បើអតិថិជនខឹង តើគួរធ្វើបែបណាទើបរំសាយកំហឹងអតិថិជនបាន?

121
បើអតិថិជនខឹង តើគួរធ្វើបែបណាទើបរំសាយកំហឹងអតិថិជនបាន

ការធ្វើអាជីវកម្មអ្វីក៏ដោយ តែងតែព្យាយាមបង្កើតនូវបទពិសោធន៍ល្អៗជាមួយអតិថិជន ដើម្បីធ្វើឱ្យពួកគេមានការពេញចិត្ត និងសប្បាយចិត្ត ព្រមទាំងអាចត្រឡប់មកទិញម្ដងទៀត។ ទោះបីជាយ៉ាងនេះក្ដី​ វាក៏នៅតែមានចន្លោះខ្វះខាតណាមួយដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ឬឈានដល់ការខឹងជាដើម។

ហេតុនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជន ប្រសិនបើជួបស្ថានភាពបែបនេះ ដូចជាអតិថិជនកំពុងមានការខឹងខ្លាំង តើត្រូវធ្វើបែបណាដើម្បីសម្រួលស្ថានភាព និងអាចរំសាយកំហឹងអតិថិជន ហើយធ្វើឱ្យពួកគេសប្បាយចិត្តឡើងវិញបាន?

angry customer

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញគន្លឹះមួយចំនួន ដើម្បីអ្នកអាចយកអនុវត្តន៍ក្នុងការរំសាយកំហឹងរបស់អតិថិជនឱ្យបានល្អបំផុត។

1. ធ្វើជាអ្នកស្ដាប់ដ៏ល្អ

នៅក្នុងចំណុចនេះ អ្នកត្រូវអនុញ្ញាតឱ្យអតិថិជននិយាយឱ្យបានច្រើននូវភាពមិនពេញចិត្តរបស់ពួកគេ ហើយអ្នកត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អ ដើម្បីឈ្វេងយល់ពីបញ្ហារបស់អតិថិជន។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្ហាញពីភាពយល់ចិត្តដល់អតិថិជន ថាអ្នកពិតជាយល់ពីស្ថានភាពរបស់ពួកគេ ហើយហេតុអ្វីបានជាវាធ្វើឱ្យអតិថិជនមានការខឹងបែបណា?

ជារួមមក អ្នកត្រូវស្ដាប់ការនិយាយរបស់អតិថិជនដោយយកចិត្តទុកដាក់ ដើម្បីឈ្វេងយល់អំពីបញ្ហាដែលធ្វើឱ្យអតិថិជនមានការខឹងសម្បានោះ បន្ទាប់មកបង្ហាញពីការយល់ចិត្ត និងការយល់អំពីស្ថានភាពបែបនោះ តាមរយៈការដាក់ខ្លួនឯងឱ្យចូលក្នុងស្ថានភាពនោះ។

2. បង្ហាញការសុំទោស

ក្រោយពីអ្នកបានយល់អំពីស្ថានភាពរបស់អតិថិជនរួចហើយ អ្នកក៏ត្រូវបង្ហាញពីការសុំទោសទៅកាន់អតិថិជនលើបញ្ហាដែលបានធ្វើឱ្យកើតមានឡើងលើពួកគេ ហើយអ្នកក៏ត្រូវបង្ហាញថា អ្នកបានទទួលយករាល់កំហុសនោះ។ បន្ថែមពីនេះ អ្នកក៏ត្រូវធានាថា អតិថិជនចាប់ផ្ដើមការត្រជាក់ចិត្តឡើងវិញ ដោយគ្មានភាពខឹងសម្បាខ្លាំងទៀតឡើយ។

3. ការសួរបញ្ជាក់ឡើងវិញ

អ្នកត្រូវលើកនូវបញ្ហារបស់អតិថិជនលើចំណុចសំខាន់ៗឡើងវិញ និងសួរបញ្ជាក់ពីអតិថិជន ថានេះជាបញ្ហាដែលធ្វើឱ្យពួកគេមិនពេញចិត្ត។ បន្ទាប់មក អ្នកត្រូវបង្ហាញពីការស្ដាប់យ៉ាងសកម្ម និងយកចិត្តទុកដាក់ជាមួយពួកគេ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនមានអារម្មណ៍កក់ក្ដៅ និងមានក្ដីសង្ឃឹមថា អ្នកនឹងផ្ដល់ដំណោះស្រាយដ៏ល្អសម្រាប់ពួកគេ។

4. ស្វែងរក និងផ្ដល់ដំណោះស្រាយ

អ្នកអាចសួរទៅកាន់អតិថិជនថា តើអ្វីដែលពួកគេចង់ឱ្យអ្នកជួយដោះស្រាយ? បន្ទាប់មកអ្នកត្រូវមានភាពបត់បែន ដោយស្វែងរក ឬក៏ផ្ដល់ជាដំណោះស្រាយទៅកាន់អតិថិជនយ៉ាងល្អ ព្រមទាំងធានាថាអតិថិជនកាន់តែមានអារម្មណ៍ល្អ និងពេញចិត្ត ហើយក៏មិនបានបាត់ទំនុកចិត្តពីក្រុមហ៊ុនរបស់អ្នក។ ជាចុងបញ្ចប់ការសន្ទនាក្រោយពីដោះស្រាយបញ្ហាជូនអតិថិជនរួចហើយ អ្នកត្រូវតែនិយាយពាក្យអរគុណអតិថិជន ជាមួយនឹងស្នាមញញឹម ដើម្បីបង្ហាញថាអ្នករីករាយនឹងដោះស្រាយបញ្ហាជូនពួកគេ និងស្វាគមន៍ពួកគេមកកាន់ក្រុមហ៊ុនរបស់អ្នកម្ដងទៀត។