នាពេលអនាគតថ្មពិលនឹងអាចប្រើបានដល់ទៅ ៨០ម៉ោង

879
បញ្ហាថ្មទូសព្ទ
រូបភាពទី ១ និង ទី ២៖ បញ្ហាថ្មទូរសព្ទ

តើអ្នក​ជឿទេ​ថាក្នុងរយៈ​ពេល ៣​ទៅ ៥ ឆ្នាំទៀត​ថ្ម​(ពិល)ទូរសព្ទ​ដៃ ឬ កុំព្យូទ័រ​ចល័ត ឬ iPad2 ​អាច​ប្រើបាន​ដល់ទៅ ៨០​ម៉ោងហើយ​ត្រូវការពេល​សាកតែកន្លះ​ម៉ោងប៉ុណ្ណោះ?

ថ្ងៃនេះ «គំនិត» សូម​លើកយក​អត្ថបទ​មួយទាក់ទង​នឹងថ្ម​សាក​បាន​ដែលមាន​ធ្វើពី លីតចូម​ដែលគេនិយមហៅថា​ ថ្ម​លីតចូម ប្រើក្នុងទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីនស្តាប់​ចម្រៀង​ចល័ត ព្រមទាំង​ឧបករណ៍​ចល័ត​ទាំងឡាយ​ដែលដើរ​ដោយថាមពល​អគ្គិសនី​ព្រោះឧបករណ៍​ទាំងនេះ ​ត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​នៃជិវិត​របស់មនុស្ស​ទាន់សម័យ។ អត្ថបទនេះ​នឹងក្លាយ​ជាអត្ថបទ​ដែលអ្នក​ពេញចិត្ត​បើ​អ្នកគិត​ថា រយៈពេល​ដែលទូរសព្ទដៃ ឬ កុំព្យូទ័រចល័ត ឬ iPad2 របស់អ្នក​ដំណើរការ​ក្រោយការសាកម្តងៗ​មិនបំពេញនូវតម្រូវការរបស់អ្នក (ឧ. រលត់ចំកណ្តាលពេលសំខាន់អ្វីមួយ)​ ព្រោះ​អត្ថបទ​នេះនឹង​លើក​យក បច្ចេកវិទ្យាថ្មី​មួយដែល​អ្នកវិទ្យាសាស្រ្ត​ទើបនឹង​រក​ឃើញ​ដែលអាច​ផលិតថ្ម​លីតចូម​ដែល​អាចដំណើរការ​បាន ១០ដងវែង​ជាងមុន (ឧ. ពី ៨ ម៉ោងទៅ ៨០ម៉ោង)។ ដូច្នេះអ្នកលែងព្រួយបារម្ភពីការសាក ទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីន​ស្តាប់ចម្រៀង​ចល័ត​ ឬ iPad2 របស់អ្នក​ទៀតហើយ។

 

បញ្ហាថ្មកុំព្យូទ័រចល័ត
បញ្ហាថ្មកុំព្យូទ័រចល័ត

សូមរីករាយនូវអត្ថបទនេះដូចតទៅ៖

យើងទាំងអស់គ្នា​ដឹងហើយ​ថាថ្ម​ត្រូវបានចែក​ចេញជា ២ ប្រភេទ៖ សាកបាន និង មិនសាក(ធម្មតា)បាន។ សូមបើករង្វង់​កញ្ចកដើម្បីពន្យល់​ពីប្រភេទថ្ម​បន្តិច៖

ភាខុសគ្នាចម្បង​នោះគឺថ្ម​សាកបាន​មានតម្លៃរាង​ថ្លៃជាង​ថ្មធម្មតា​បន្តិចតែវា​មាន​សារ​ប្រយោជន៍​ច្រើន​​​ជួយសន្សំ​សំចៃ​​ព្រមទាំង​​មិនសូវប៉ះពាល់​ដល់បរិស្ថាន​ផងដែរ។​ អាយុ​(រយៈពេលដែល​ថ្មនោះ​មានអនុភាព)​របស់​ថ្ម​សាកបាន​ជាលក្ខណៈ​សំខាន់មួយ​​ពោលគឺ អាយុថ្ម​កាន់តែវែង​កាន់តែល្អ​ព្រោះ​យើងទាំងអស់​គ្នាមិន​ចង់សាក​វាញឹកពេក​ទេ។​ ម្យ៉ាងវិញ​ទៀតរយៈ​ពេលសាក​ក៏មាន​សារៈសំខាន់​ដូ

