spot_img
spot_img
Homeធុរកិច្ចបញ្ហាប្រឈមធំបំផុតរបស់ម្ចាស់អាជីវកម្មខ្នាតតូច

បញ្ហាប្រឈមធំបំផុតរបស់ម្ចាស់អាជីវកម្មខ្នាតតូច

-

អាជីវកម្មខ្នាតតូច ជាប្រភេទអាជីវកម្មដែលមានកង្វះខាតលើចំណុចជាច្រើនជាងអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញពីបញ្ហាប្រឈមមួយចំនួន និងផ្ដល់ជាដំណោះស្រាយដើម្បីផ្ដល់ជាគំនិតនិងជាគន្លឹះសម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការចៀសវាងរាល់បញ្ហាប្រឈមទាំងឡាយ និងអាចពង្រឹងអាជីវកម្មខ្នាតតូចឱ្យរីកចម្រើន ព្រមទាំងអាចបម្លែងអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈស្ដង់ដារជាងមុន។

ខាងក្រោមនេះ ជាបញ្ហាប្រឈមមួយចំនួនដែលអាជីវកម្មខ្នាតតូចអាចប្រឈមមុខ រួមមាន៖

1. ការស្វែងរកអតិថិជន

រាល់ការធ្វើអាជីវកម្ម តែងតែទាមទារឱ្យមានអតិថិជនមកចូលទិញឱ្យបានច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់អាជីវកម្មខ្នាតតូច គឺពិបាកក្នុងការស្វែងរកអតិថិជនឱ្យបានច្រើន ដោយមនុស្សមិនសូវស្គាល់ និងសូវជឿទុកចិត្តលើម៉ាកយីហោ ព្រោះជាអាជីវកម្មខ្នាតតូច។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • កំណត់ប្រភេទអតិថិជនគោលដៅ
 • សិក្សាស្រាវជ្រាវទីផ្សារបន្ថែម
 • សម្រុកធ្វើទីផ្សារឱ្យសមស្របជាមួយនឹងក្រុមអតិថិជនគោលដៅ
2. ការកសាងការយល់ដឹងអំពីម៉ាកយីហោ

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអតិថិជន ម្ចាស់អាជីវកម្មគ្រប់រូបក៏ចង់ធ្វើឱ្យប្រាកដថាពួកគេចងចាំអាជីវកម្មរបស់ខ្លួន ហើយត្រលប់មកម្តងទៀត។ ជំហាននេះ ការកសាងការយល់ដឹងអំពីម៉ាកយីហោ គឺជាកន្លែងដែលអាជីវកម្មជាច្រើនជួបការលំបាក ជាពិសេសនៅក្នុងទីផ្សារនៃអាជីវកម្មខ្នាតតូច។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • ធ្វើឱ្យម៉ាកយីហោអាជីវកម្មមានភាពរឹងមាំ
 • អភិវឌ្ឍន៍អត្តសញ្ញាណម៉ាកយីហោ និងរឿងរ៉ាវរបស់អាជីវកម្ម ឬរបស់អ្នកផ្ទាល់
 • ការធ្វើទីផ្សារដោយផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងជាមួយអតិថិជន
3. ពិបាកជួលបុគ្គលិកខ្លាំងពូកែ

