមានគ្រប់ស្ថានភាព ដូច្នេះបើសា្មរតី ក៏ដូចជាផ្នត់គំនិតរបស់ក្រុមការងាររបស់អ្នកមិនទាន់ដុះខាត់ នោះពួកគេអាចមានបញ្ហាជាមួយអតិថិជន និងមានរឿងនានា។ បន្ថែមពីនេះ អ្នកក៏ត្រូវកំណត់នូវផ្នែកដែលអ្នកចង់បណ្ដុះបណ្ដាលដល់បុគ្គលិកផងដែរឱ្យស្របនឹងគោលបំណងរបស់អ្នក ឧទាហរណ៍អ្នកចង់ធ្វើឱ្យអតិថិជនមានផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតរីកចម្រើន សា្មរតីរឹងមាំ ស្មារតីមានទំនួលខុសត្រូវ ស្មារតីសាមគ្នីរួបរួម ។ល។ នោះអ្នកអាចចាប់ផ្ដើមវិធានការដើម្បីបណ្ដុះបណ្ដាលពួកគេ។

ហើយនៅចុងបញ្ចប់ អ្នកអាចចាប់ផ្ដើមដឹកនាំពួកគេធ្វើសកម្មភាពទាំងអស់គ្នា ដើម្បីបន្សុំាពួកគេ។

5. ជំនាញដោះស្រាយបញ្ហា

អតិថិជនមានច្រើនប្រភេទ និងមានតម្រូវការផ្សេងៗគ្នា ព្រមទាំងអាចមានបញ្ហានានាដោយមិនដឹងមុន ដូច្នេះក្នុងនាមជាអ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ត្រូវតែមានជំនាញដោះស្រាយបញ្ហា ដើម្បីអាចដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃជាមួយអតិថិជន។ ក្នុងចំណុចនេះ ក្នុងនាមជាអ្នកដឹកនាំ ត្រូវបណ្ដុះបណ្ដាលបង្វឹកឱ្យចេះនូវជំនាញនេះ ព្រមទាំងអាចជួលអ្នកបង្វឹកបន្ថែម ដើម្បីជួយដល់ក្រុមការងាររបស់អ្នកឱ្យកាន់តែមានជំនាញខ្លាំងក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវប្រធាន ឬថ្នាក់ដឹកនាំជួយដោះស្រាយគ្រប់ពេលឡើយ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