ប្រវត្តិនៃការបង្កើតទូរស័ព្ទដំបូងគេបំផុតលើពិភពលោក

65

ទូរស័ព្ទចល័តដំបូងគេបំផុតនៅលើពិភពលោកត្រូវបានបង្កើតនៅឆ្នាំ 1973 ដោយក្រុមហ៊ុន Motorola កាលពីថ្ងៃទី 3 ខែមេសា ឆ្នាំ 1973 ដែលមានលោក Martin Cooper វិស្វករជនជាតិអាមេរិក ជាអ្នកដឹកនាំក្រុមក្នុងការបង្កើតទូរស័ព្ទដៃដំបូងគេ គឺទូរស័ព្ទចល័តស៊េរី DynaTAC 8000X មានទម្ងន់ 2.4 lb (1.1 គីឡូក្រាម) និងប្រវែង 9.1 x 5.1 x 1.8 in (23 x 13 x 4.5 cm) ហើយទូរស័ព្ទនេះ មានរយៈពេលនិយាយត្រឹមតែ 30នាទីប៉ុណ្ណោះ និងត្រូវការរយៈពេល 10 ម៉ោងដើម្បីបញ្ចូលថ្ម។ ចំពោះតម្លៃវិញ ទូរស័ព្ទ DynaTAC មានតម្លៃ $3,995 ដែលស្មើនឹង $10,000 នាពេលសព្វថ្ងៃនេះ។

DynaTAC

ដើមហេតុចម្បងនៃការបង្កើតទូរស័ព្ទដៃដំបូងគេ

នៅឆ្នាំ 1950 លោក Martin Cooper បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យា Illinois (IIT) នៅទីក្រុង Chicago។

នៅឆ្នាំ 1954 លោក Cooper បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Motorola ដោយគាត់បានធ្វើការលើគម្រោងជាច្រើនពាក់ព័ន្ធនឹងការទំនាក់ទំនងឥតខ្សែ ដូចជាប្រព័ន្ធភ្លើងចរាចរណ៍ដែលគ្រប់គ្រងដោយវិទ្យុដំបូងគេនៅឆ្នាំ 1960 និងវិទ្យុប៉ូលីសយួរដៃដំបូងគេបង្អស់នៅឆ្នាំ 1967។ ក្រោយមកគាត់បានធ្វើជាអនុប្រធាន ជានាយកស្រាវជ្រាវ និងអភិវឌ្ឍន៍ (1978-83) សម្រាប់ក្រុមហ៊ុន។ បន្ថែមពីនេះ គាត់ក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពី IIT កាលពីឆ្នាំ 1957 ផងដែរ។

នៅក្នុងឆ្នាំ 1946 ទូរស័ព្ទចល័តត្រូវបានណែនាំឱ្យប្រើប្រាស់ដំបូងដោយក្រុមហ៊ុនទូរគមនាគមន៍ និងតេឡេក្រាមអាមេរិក (AT&T) ដោយទូរស័ព្ទនោះមានតែ11-12 ប៉ុស្ដិ៍ប៉ុណ្ណោះដែលអាចប្រើប្រាស់បានក្នុងការទំនាក់ទំនងគ្នា ដូច្នេះអ្នកប្រើប្រាស់ជារឿយៗត្រូវរង់ចាំដើម្បីប្រើប្រាស់ប្រព័ន្ធនេះ។ ភាពទន់ខ្សោយមួយទៀតនៃទូរស័ព្ទដែលណែនាំដោយ AT&T គឺត្រូវការថាមពលដើម្បីដំណើរការបានដោយត្រូវផ្គត់ផ្គង់ដោយថ្មរថយន្តតែប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យមិនមានទូរស័ព្ទចល័តពិតប្រាកដក្នុងការប្រើប្រាស់ ដោយមានតែទូរស័ព្ទរថយន្តប៉ុណ្ណោះ។

ក្រុមហ៊ុន Motorola មិនចង់ឱ្យ AT&T មានភាពសិទ្ធិផ្តាច់មុខលើទូរសព្ទដៃនោះទេ ដូច្នេះក្រុមហ៊ុនក៏ផ្ដល់ទំនួលខុសត្រូវលើគម្រោងបន្ទាន់ដើម្បីអភិវឌ្ឍន៍ទូរស័ព្ទដៃមកលើលោក Cooper។ លោក Cooper ក៏ចាប់ផ្ដើមគិតថា ទូរស័ព្ទមិនគួរប្រើប្រាស់បានតែនៅលើឡានទេ គួរតែអាចដាក់តាមខ្លួនបាន ដូច្នេះហើយ ជាលទ្ធផល គាត់បានផលិតទូរស័ព្ទដៃដែលអាចផ្ដាច់ចេញពីរថយន្ត ហើយអាចដាក់តាមខ្លួនបាន គឺទូរស័ព្ទស៊េរីដំបូងគេឈ្មោះថា DynaTAC។ បន្ទាប់មក លោក Cooper ចាប់ផ្ដើមធ្វើតេស្តសាកល្បងក្នុងការដំណើរការទូរស័ព្ទដៃនោះ ដោយគាត់បានធ្វើការខលទំនាក់ទំនងជាសាធារណៈលើកដំបូងទៅកាន់ វិស្វករ Joel Engel ដែលជាប្រធានគម្រោងគូប្រជែងរបស់ AT&T ហើយជាលទ្ធផលវាពិតជាដំណើរការពិតប្រាកដមែន ដែលជាភាពជោគជ័យរបស់លោក Cooper។

នៅថ្ងៃទី 3 ខែមេសា ឆ្នាំ 1973 លោក Cooper បានធ្វើការណែនាំទូរស័ព្ទ DynaTAC នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក។