តើ Foodpanda រកលុយបានពីប្រភពណាខ្លះ?

73
តើ Foodpanda រកលុយបានពីប្រភពណាខ្លះ?

Foodpanda គឺជាវេទិកាសម្រាប់កម្ម៉ង់ និងដឹកអាហារ គ្រឿងទេសជាច្រើនតាមតម្រូវការនៅលើអ៊ីនធឺណិត ហើយគ្រប់គ្រងដោយលោក Delivery Hero។ បន្ថែមពីនេះ អ្វីដែលជាអត្ថប្រយោជន៍ខ្លាំងបំផុតនៃគំរូអាជីវកម្ម Foodpanda ផ្ដល់ជូនអតិថិជននោះគឺ ជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មដឹកជញ្ជូនអាហារតាមអ៊ីនធឺណិតកម្រិតខ្ពស់ ការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែប្រសើរ ការចូលរួមរបស់អ្នកប្រើប្រាស់ និងគាំទ្រភោជនីដ្ឋានក្នុងស្រុក។

សកម្មភាពជាច្រើនដែលក្រុមហ៊ុនយក្សមួយនេះបានធ្វើទាំងទីផ្សារ និងប្រតិបត្តិការសំខាន់នានាក្នុងការអាជីវកម្ម ដើម្បីធ្វើឱ្យ Foodpanda កាន់តែរីកចម្រើនខ្លាំងនៅលើទីផ្សារពិភពលោក។ ទោះបីជាយ៉ាងនេះក្ដី តើអ្នកដឹងទេថា Foodpanda បានរកប្រាក់ចំណូលពីប្រភពណាខ្លះ? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញ។

1. ថ្លៃចុះឈ្មោះភោជនីយដ្ឋាន

គ្រប់ភោជនីដ្ឋានទាំងអស់ដែលចង់ដាក់លក់ជាមួយវេទិកា Foodpanda គឺក្រុមហ៊ុន Foodpanda ទាមទារឱ្យភោជនីដ្ឋាននោះធ្វើការបង់ថ្លៃលើការចុះឈ្មោះជាមុនសិន។ ចំពោះតម្លៃនៃការចុះឈ្មោះ គឺចន្លោះពី 100$ ទៅ 150$។

2. កម្រៃជើងសារ (Commission)

ភោជនីយដ្ឋានត្រូវបង់កម្រៃជើងសារទៅឱ្យ Foodpanda រាល់ការបញ្ជាទិញនីមួយៗដែលពួកគេទទួលបានតាមរយៈវេទិកា។ ពួកគេត្រូវបង់ពី 15 ទៅ 25% ទៅឱ្យ Foodpanda ជាមួយនឹងពន្ធទាំងអស់។ កម្រៃជើងសារ ត្រូវបានកំណត់ដោយផ្អែកលើទីតាំងរបស់ភោជនីយដ្ឋាន បរិមាណ និងប្រភេទនៃការបញ្ជាទិញដែលភោជនីយដ្ឋានទទួលបាននៅលើវេទិការបស់ Foodpanda។

3. ថ្លៃដឹកជញ្ជូន

រាល់អតិថិជនដែលបញ្ជាទិញតាមរយៈវេទិកា Foodpanda គឺត្រូវគិតថ្លៃដឹកជញ្ជូនទាំងអស់ ដោយថ្លៃដឹកជញ្ជូននេះអាស្រ័យលើចម្ងាយដែលត្រូវធ្វើដំណើររវាងអតិថិជន និងទីតាំងភោជនីយដ្ឋាន។

4. ការផ្សាយពាណិជ្ជកម្ម

ម្ចាស់អាជីវកម្មជាច្រើននាក់ដែលប្រើប្រាស់ Foodpanda ដើម្បីផ្សាយពាណិជ្ជកម្មក្នុងគោលបំណងជួយពួកគេឱ្យបង្កើនភាពមើលឃើញដល់អតិថិជន។ អាជីវកម្មទាំងនោះ ត្រូវបង់ថ្លៃថេរ ដើម្បីផ្សាយពាណិជ្ជកម្មម៉ាករបស់ខ្លួននៅលើវេទិកា Foodpanda។

5. ការជាវ (Subscriptions)

ក្រុមហ៊ុន Foodpanda បានបង្កើត Pandapro ដែលវា​ត្រូវ​បាន​ផ្តល់​នូវ​កម្មវិធី​ជាវ​ប្រចាំ​ខែ​សម្រាប់​អ្នក​ប្រើ​ប្រាស់ទាំងអស់ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង និង​អត្ថប្រយោជន៍​ផ្តាច់​មុខ។ ចំពោះអត្ថប្រយោជន៍ រួមមានការដឹកជញ្ជូនដោយឥតគិតថ្លៃ ការចូលទៅកាន់ការបញ្ចុះតម្លៃ និងប័ណ្ណទូទាត់ផ្សេងៗ។ បន្ថែមពីនេះ ចំពោះតម្លៃនៃការជាវ (Subscriptions) គឺគិតថ្លៃអាស្រ័យលើប្រទេស រស់នៅរបស់អតិថិជន។

6. ប្រាក់ចំណូលសម្ព័ន្ធ

នៅក្នុងចំណុចនេះ សំដៅលើការរកប្រាក់ចំណូលតាមរយៈ Foodpanda បង្កើតការណែនាំលើប័ណ្ណឥណទានផ្សេងៗរបស់ធនគារ ដើម្បីជំរុញប្រតិបត្តិការ ការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃលើកាតរបស់ធនាគារទាំងនោះ។