ប្រភេទអាជីវកម្មទាំង11 នេះ អ្នកអាចចាប់ផ្ដើមដោយដើមទុនតិចជាង 100$

118
ប្រភេទអាជីវកម្មដែលអ្នកអាចចាប់ផ្ដើមដោយដើមទុនតិចជាង 100$

អាជីវកម្មមួយ អាចកើតឡើងបាន ទាមទារនូវចំណេះជំនាញ ដើមទុន និងធនធានជាច្រើន ប៉ុន្តែប្រភេទអាជីវកម្ម 11 ដែលជាការចម្រាញ់ដ៏យកចិត្តទុកដាក់ ដែលយើងអាចចាប់ផ្ដើមបានដោយប្រើដើមទុនតិច ប៉ុន្តែទាមទារឱ្យអ្នកមានចំណេះដឹងច្រើននោះ រួមមាន៖

1. អ្នកប្រឹក្សាយោបល់

អ្នកប្រឹក្សាយោបល់

ប្រសិនបើអ្នកមានចំណេះដឹង ជំនាញ ឬបទពិសោធន៍រួចហើយនៅក្នុងវិស័យជាក់លាក់ណាមួយ ឧទាហរណ៍ការផ្តល់ដំបូន្មានផ្នែកច្បាប់ ការបង្ហាញពីរបៀបធ្វើអាជីវកម្មឱ្យមានភាពងាយស្រួលជាងមុន របៀបធ្វើទីផ្សារកាន់តែមានប្រសិទ្ធភាព និងផ្សេងៗទៀត។ បន្ទាប់មក អ្នកអាចចាប់ផ្តើមធ្វើជាទីភ្នាក់ងារប្រឹក្សាយោបល់ផ្ទាល់ទៅកាន់អ្នកដទៃ។ ហើយការចំណាយសំខាន់ជាងគេនៅក្នុងមុខរបរនេះ គឺការវិនិយោគលើគេហទំព័រនិងនាមប័ណ្ណ ដើម្បីធ្វើទីផ្សារអាជីវកម្មឱ្យមានអ្នកស្គាល់កាន់តែច្រើន ព្រមទាំងធ្វើយ៉ាងណាឱ្យគេមានទំនុកចិត្ត និងភាពជឿជាក់ក្នុងការទទួលប្រឹក្សាយោបល់ពីអ្នក។

2. ធ្វើការ Freelance

ការធ្វើការផ្នែកនេះ ទាមទារឱ្យអ្នកចេះច្បាស់លើការប្រើប្រាស់កុំព្យូទ័រ និងការចេះភ្ជាប់អ៊ីនធឺណែតហើយការដែលធ្វើការ Freelance នេះ​ មានច្រើនណាស់ ដូចជា

  • អ្នកនិពន្ធ
  • អ្នកសរសេរមាតិកា
  • Copywrite
  • អ្នកអភិវឌ្ឍន៍ និងរចនាគេហទំព័រ
  • ការបកប្រែ
  • សេវាកម្មច្បាប់
  • សេវាកម្មស្ថាបត្យកម្ម
  • អ្នកប្រឹក្សាយោបល់ផ្នែកអាជីវកម្ម
  • គ្រូបង្រៀនអនឡាញ ឬបង្រៀនក្រៅម៉ោង
  • និងជាច្រើនទៀត។

3. សេវាកម្មដឹកម្ហូបអាហារ

នៅក្នុងសម័យនេះ ជាសម័យដែលមនុស្សពេញនិយមប្រើប្រាស់សេវាកម្មដឹក ដោយភាគច្រើនពួកគេគ្មានពេលទំនេរច្រើន និងខ្ជិលចេញពីការិយាល័យ ឬផ្ទះ ដើម្បីទៅទិញឬដឹកម្ហូបអាហារដោយខ្លួនឯងផ្ទាល់ ដូច្នេះពួកគេនឹងទាក់ទងជាមួយនឹងសេវាដឹក ដើម្បីដឹកម្ហូបអាហារឱ្យគេទៅតាមទីតាំងដែលបានកំណត់។

