ធ្លាប់ឆ្ងល់ទេ ហេតុអ្វីគ្រប់ជណ្តើរយន្ត តែងតែមានកញ្ចក់?

168
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីគ្រប់ជណ្តើរយន្ត តែងតែមានកញ្ចក់?

ការបង្កើតឱ្យមានជណ្ដើរយន្តសម្រាប់អគារខ្ពស់ៗ វាជាផ្នែកមួយជួយសម្រួលដល់មនុស្សក្នុងការត្រូវដើរតាមជណ្ដើរជើង ដែលវាធ្វើឱ្យមនុស្សហត់ និងធុញទ្រាន់កាន់តែខ្លាំងក្នុងការឡើងចុះពីជាន់នីមួយៗនៅក្នុងអគារទាំងនោះ។ ទោះបីជាយ៉ាងនេះក្ដី អ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាគ្រប់ជណ្ដើរយន្ត តែងតែគេដាក់ឱ្យមានកញ្ចក់? ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងពន្យល់បកស្រាយនូវចម្ងល់មួយនេះជូនអ្នក។

1. ជួយអ្នកជិះឱ្យមានអារម្មណ៍ល្អ

ជាទូទៅ នៅពេលអ្នកជិះជណ្ដើរយន្តបើអ្នកក្រឡែកមើលជុំវិញដោយគ្មានឃើញអ្វីទាំងអស់ នោះនៅពេលជណ្ដើរយន្តឡើងឬចុះទៅកាន់ជាន់ដែលអ្នកចង់ទៅដល់នោះ វានឹងអាចធ្វើឱ្យអ្នកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចមិនខាន។ ហេតុដូចនេះ ទើបគេដាក់កញ្ចក់នៅក្នុងជណ្ដើរយន្តដើម្បីបង្វែរអារម្មណ៍អ្នកជិះកុំឱ្យមានភាពភ័យខ្លាច និងជួយធ្វើឱ្យពួកគេរងចាំដោយគ្មានភាពធុញទ្រាន់ ឬគ្មានអារម្មណ៍ថារងចាំយូរឡើយ ព្រោះកាលណានៅទីនោះមានកញ្ចក់ ទំនោររបស់មនុស្សគឺចូលចិត្តឆ្លុះកញ្ចក់និងចូលចិត្តមើលអំពីខ្លួនឯង ដូច្នេះពួកគេនឹងលុបបំបាត់នូវអារម្មណ៍ភ័យខ្លាច ធុញទ្រាន់នឹងការរងចាំ ហើយផ្ដោតលើការឆ្លុះកញ្ចក់មើលខ្លួនឯង ឬទាញកាំមេរ៉ាដើម្បីថតជាដើម។

2. ធ្វើឱ្យអ្នកជិះស្ថិតនៅក្នុងតំបន់សុវត្ថិភាព

នៅក្នុងជណ្ដើរយន្ត ជាទីកន្លែងដែលមានទីធ្លារតូច ហើយមនុស្សផ្សេងៗគ្នាអាចចូលមកបានទាំងអស់ ហេតុនេះ អ្នកជិះអាចនឹងមិនស្គាល់គ្នាឡើយ ហើយកាន់តែមិនដឹងថាអ្នកជិះជាមួយនោះជាមនុស្សល្អ ឬមនុស្សមិនល្អដែលចង់ធ្វើសកម្មភាពចោរកម្ម។ល។ ហេតុនេះ ទើបគេដាក់កញ្ចក់មក ដើម្បីធ្វើឱ្យអ្នកជិះទាំងអស់មានអារម្មណ៍សុវត្ថិភាពទោះបីជាកំពុងនៅក្នុងជណ្ដើរយន្តជាមួយមនុស្សមិនស្គាល់ក៏ដោយ ក៏អ្នកមានអារម្មណ៍ថាសុវត្ថិភាព តាមរយៈការអាចមើលឃើញសកម្មភាពនានាពីអ្នកជិតខ្លួននៅតាមកញ្ចក់។​ បន្ថែមពីនេះ ការដាក់កញ្ចក់នៅក្នុងជណ្ដើរយន្ត ជាចិត្តសាស្រ្តមួយដែលធ្វើឱ្យអ្នកជិះទាំងអស់មានអារម្មណ៍ថាផាសុកភាព និងសុវត្ថិភាពជានិច្ច។