តើរកស៊ីបែបណា ទើបមិនឆាប់បោះបង់?

36
តើរកស៊ីបែបណា ទើបមិនឆាប់បោះបង់?

ការរកស៊ីអ្វីក៏ដោយ មិនថារកស៊ីលក្ខណៈគ្រួសារ ខ្នាតតូច ឬមធ្យមនោះទេ វាតែងតែមានឧបសគ្គនានា ក៏ដូចជាត្រូវប្រឈបមុខនឹងបញ្ហាជាច្រើនផងដែរ ដូចជាបញ្ហាក្រុមការងារ បញ្ហាសេដ្ឋកិច្ច បញ្ហានយោបាយ បញ្ហាហិរញ្ញវត្ថុ បញ្ហារកស៊ីខាត បញ្ហាដៃគូប្រកួតប្រជែងច្រើនពេកក្នុងទីផ្សារ និងជាច្រើនទៀត។ ហេតុដូចនេះ សួរថាបើប្រឈមមុខនឹងបញ្ហាច្រើនយ៉ាងហ្នឹង ច្បាស់ណាស់នឹងមានអារម្មណ៍អស់សង្ឃឹម និងចង់បោះបង់ការរកស៊ីនោះនៅថ្ងៃណាមួយមិនខាន។ ដូច្នេះតើគួររកស៊ីបែបណា ទើបមិនឆាប់បោះបង់ ទោះបីជាជួបស្ថានការណ៍បែបណាក៏ដោយ?

Strategies For Startups

នៅក្នុងខ្លឹមសារខាងក្រោមនឹងបង្ហាញនូវរបៀបចាប់ផ្ដើមរកស៊ីមួយចំនួន ដែលធ្វើឱ្យអ្នកមិនងាយបោះបង់ឡើយ ទោះបីជាជួបស្ថានភាពបែបណាកដោយ ក៏អ្នកនៅតែមានកម្លាំងចិត្តក្នុងការបន្តរហូតទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់។

1. រកស៊ី ដោយកើតចេញពីក្ដីស្រលាញ់

ក្ដីស្រលាញ់ នឹងធ្វើឱ្យអ្នកមិនងាយបោះបង់ឡើយ ដូច្នេះការរកស៊ីដោយកើតចេញពីក្ដីស្រលាញ់ក្នុងការធ្វើអ្វីមួយដែលជាគំនិតអាជីវកម្មរបស់អ្នក ហើយអ្នកចង់បង្កើតវាឱ្យមានរូបរាង និងដំណើរការល្អនោះ ច្បាស់ណាស់អ្នកនឹងចាប់ផ្ដើមមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគំនិតអាជីវកម្មដែលជាក្ដីស្រលាញ់របស់អ្នកនឹងកើតឡើងនាពេលខាងមុខមិនខាន។ បន្ថែមពីនេះ ការរកស៊ីដោយកើតចេញពីក្ដីស្រលាញ់ អ្នកនឹងមានគោលបំណងជាក់លាក់ក្នុងការរកស៊ី ដោយមិនមែនត្រឹមតែចង់រកស៊ីដើម្បីតែលុយមួយមុខឡើយ ប៉ុន្តែអាចជាការចង់ដោះស្រាយបញ្ហាសង្គម ចង់ជួយសេដ្ឋកិច្ចជាតិ និងជាច្រើនទៀតដែលជាផលប្រយោជន៍រួមសម្រាប់ខ្លួនឯងនិងសង្គមជាតិ។

អ្នកត្រូវដឹងថា គ្រប់សហគ្រិនជោគជ័យទាំងអស់ សុទ្ធតែចាប់ផ្ដើមជាមួយគំនិតអាជីវកម្មដែលកើតចេញពីក្ដីស្រលាញ់ដែលពួកគេចង់ធ្វើខ្លាំងបំផុត ពីព្រោះការដែលធ្វើអ្វីដែលជាក្ដីស្រលាញ់ គឺវាមិនឆាប់បោះបង់ងាយៗឡើយទោះបីជាជួបបញ្ហា ឬជួបស្ថានការណ៍យ៉ាងណាក៏ដោយ ក៏យើងនៅតែព្យាយាមជំនះ និងរិះរកគ្រប់វិធីដើម្បីដោះស្រាយដែរ។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមជាមួយគំនិតអាជីវកម្មតាមគេតាមឯង ឬតាមតែគេណែនាំ ហើយរកស៊ីគ្រាន់តែចង់បានប្រាក់ចំណេញ និងចង់បានភាពល្បីល្បាញ នោះអ្នកនឹងឆាប់បោះបង់នៅពេលអ្នកជួបនឹងបញ្ហាធំណាមួយ។

