បាត់មុខជិត 2 ឆ្នាំ ត្រឡប់មកវិញ លោក JacK Ma ងាកមកចាប់អារម្មណ៍ចង់ធ្វើកសិកម្មឱ្យទំនើបជាងមុន!

37
បាត់មុខជិត 2 ឆ្នាំ ត្រឡប់មកវិញ លោក JacK Ma ងាកមកចាប់អារម្មណ៍ចង់ធ្វើកសិកម្មឱ្យទំនើបជាងមុន!

កាលពីឆ្នាំ 2020 មក ចាប់តាំងពីលោក Jack Ma បាននិយាយធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរដ្ឋាភិបាលនៅក្នុងឱកាសពិធីប្រកាសនាំក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ឡើង​ IPO យើងសង្កេតឃើញថាលោក Ma មិនដែលបង្ហាញមុខនិយាយចែករំលែកចំណេះដឹងតាមទីសាធារណៈដូចមុនៗទៀតឡើយ។ ប៉ុន្តែកាលពីថ្ងៃទី 2 ខែកក្កដា ឆ្នាំ2022 ថ្មីៗនេះ លោក Ma បានបង្ហាញមុខម្ដងទៀត ដោយស្លៀកសម្លៀកបំពាក់បែបសាមញ្ញបំផុតនៅសាកលវិទ្យាល័យមួយនៅកណ្ដាលប្រទេសហូឡង់។

គួរបញ្ជាក់បន្ថែមផងដែរថា លោក Jack Ma មានអាយុ 57ឆ្នាំ ហើយបច្ចុប្បន្ននេះក៏ជាស្ថាបនិកនៃក្រុមហ៊ុន Alibaba Group Holding។ ម្យ៉ាងវិញទៀត ចំពោះការដែលលោកបង្ហាញមុខម្ដងទៀត គឺលោកចង់ឈ្វេងយល់បន្ថែមពីរបៀបកែលម្អផលិតកម្មផ្នែកម្ហូបអាហារប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Wageningen & Research (WUR) ដែលជាសាកលវិទ្យាល័យសាធារណៈនៅប្រទេសហូឡង់ដ៏ល្បីល្បាញលើការសិក្សាផ្នែកកសិកម្ម។ បន្ថែមពីនេះ លោក Ma ក៏បានទៅទស្សនាផ្ទះកញ្ចក់បច្ចេកវិទ្យាលំដាប់ខ្ពស់នៅក្នុងបរិវេណសាលាក៏ដូចជាប្រទេសហូឡង់ Plant Eco -phenotyping Centre ផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់សាកលវិទ្យាល័យនោះផ្ទាល់។

លើសពីនេះ លោក Ma ក៏បានបង្កើតមូលនិធិក្រោមឈ្មោះរបស់គាត់ដើម្បីបន្តសកម្មភាពមនុស្សធម៌ ចង់ទទួលបានការយល់ដឹងអំពីការចិញ្ចឹមសត្វ និងនេសាទប្រកបដោយនិរន្តរភាព ដើម្បីលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់គាត់ទាំងស្រុងចំពោះវិស័យកសិកម្ម និងនិរន្តរភាពអាហារ រួមទាំងនៅវាលខ្សាច់ Gobi ហើយនេះបើយោងតាមការចុះផ្សាយរបស់ WUR

លោក Jack Ma ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែមានភាពទាក់ទាញ និងទំនើបជាងមុនសម្រាប់យុវជន យុវនារីទាំងអស់។ ហើយលោកក៏មានបំណងចង់ធ្វើទស្សនកិច្ចមួយផ្សេងទៀតនៅពេលអនាគត ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហការលើចំណាប់អារម្មណ៍ខាងលើ។

ចំពោះចំណាប់អារម្មណ៍ចង់ធ្វើឱ្យវិស័យកសិកម្មកាន់តែទំនើបនេះ គឺជាការបំផុសគំនិតមួយដែលគាត់បានរកឃើញនៅក្នុងទ្វីប ហើយគាត់ក៏ជឿជាក់ថា ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាជាមួយនឹង cloud computing របស់ក្រុមហ៊ុន Alibaba ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងអាចបង្កើតសក្តានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន។ បន្ថែមពីនេះ លោក Ma ក៏ធ្លាប់បានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់គាត់ក្នុងរយៈពេលជាងមួយឆ្នាំបើរាប់ចាប់ពីខែតុលា ឆ្នាំ2021 ដោយលោក Ma បានទៅទស្សនាស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសហូឡង់ និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្តាលលើជំនាញក្នុងវិស័យកសិកម្មនេះ។