បច្ចេកវិទ្យាកម្ពុជា CheckinMe បានឈ្នះពានរង្វាន់ 1st Runner Up ក្នុងកម្មវិធី Alibaba Cloud

51
បច្ចេកវិទ្យាកម្ពុជា CheckinMe បានឈ្នះពានរង្វាន់ 1st Runner Up ក្នុងកម្មវិធី Alibaba Cloud

CheckinMe បានបង្កើតឡើងដោយលោក ឡី កំថូង ដែលវាជាដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មខ្នាតមធ្យមក្នុងការប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មានបុគ្គលិក វត្តមានបុគ្គលិកច្បាស់លាស់ ការស្នើសុំច្បាប់របស់បុគ្គលិក និងការអនុម័តច្បាប់តាមអនឡាញ ព្រមទាំងសកម្មភាពបុគ្គលិកចេញក្រៅ (Sales Outdoor) ដោយស្វ័យប្រវត្តិ។

នាពេលថ្មីៗនេះ CheckinMe ដែលជាបច្ចេកវិទ្យាកម្ពុជា បានឈ្នះពានរង្វាន់ 1st Runner Up ក្នុងកម្មវិធី Alibaba Cloud របស់ប្រទេសចិន ដោយក្នុងនោះបានយកឈ្នះក្រុមហ៊ុន Startup បរទេសចំនួន 130។ ហើយនេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជាផងដែរ ដោយ CheckinMe មិនត្រឹមតែជួយផ្ដល់ការងារដល់ប្រជាជនខ្មែរ ជួយសេដ្ឋកិច្ចក្នុងស្រុក និងរកប្រាក់ចំណេញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអាចលើកមុខមាត់កិត្តិយសប្រទេសកម្ពុជាទៅកាន់បរទេសទៀតផង។

CheckinMe

គួរបញ្ជាក់ផងដែរថា កម្មវិធី Alibaba Cloud បានទទួលការដាក់ពាក្យចូលរួមពីក្រុមហ៊ុន StartUp ចំនួន 150 មកពីប្រទេសសាំងហ្គាពួរ ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសបាគីស្ថាន និងប្រទេសកម្ពុជា។ ក្រុមហ៊ុនដែលបានចូលរួមទាំងអស់ នឹងត្រូវឡើងធ្វើបទបង្ហាញពីផែនការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានការបោះឆ្នោតពីគណៈកម្មការ។ ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ចំនួន 3 បានឆ្លងផុតរួចមកដល់វគ្គ50 និងវគ្គ 20ក្រុមចុងក្រោយ។

នៅថ្ងៃទី 29 ខែតុលា ឆ្នាំ2022 នេះ ការប្រកួតជុំចុងក្រោយនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកក្រុមហ៊ុន 3ចុងក្រោយ ហើយជាលទ្ធផលក្នុងចំណោមក្រុមហ៊ុន3 ចុងក្រោយ ក៏រួមមានក្រុមហ៊ុន CheckinMe ផងដែរ ដែលនឹងហោះទៅប្រកួតបន្តទៀតនៅប្រទេសចិន ដើម្បីរកអ្នកលេខ1 លេខ2 និងលេខ3 ដែលមានសិទ្ធិទទួលយកប្រាក់សម្រាប់វិនិយោគលើអាជីវកម្មរបស់ខ្លួន ដែលមានទុនសរុបក្នុងកម្មវិធីរហូតដល់ទៅ 100លានដុល្លារអាមេរិក។