ច្នោះ​ដែរព្រោះទោះ​ជាវាមាន​អាយុវែង​តែបើត្រូវ​ការពេលសាក​យូរនោះ​វាក៏មិនសូវ​ជាល្អដែរ​ព្រោះយើងទាំងអស់គ្នា​មិនចូល​ចិត្ត​រងចាំ​។

ថ្ម​សាក​បានបច្ចុប្បន្ន​មានដូចជា ថ្មលីតចូម (ដែលពួកយើងស្គាល់ជាទូទៅ) ថ្ម នីកែលកាដដ្យូម និង​ថ្មជាច្រើន​ទៀត​ដែលមាន​ឈ្មោះជា​ភាសាបច្ចេកទេស​ និង បរ

ទេស។ រយៈ​ពេលប្រើប្រាស់​របស់វា​ជាមធ្យមគឺ ពី ៨ ទៅ ១០ ម៉ោង​សម្រាប់ ទូរសព្ទដៃទាន់សម័យ ឬ កុំព្យូទ័រចល័ត ឬ iPad2 ។ ហើយ​ត្រូវការ​ពេលសាក​ឲ្យពេញយ៉ាង​ហោចណាស់​ក៏ ១ ទៅ ៣​ ម៉ោងដែរ។ មូលហេតុ​គឺថ្មនេះ​ត្រូវការ​ឲ្យ អ៊ីយ៉ុង លីតចូម​ផ្លាស់ទី ពី អេឡិចត្រូត​មួយទៅ​អេឡិចត្រូត​មួយទៀត​។​ហើយ​ដំណើរការ​នេះត្រូវការ​ពេល​យូព្រោះ​អ៊ីយ៉ុងទាំងនោះ​ត្រូវធ្វើដំណើរ​លើបន្ទះ កាបូនក្រាភីន (carbon-based graphene sheets )​មួយ​ដែលបង្ករ​ឲ្យមានភាព​យឹតយាវ។ ម្យ៉ាងវិញ​ទៀតការ​ប្រើបន្ទះ​កាបូនក្រាភីន នេះ​ជាមូលដ្ឋាន​នៃការធ្វើ​ដំណើរ​របស់ លីតចូម​​មិនអនុញ្ញាត​ឲ្យបន្ទះនេះ​ផ្ទុក អ៊ីយ៉ុងលីតចូម​បានច្រើន​ទេ​។ នេះ ជាហេតុដែល​ធ្វើឲ្យ​ថ្មលីតចូម​បច្ចុប្បន្ន​អាចដំណើរការ​ជាមធ្យមបានយ៉ាង​ច្រើន ៨ ទៅ ១០ ម៉ោង។

