តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

72
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

នៅពេលគិតអំពីការចាប់ផ្ដើមអាជីវកម្ម មនុស្សជាច្រើនច្បាស់ណាស់ ពួកគេនឹងគិតថា ការដែលអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺត្រូវការលុយរាប់សែនដុល្លារ។ ជាក់ស្ដែងបើយោងតាមសៀវភៅ The $100 Startup របស់លោក Chris Guillebeau បានសរសេរបង្ហាញថា ការចាប់ផ្ដើមអាជីវកម្ម គឺវាត្រូវការលុយត្រឹមតែ 100$ ប៉ុណ្ណោះ។ បន្ថែមពីនេះ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររបស់ “គំនិត” គឺបានឱ្យដឹងថា ការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺអាចចាប់ផ្ដើមដោយគ្មានលុយក៏បាន គ្រាន់តែទាមទារដើមទុនជាចំណេះដឹងក្នុងការវិនិយោគលើអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ ហើយក៏អាចចាប់ផ្ដើមអាជីវកម្មក្នុងទំហំសាច់ប្រាក់ណាមួយឱ្យសមស្របតាមប្រភេទអាជីវកម្ម និងទំហំអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។

ហេតុដូច្នេះ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្ម ហើយមិនដឹងថាត្រូវការលុយប៉ុន្មានក្នុងការចាប់ផ្ដើមបាន គឺជំហានដំបូងអ្នកត្រូវដឹងថា អ្នកចង់ចាប់ផ្ដើមអាជីវកម្មអ្វី? ទំហំអាជីវកម្មកម្រិតណា? ហើយត្រូវការអ្វីខ្លះដើម្បីអាចចាប់ផ្ដើមបាន? ជាពិសេសការសរសេរផែនការអាជីវកម្ម ដើម្បីដឹងឱ្យបានច្បាស់ថា អ្នកនឹងធ្វើអ្វី និងត្រូវការចំណាយលើអ្វីខ្លះ? បន្ទាប់មកអ្នកនឹងដឹងយ៉ាងច្បាស់ថា អ្នកត្រូវការដើមទុនអ្វីខ្លះ ឬលុយប៉ុន្មានក្នុងការចាប់ផ្ដើម មិនមែនចាំមានលុយរាប់សែនដុល្លារឬលើសនេះ ទើបអាចចាប់ផ្ដើមអាជីវកម្មមួយបានទេ គឺអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន ចាប់ពីការគ្មានលុយក៏បាន សំខាន់គឺលើអ្នក ថាតើអ្នកជឿជាក់ក្នុងការធ្វើអាជីវកម្មនោះកម្រិតណា? ហើយចាប់ផ្ដើមវាដោយរបៀបណា? តើនរណានឹងជួយអ្នក?។ល។

ការចាប់ផ្ដើមអាជីវកម្មដ៏ល្អដំបូងគេ ចូរកុំទាន់ផ្ដោតគិតថា តើត្រូវមានលុយប៉ុន្មានដើម្បីចាប់ផ្ដើមអាជីវកម្ម? ប៉ុន្តែត្រូវផ្ដោតគិតដំបូងគេ លើចំណុចដូចខាងក្រោម៖

  1. តើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើផលិតផលឬសេវាកម្មអ្វី?
  2. ហេតុអ្វីអ្នកចង់ចាប់ផ្ដើមគំនិតអាជីវកម្មនោះ?
  3. ចាប់ផ្ដើមសិក្សាទីផ្សារ និងសរសេរផែនការអាជីវកម្មឱ្យបានជាក់លាក់
  4. វិនិយោគលើការកសាងម៉ាកយីហោផ្ទាល់ខ្លួន
  5. ពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការធ្វើអាជីវកម្មនោះ
  6. ចាប់ផ្ដើមពីអ្វីដែលអ្នកមាន និងអ្វីដែលអ្នកអាចធ្វើទៅបានសិន
  7. គិតផ្ដោតលើគោលដៅរយៈពេលវែង ដើម្បីព្យាយាមពីចំណុចសូន្យ ហើយត្រៀមទុនក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំស្របតាមទំហំដែលអ្នកចង់បាន។​