ផ្ដើមពីមុខរបររកស៊ីលក់អេតចាយ មកអាចពង្រីកជាក្រុមហ៊ុន ជីប ម៉ុង គ្រុប

235
ផ្ដើមពីមុខរបររកស៊ីលក់អេតចាយ មកអាចពង្រីកជាក្រុមហ៊ុន ជីប ម៉ុង គ្រុប

ក្រុមហ៊ុនជីប ម៉ុង គ្រុប ដែលបង្កើតឡើងដោយកូនខ្មែរ 100% ដោយ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីប ម៉ុង គ្រុប ហើយក្រុមហ៊ុននេះកំពុងតែមានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជា ប៉ុន្តែយើងនឹងយល់លម្អិតអំពីក្រុមហ៊ុនមួយនេះ នៅចំណុចខាងក្រោម។ ចំពោះផ្នែកនេះ យើងនឹងបង្ហាញថា ទម្រាំក្រុមហ៊ុនមួយនេះ អាចជោគជ័យបាន គឺវាផ្ដើមចេញពីមុខរបររកស៊ីលក់អេតចាយ ដោយប្រមូលដែកចាស់ៗដើម្បីលក់ដោយចំណាយដើមទុនតែមាសពីរជីប៉ុណ្ណោះនៅក្នុងសម័យនេះ។ បន្ទាប់មកដោយសារតែមានអំឡុងពេលនោះ លោកជំទាវ ភាព ហៀក សង្កេតឃើញថាទីផ្សារកំពុងមានតម្រូវការខ្លាំងលើគ្រឿងសម្ភារៈសំណង់ ដូច្នេះលោកជំទាវ ក៏ចាប់ផ្ដើមនាំចូលដែកថ្មីៗពីប្រទេសជិតខាង ដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកវិញ។ ការតស៊ូព្យាយាម និងការចាប់យកឱកាសដើម្បីបំពេញតម្រូវការក្នុងស្រុកទាន់ពេលវេលា ទើបធ្វើឱ្យលោកជំទាវកាន់តែបង្កើតដៃគូសហការជាច្រើន និងពង្រីកក្រុមហ៊ុនជីប ម៉ុងឱ្យកាន់តែធំ  ព្រមទាំងមានភាពល្បីល្បាញនៅប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃ។

អំពីភាពរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង គ្រុប

ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1982 ដែលនាំចូលនូវសម្ភារៈសំណង់មកចែកចាយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ​ ក្រុមហ៊ុនជីប ម៉ុង មានភាពឈានមុខគេនៅលើទីផ្សារកម្ពុជាផ្នែកផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនមុខ ព្រមទាំងនាំចូលនិងមានការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានបុត្រសម្ព័ន្ធជាច្រើន រួមមាន៖

  1. Chip Mong Industries បង្កើតឡើងក្នុងឆ្នាំ 2007 ដែលមានរោងចក្របេតុងចំនួន 14 ព្រមទាំងមានរថយន្តលាយបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង សរុបជាង 200គ្រឿង។ មានរោងចក្រផលិតក្បឿងបាន 140សន្លឹកក្នុងមួយនាទី និងមានរោងចក្រទុយោដែលអាចផលិតទុយោបាន500តោនក្នុងមួយខែ។
  2. Chip Mong Land បង្កើតឡើងក្នុងឆ្នាំ 2008 ដែលផ្ដោតលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយមានការបែងចែកគម្រោងជាបីប្រភេទ គឺLandmark (សាងសងលំនៅដ្ឋានទំនើប ដែលមានអគារពាណិជ្ជកម្ម និងមានការិយាល័យ) Park Land (សាងសងលំនៅដ្ឋានប្រណិត) និង Land Riche (សាងសងលំនៅដ្ឋានស្ដង់ដារ)។
  3. Khmer Beverages បង្កើតឡើងក្នុងឆ្នាំ 2009 ដែលផលិតស្រាបៀកម្ពុជាជាលើកដំបូង បន្ទាប់មកក៏ផលិតស្រាបៀ Barrley Black stout, ស្រាបៀ Kudo, ស្រាបៀ Kudo Stout, ទឹកបរិសុទ្ធកម្ពុជា, ភេសជ្ជប៉ូវកម្លាំង Wurkz និងទឹកក្រូច Ize។
  4. Crown Khmer Beverages Cans Limited បង្កើតឡើងក្នុងឆ្នាំ 2014 ដែលផ្ដោតលើការផលិតសំបកកំប៉ុង។
  5. Chip Mong Insee Cement Corporation បង្កើតឡើងក្នុងឆ្នាំ 2014 ផ្ដោតលើការផលិតស៊ីម៉ង
  6. នៅឆ្នាំ 2016 ក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយក្រុមហ៊ុន Hyattដើម្បីគ្រប់គ្រង Hyatt Regency Phnom Penh Hotel
  7. Chip Mong Feed បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើចំណីសត្វ និងចិញ្ចឹមជ្រូក។
  8. Chip Mong Retail បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើវិស័យលក់រាយ ផ្សារទំនើប និងផ្សារទំនើបខ្នាតយក្ស។
  9. នៅឆ្នាំ 2017 ក្រុមហ៊ុន Royal Field Development ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារ Marriott ដើម្បីគ្រប់គ្រងសណ្ឋាគារ Fairfield by Marriott Phnom Penh
  10. Chip Mong Bank បានវិនិយោគក្នុងឆ្នាំ 2018 ដោយបានបង្កើត Chip Mong Commercial Bank Plc. (សម្ពោធនៅ 21 មករា 2019) ។
  11. នៅឆ្នាំ 2019 ជីប ម៉ុង វិនិយោគលើ Royal Cambodia Phnom Penh Golf Club និង Grand Phnom Penh City

ក្រៅពីនេះ ក្រុមហ៊ុន ជីប ម៉ុង មានដៃគូវិនិយោគ និងផ្គត់ផ្គង់ស្ទើរជុំវិញពិភពលោក ដូចជានៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។