ភាពរីកចម្រើន នៃកម្មវិធីសម្អាតផ្ទះ Miso របស់ប្រទេសកូរ៉េ

41
ភាពរីកចម្រើន នៃកម្មវិធីសម្អាតផ្ទះ Miso របស់ប្រទេសកូរ៉េ

Miso គឺជាកម្មវិធីសេវាកម្មឯកទេសសម្អាតផ្ទះលេខ 1 របស់ប្រទេសកូរ៉េ ដែលមានការកក់ច្រើនជាង 5 លាន ហើយមនុស្សអាចធ្វើការកក់សេវាកម្មសម្អាតផ្ទះនេះ ងាយស្រួលដូចការ​ទិញ​ផលិតផល​តាម​អ៊ីនធឺណិត​អ៊ីចឹង។ ម្យ៉ាងវិញទៀត Miso ក៏មានការផ្តល់សេវាកម្មជាង 70 រួមមានសេវាកម្មសម្អាតម៉ាស៊ីនត្រជាក់ សេវាកម្មផ្លាស់ទីសម្រាប់ស្ទូឌីយោ ឬផ្ទះ សេវាកម្មជួសជុល សេវាកម្មថែទាំសត្វចិញ្ចឹម សេវាកម្មបោកគក់ និងសេវាកម្មសម្អាតជាច្រើនទៀត។ ចំពោះចំនួនអតិថិជនដែលត្រឡប់មកប្រើប្រាស់សេវាកម្មសម្អាតរបស់ Miso ម្ដងហើយម្ដងទៀត មានជាង 85%។

ក្រុមហ៊ុន Miso ទទួលបានការវិនិយោគពីអាជីវកម្មកំពូលៗ ដូចជាក្រុមហ៊ុន Silicon Valley incubator Y Combinator និងក្រុមហ៊ុន Strong Ventures ដោយមានចំនួនទឹកប្រាក់ជាង 11 លានដុល្លារ។ បន្ទាប់ពីក្រុមហ៊ុន Miso ចាប់ផ្ដើមមានការគាំទ្រខ្លាំង ក៏ដូចជាកំពុងមានសន្ទុះនៃភាពរីកចម្រើន លោក Victor Ching ប្រធានក្រុមហ៊ុន Miso មានគោលបំណងបង្កើនភាពជោគជ័យនៃកម្មវិធីរបស់គាត់ក្នុងការសម្អាតផ្ទះ ដើម្បីជំរុញកំណើនអាជីវកម្មថ្មីទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយក្នុងឆ្នាំនេះ លោកក៏បានចាប់ផ្ដើមរៀបចំរៃអង្គាសដើមទុនបន្ថែម ចំនួន 30 លានដុល្លារ។

រឿងរ៉ាវសង្ខេប មុននឹងចាប់ផ្ដើម Miso

មុនពេលចាប់ផ្តើមក្រុមហ៊ុន Miso លោកVictor Ching ក៏ធ្លាប់បានបង្កើតកម្មវិធីណាត់ជួបមួយ ដែលមានឈ្មោះថា Chinchin នៅក្នុងឆ្នាំ 2014 ប៉ុន្តែបានបរាជ័យបន្ទាប់ពីបង្កើតបានជិតពីរឆ្នាំ។ លោក Ching ធំធាត់នៅហាវ៉ៃ និងសិក្សាមុខជំនួញនៅសាកលវិទ្យាល័យ Illinois Urbana-Champaign ព្រមទាំងជាប្រធានផ្នែកផលិតផល និងជាបុគ្គលិកនៅកម្មវិធីដឹកជញ្ជូនអាហារ Yogiyo។ លោក Ching ចាប់ផ្ដើមមានគំនិតចង់បង្កើតក្រុមហ៊ុនសម្អាតដែលមានឈ្មោះថា Miso នេះ ដែលជាគម្រោងផែនការទីពីរ បន្ទាប់ពីបង្កើត Chinchin បរាជ័យ ប៉ុន្តែអ្វីជាបញ្ហាចោទរបស់គាត់ គឺខ្វះដើមទុន ដូច្នេះនៅឆ្នាំ 2018 គាត់បានធ្វើការរៃអង្គាសដើមទុនចុងក្រោយ  ទទួលបានប្រាក់ 8 លានដុល្លារពីក្រុមហ៊ុន Strong Ventures និង Y Combinator ក៏ដូចជា AddVenture ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលផ្តោតលើសេវាកម្មតាមផ្ទះ និងអ្នកបណ្តាក់ទុនវិនិយោគ Chamath Palihapitiya’s Social Capital។ ហើយការបើកដំណើរការកម្មវិធីសេវាកម្មសម្អាតរបស់ Wiso ក៏ចាប់ផ្ដើមកើតមានឡើងជាសាធារណៈ ដោយទទួលបានលទ្ធផលជោគជ័យ។ ភាពរីកចម្រើនរបស់ Wiso គឺបានកើតឡើងយ៉ាងឆាប់រហ័ស និងក៏កំពុងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកូរ៉េ។