ដើម្បីដោះ​ស្រាយ​បញ្ហាខាងលើនេះ​អ្នកវិទ្យាសាស្រ្ត​នៃក្រុម​ស្រាវជ្រាវ កុង (Kung) នៃសាកលវិទ្យាល័យ នតវែស (Northwestern University)​បានរកឃើញ​បច្ចេកវិទ្យាថ្មី​ដោយប្រើ បន្ទះ​សីលីខុន​ដែលស្រោប​ដោយបន្ទះ​កាបូនក្រាភីន​​ជំនួស​បន្ទះកាបូនក្រាភីន​តែឯកឯង​វិញ។ ការធ្វើ​ដូចនេះ​គឺអ្នកវិទ្យាសាស្រ្ត​អាចបន្កើន​ចំនួន អ៊ីយ៉ុងលីតចូម​ដែលអាចផ្ទុក​ក្នុងថ្មនោះ​បានចំនួនច្រើនជាងមុន ១០ ដងព្រោះ អាតូមកាបូន៦អាចផ្ទុក អ៊ីយ៉ុងលីតចូម១ តែ អាតូម ស៊ីលីខុន​មួយអាចផ្ទុក អ៊ីយ៉ុងលីតចូមបានដល់ទៅ ១០។ នេះ ជា​មូលហេតុ​នៃការពន្យា​អាយុរបស់ថ្ម​ពិលលីតចូម​ឲ្យមានអាយុកាល​វែងជាមុន​ ១០ ដង​។ ដោយសារ​តែចំនួន​អាតូមដែល​ត្រូវការផ្ទុក អ៊ីយ៉ុងលីតចូម ទាំងនេះ​ថយចុះ ព្រមទាំងទម្រង់​របស់ស៊ីលីខុន​អនុញ្ញាត​ឲ្យការដឹក​ជញ្ជូន​អ៊ីយ៉ុង​លីតចូម​មាន​ភាពងាយ​ស្រួល​ជាងមុន រយៈ​ពេលនៃ​ការសាក​ក៏ត្រូវបាន​កាត់បន្ថយ​ដូច្នោះដែរ​។ អ្នកវិទ្យាសាស្រ្ត​នៃក្រុមស្រាវជ្រាវ កុង បា​ននិយាយថា​ក្នុងរយៈពេល​ពី ៣ ទៅ ៥​ ឆ្នាំ​ទៅមុខទៀត​ថ្មនេះ​នឹងត្រូវ​បានផលិតសម្រេចជា​ស្ថាពរ​សម្រាប់​ចែកចាយ​តាមទីផ្សា​សម្រាប់​មហាជន​ទូទៅប្រើប្រាស់​បាន។ ក្នុង​ខ្លឹមសារ​នេះពួកគេ​សង្ឃឹមថា​របកគំហើញ​នេះនឹង​បើកផ្លូវមួយ​ដល់ការរីក​លូតលាស់​នៃរថយន្ត​ អគ្គិសនី​ផងដែរ។ ដូចនេះ​សូមកុំភ្លេច​តាមដាន «គំនិត» ព្រោះបើ​មានព័ត៌មាន​ថ្មីទាក់ទង​នឹងបច្ចេកវិទ្យា​នេះ «គំនិត» ​នឹងលើក​យកមក​ចែក​រំលែក​ជាថ្មីម្តងទៀត។

សម្រាប់ពាក្យបច្ចេកទេសមួយចំនួនដែលអ្នកមិនយល់ អ្នកអាចសួរដោយសរសេរជាវាចា នៅខាងក្រោមអត្ថបទ។

រូបតំណាងចរាចណ៍នៃការដឹកជញ្ជូនអ៊ីយ៉ុង លីតចូម (Li)
រូបតំណាងចរាចណ៍នៃការដឹកជញ្ជូនអ៊ីយ៉ុង លីតចូម (Li)

ឯកសារយោង៖

ដកស្រង់ចេញពីគេហទំព័រ៖​ http://www.sciencedaily.com/releases/2011/11/111114142047.htm

និងអត្ថបទដើម៖

Xin Zhao, Cary M. Hayner, Mayfair C. Kung, Harold H. Kung. In-Plane Vacancy-Enabled High-Power

Si-Graphene Composite Electrode for Lithium-Ion Batteries. Advanced Energy Materials, 2011; 1 (6): 1079 DOI: 10.1002/aenm.201100426

រូបភាពទី១៖
http://www.infobarrel.com/media/image/37923.jpg

រូបភាពទី២៖

http://gritzmacher.net/wp/wp-content/uploads/2010/08/deal-rude-people-200X200.jpg

រូបភាពទី៣៖

http://us.cdn4.123rf.com/168nwm/blackcurrent1/blackcurrent11105/blackcurrent1110500027/9530754-woman-looking-in-disbelief-at-her-laptop-screen.jpg

* ចំណាំ៖ ថ្ម ក្នុងអត្ថបទនេះ គឺចង់សំដៅទៅលើថ្ម (គ្រឿងអេឡិចត្រូនិច) មិនមែនថ្ម (ឬ ដុំថ្ម) ឡើយ។

 

Previous articleតើខ្ញុំត្រូវប្រឡងអ្វីខ្លះដើម្បីដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស?
Next articleរីករាយជាមួយច្បាប់ទំនាញរបស់លោក ញូតុន (Newton)
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។