បញ្ហាសំខាន់បំផុតដែលប្រឈមមុខនឹងអាជីវកម្មខ្នាតតូច គឺគុណភាពការងារ ហើយនៅពេលអាជីវកម្មខ្នាតតូចមានភាពរីកចម្រើន នោះក៏តម្រូវឱ្យម្ចាស់អាជីវកម្មជ្រើសរើសបុគ្គលិកថ្មីម្នាក់ឬច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺពិបាកស្វែងរកមនុស្សដែលមានសមត្ថភាពខ្លាំងឬសក្តិសមនឹងមុខតំណែងដែលកំពុងជ្រើសរើស។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • ស្វែងរកអ្នកដែលមានសមត្ថភាពនិងមានអាកប្បកិរិយាល្អៗឱ្យបានច្រើន ដោយធ្វើយ៉ាងណាឱ្យពួកគេមើលឃើញពីបេសកកម្មក្រុមហ៊ុនឬគុណតម្លៃដែលពួកគាត់ចង់បាន ព្រមទាំងធ្វើឱ្យពួកគាត់បានមើលឃើញថា គាត់អាចរីកចម្រើននៅកន្លែងក្រុមហ៊ុនរបស់អ្នក
 • បង្កើតឱ្យមានដំណើរការជ្រើសរើសបុគ្គលិកដ៏ល្អ និងការចាប់ផ្តើមដែលមានគុណតម្លៃខ្ពស់
 • កំណត់បុគ្គលិកលក្ខណៈសម្រាប់បុគ្គលិក ដើម្បីងាយស្រួលក្នុងការជ្រើសរើស
4. ការធ្វើផែនការហិរញ្ញវត្ថុ

ការដែលមានដើមទុនច្រើននៅក្នុងអាជីវកម្ម គឺជួយបង្កើនសមត្ថភាព ប្រសិទ្ធភាព និងគុណភាពនៅក្នុងអាជីវកម្ម។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះអាជីវកម្មខ្នាតតូច គឺការពិបាកក្នុងការធ្វើផែនការហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចជាពិបាកក្នុងការប្រើប្រាស់សាច់ប្រាក់ឱ្យបានល្អ និងពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • មានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញគណនេយ្យ
 • ជ្រើសរើសបុគ្គលិកដែលជាអ្នកជំនាញផ្នែកគណនេយ្យ និងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ឬអាចស្វែងរកអ្នកប្រឹក្សាហិរញ្ញវត្ថុ ដើម្បីអាចជួយក្នុងការវិភាគស្ថានភាពហិរញ្ញវត្ថុនិងជួយអ្នកឱ្យសម្រេចចិត្តបានល្អជាងមុន
5. កង្វះដើមទុន និងបញ្ហាលំហូរសាច់ប្រាក់

ការដែលមានដើមទុននិងលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្មល្អ គឺជាសរសៃឈាមជីវិតរបស់អាជីវកម្ម ដោយផ្តល់ទាំងសាច់ប្រាក់ប្រតិបត្តិការ និងអាចពង្រីកឬច្នៃប្រឌិតបន្ថែមនៅក្នុងអាជីវកម្ម ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមដ៏ធំបំផុតដែលអាជីវកម្មខ្នាតតូចប្រឈមមុខ គឺកង្វះដើមទុននិងបញ្ហាលំហូរសាច់ប្រាក់។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • ស្វែងរកដើមទុនពីដៃគូសហការ ឬផ្សេងៗទៀត
 • ចេះគ្រប់គ្រងដើមទុន និងលំហូរសាច់ប្រាក់ឱ្យមានដំណើរការល្អ
6. កង្វះបច្ចេកវិទ្យា

នៅក្នុងសម័យនេះ បច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់ប្រើប្រាស់នៅក្នុងគ្រប់ប្រភេទអាជីវកម្ម ដូច្នេះអាជីវកម្មខ្នាតតូច ក៏ត្រូវការបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះអាជីវកម្មខ្នាតតូចនោះ គឺកង្វះបច្ចេកវិទ្យា ដែលជាហេតុធ្វើឱ្យបាត់បង់នូវការបង្កើតទំនាក់ទំនងដ៏មានប្រសិទ្ធភាពជាមួយអតិថិជន ធ្វើឱ្យប្រតិបត្តិការដំណើរការមិនរលូន ពិបាកបត់បែនក្នុងប្រតិបត្តិការអាជីវកម្ម និងមានការចំណាយច្រើនលើការធ្វើទីផ្សារជាដើម។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

 • ត្រូវតែមានចំណេះដឹងឱ្យបានច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា
 • ជ្រើសរើសបុគ្គលិកដែលមានជំនាញខ្លាំងលើបច្ចេកវិទ្យា
 • សេពគប់ជាមួយបុគ្គលដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាឱ្យបានច្រើននិងអាចប្រឹក្សាឬសហការជាមួយនឹងពួកគេ
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