ជារួមមក អ្នកត្រូវស្វែងរកគំនិតអាជីវកម្មណាមួយដែលកើតចេញពីក្ដីស្រលាញ់ដែលអ្នកចង់ធ្វើបំផុត ដើម្បីបន្តដំណើរក្នុងការធ្វើឱ្យគំនិតអាជីវកម្មនោះចេញជារូបរាងពិតប្រាកដស្របតាមក្ដីស្រមៃដែលអ្នកចង់ឃើញ។

2. រកស៊ី ដោយកើតចេញពីចំណេះជំនាញដែលមាន

ការរកស៊ីកើតចេញពីក្ដីស្រលាញ់ វាជារឿងសំខាន់ដំបូងគេ បន្ទាប់មកអ្នកក៏ត្រូវដឹងដែរថា តើអ្នកមានចំណេះជំនាញគ្រប់គ្រាន់ឬនៅដើម្បីធ្វើអាជីវកម្មនោះឱ្យមានដំណើរការ? ក្ដីស្រលាញ់ពិតជាសំខាន់ ប៉ុន្តែក៏មិនអាចខ្វះចំណេះជំនាញក្នុងការរកស៊ីផងដែរ ពីព្រោះចំណេះជំនាញនឹងធ្វើឱ្យការរកស៊ីរបស់អ្នកអាចដំណើរការរលូនទៅមុខបាន ហើយអ្នកក៏អាចជឿជាក់លើខ្លួនឯង និងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីស្វែងរកជំនួយបន្ថែម។ ​

3. រកស៊ី ដោយការសម្លឹងមើលឃើញឱកាសពង្រីកអាជីវកម្មនាពេលអនាគត

ទោះបីជាអ្នកមានក្ដីស្រលាញ់ និងមានចំណេះជំនាញក្នុងការរកស៊ីក៏ដោយ វាក៏ទាមទារឱ្យអ្នកសម្លឹងមើលថា តើថ្ងៃអនាគតអាច 5ឆ្នាំទៅមុខ អាជីវកម្មរបស់អ្នកមានឱកាសពង្រីកខ្លួនបានកម្រិតណា? ប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចមានឱកាសពង្រីកខ្លួននោះទេ វាក៏ជាបញ្ហាមួយផងដែរ ពីព្រោះបើធ្វើអាជីវកម្ម ហើយវានៅតែដដែល ដោយគ្មានការរីកចម្រើនទៅមុខ នោះការរកស៊ីក៏មិនល្អផងដែរ ហើយអាចថ្ងៃណាមួយអ្នកនឹងនឿយហត់ជាមួយការរកស៊ីដែលមិនរីកចម្រើនទៅមុខនោះដែរ។ ហេតុនេះ អ្នកត្រូវតែសម្លឹងមើលពីអនាគតអាជីវកម្មរបស់អ្នកក្នុងថ្ងៃអនាគត ដោយអាចកំណត់ពី 2ឆ្នាំ 5ឆ្នាំ ឬ10ឆ្នាំទៅមុខ តើអាជីវកម្មរបស់អ្នកអាចពង្រីកខ្លួនបានទេ? ហើយពង្រីកខ្លួនដោយរបៀបណា?

4. រកស៊ី ដោយមានផែនការអាជីវកម្មច្បាស់លាស់

នៅក្នុងចំណុចចុងក្រោយជាចំណុចកាន់តែសំខាន់ ពីព្រោះវាជាចំណុចដែលអាចធ្វើឱ្យគំនិតអាជីវកម្មរបស់អ្នកអាចក្លាយជាការពិត និងមិនអាចក្លាយជាការពិត ពីព្រោះវាជាផែនទីបង្ហាញផ្លូវថាអ្នកនឹងត្រូវធ្វើបែបណាដើម្បីឱ្យអាជីវកម្មនោះដំណើរការ ព្រមទាំងអាចស្វែងរកប្រភពចំណូល និងការវិនិយោគបានយ៉ាងល្អ។

អ្នកអាចឈ្វេងយល់បន្ថែមពីផែនការអាជីវកម្មតាមតំណរភ្ជាប់ខាងក្រោ​ម៖