4. គ្រូបង្រៀន

គ្រូបង្រៀន

អ្នកអាចលក់មេរៀនបង្រៀនមនុស្សឱ្យចេះលេងឧបករណ៍ភ្លេង ការធ្វើម្ហូប របៀបហាត់ប្រាណ របៀបធ្វើទីផ្សារ និងមេរៀនជាច្រើនទៀតទៅតាមបទពិសោធន៍ ចំណេះជំនាញរបស់អ្នក។ ហើយមុខរបរនេះ ទាមទារឱ្យអ្នកមានចំណេះដឹងច្បាស់លាស់ និងចេះធ្វើទីផ្សារផ្ទាល់ខ្លួនដើម្បីចាប់ផ្តើម។

5. អ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធអ៊ីនធឺណេត

អ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធអ៊ីនធឺណេត

សន្តិសុខគឺជាកង្វល់ចម្បងសម្រាប់អាជីវកម្មនិងបុគ្គល។ ក្រៅពីជំនាញនិងការធ្វើទីផ្សារខ្លះ គឺវាមិនចំណាយច្រើនទេក្នុងការចាប់ផ្តើមអាជីវកម្មការពារផ្នែករឹងនិងសូហ្វវែររបស់អ្នកដទៃនេះ ប៉ុន្តែអ្វីដែលសំខាន់ ទាមទារឱ្យអ្នកចេះច្បាស់លើប្រព័ន្ធកុំព្យូទ័រ ការសរសេរកូដ ការកំណត់រចនាសម្ព័ន្ធបណ្ដាញនិងសុវត្ថិភាព ចេះឆ្លើយតបនិងដោះស្រាយបញ្ហានានាបានឆាប់ យល់ដឹងពីការគំរាមកំហែងលើដំណើរការនានា និងជាច្រើនទៀតដើម្បីធានាឱ្យមានសន្តិសុខលើប្រព័ន្ធអ៊ីនធឺណែត។

6. អ្នកផលិតមាតិកាតាមអនឡាញ

បច្ចុប្បន្ននេះ អាជីវកម្ម កំពុងតែត្រូវការមាតិកាជាច្រើន ដើម្បីផ្សព្វផ្សាយ និងធ្វើទីផ្សារ ដូច្នេះអាជីវកម្មទាំងនោះ ទាមទារឱ្យមានក្រុមការងារដែលមានទេពកោសល្យដើម្បីបង្កើតមាតិការ បង្កើតខ្លឹមសារនានា ប៉ុន្តែជាអកុសល ភាគច្រើនពួកគេខ្វះធនធាន ដែលជាហេតុធ្វើឱ្យពួកគេ ជួលអ្នកដទៃមកធ្វើកិច្ចការទាំងនេះ។ ហើយវាក៏ជាឱកាសសម្រាប់អ្នកដែរ ប្រសិនបើអ្នកមានជំនាញច្បាស់ក្នុងការបង្កើតមាតិកាល្អៗ មានគុណភាព។

7. អ្នកថតរូប

អ្នកថតរូប ជាអ្វីដែលម្ចាស់អាជីវកម្មជាច្រើនកំពុងតែត្រូវការ ដូច្នេះអ្នកអាចចាប់យកឱកាសនេះ ដើម្បីចាប់ផ្ដើមអាជីវកម្មថតរូបឱ្យទៅម្ចាស់អាជីវកម្មលើវិស័យនានា ដូចជាការថតរូបផលិតផល ថតរូបការរៀបអាពាហ៍ពិពាហ៍ ថតមុខម្ហូបអាហារ និងជាច្រើនទៀត។

8. គ្រូបង្វឹកផ្ទាល់ខ្លួនលើការហាត់ប្រាណ

ការហាត់ប្រាណជារឿងមួយដ៏សំខាន់សម្រាប់មនុស្ស មិនថា ការហាត់ប្រាណសម្រករាង ហាត់ប្រាណដើម្បីសុខភាពទេ គឺសុទ្ធតែមានរបៀបរបស់វា ដូច្នេះប្រសិនបើអ្នកច្បាស់លើរបៀបហាត់ប្រាណលើផ្នែកណាមួយ អ្នកអាចចាប់ផ្ដើមអាជីវកម្មមួយ ដោយធ្វើជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់នរណាម្នាក់ ដើម្បីធានាថា ពួកគេហាត់ប្រាណត្រូវនឹងក្បួន និងទទួលបានប្រសិទ្ធភាពខ្ពស់ជាដើម។ ហើយការធ្វើជាគ្រូបង្វឹកផ្ទាល់ខ្លួនលើការហាត់ប្រាណនេះ អ្នកអាចធ្វើជាអនឡាញក៏បាន និងផ្ទាល់ក៏បាន អាស្រ័យលើអ្វីដែលអ្នកចង់ចាប់ផ្ដើម។

9. អ្នកអភិឌ្ឍន៍កម្មវិធី (App developer)

ម្ចាស់អាជីវកម្មមួយចំនួន គឺត្រូវការអ្នកអភិវឌ្ឍន៍កម្មវិធីរបស់គាត់ឱ្យកាន់តែងាយស្រួលមើល និងមានភាពល្អជាងមុន ហើយកម្មវិធី(App) ទាំងនោះ ភាគច្រើនគឺជាកម្មវិធីអានឬស្ដាប់ព័ត៌មាន ចំណេះដឹង និងការសិក្សាជាដើម។ ចំពោះអ្នកដែលមានជំនាញអភិវឌ្ឍន៍កម្មវិធីនេះ បច្ចុប្បន្នមិនសូវមានច្រើននោះឡើយនៅក្នុងប្រទេសកម្ពុជា ដូច្នេះនេះជាឱកាសសម្រាប់អ្នកដើម្បីចាប់ផ្ដើមនូវមុខរបរនេះ ប៉ុន្តែទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកហ្នឹងឱ្យបានច្បាស់ ដូចជា​យល់ពីភាសាកូដ និងចេះប្រើប្រាស់វាជាដើម។

10. អ្នករចនា Logo

ប្រសិនបើអ្នកជាបុគ្គលដែលមានគំនិតច្នៃប្រឌិត នោះការរចនាឡូហ្គូ គឺជាអាជីវកម្មដែលងាយស្រួលចាប់ផ្តើមសម្រាប់អ្នក។ ហើយម្ចាស់អាជីវកម្មទើបនឹងចាប់ផ្ដើមអាជីវកម្មជាច្រើន នឹងត្រូវការអ្នក ដើម្បីរចនាឡូហ្គូសម្រាប់ពួកគេ។

11. គ្រូបង្វឹកឬអ្នកត្រួសត្រាយផ្លូវជីវិត

មនុស្សជាច្រើន តែងតែត្រូវការនូវគ្រូបង្វឹក និងណែនាំផ្លូវដ៏ល្អ សម្រាប់ត្រួសត្រាយផ្លូវជីវិតរបស់ពួកគេឱ្យមានភាពប្រសើរជាងមុន ដូច្នេះប្រសិនបើអ្នកជាមនុស្សដែលអាចជួយប្រឹក្សាយោបល់ ជាមនុស្សមានបទពិសោធន៍ច្រើនក្នុងការដោះស្រាយបញ្ហាមនុស្ស និងអាចត្រួសត្រួយផ្លូវមនុស្សបាន ដូច្នេះនេះជាឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មសម្រាប់អ្នក។

សរុបមក អាជីវកម្មទាំង11 ខាងលើនេះ ជាការចម្រាញ់ប្រភេទអាជីវកម្មដែលអ្នកអាចចាប់ផ្ដើមដោយចំណាយដើមទុនតិច ប៉ុន្តែទាមទារឱ្យអ្នកមានចំណេះដឹង និងបទពិសោធន៍លើផ្នែកទាំងនោះឱ្យបានខ្លាំងជាមុនសិន ដើម្បីងាយផ្ដល់ទំនុកចិត្តដល់អតិថិជនគោលដៅ និងងាយធ្វើទីផ្សារ។ ហើយសូម្បីបញ្ជាក់ផងដែរ នៅមានប្រភេទអាជីវកម្មជាច្រើនទៀត ដែលអ្នកអាចចាប់ផ្ដើមអាជីវកម្មដោយប្រើដើមទុនតិច ប៉ុន្តែវាអាស្រ័យលើអ្នកក្នុងការចេះបង្កើតឱកាស ចេះចាប់យកឱកាស និងចេះប្រើប្រាស់ជំនាញ ឬទេពកោសល្យផ្ទាល់ខ្លួនក្នុងការបង្កើតទីផ្សារ និងបង្កើតអាជីវកម្មសម្រាប់ខ្លួនឯង។