មហាសេដ្ឋី 3 រូប បានបាត់បង់ 115 ពាន់លានដុល្លារក្នុងរយៈពេល 5 ខែ

113
មហាសេដ្ឋី 3 រូប បានបាត់បង់ 115 ពាន់លានដុល្លារក្នុងរយៈពេល 5 ខែ

Elon Musk, Jeff Bezos និង Bill Gates បានទទួលរងនូវការខាតបង់ទឹកប្រាក់សរុបចំនួន 115 ពាន់លានដុល្លារនៃទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេក្នុងរយៈពេល 5 ខែចុងក្រោយនេះ ខណៈពេលដែលទីផ្សារភាគហ៊ុនក៏កំពុងធ្លាក់ចុះដែរ។ បើយោងតាម Bloomberg Billionaires Index ទ្រព្យសម្បត្តិរបស់ Musk បានធ្លាក់ចុះ 46.4 ពាន់លានដុល្លារ Bezos ធ្លាក់ចុះ 53.2 ពាន់លានដុល្លារ ខណៈដែល Gates ធ្លាក់ចុះ 15.1 ពាន់លានដុល្លារ។

បន្ថែមពីនេះ បើគិតត្រឹមថ្ងៃសុក្រ ទី27 ខែឧសភា ឆ្នាំ2022នេះ Musk នៅសល់ទ្រព្យសម្បត្តិសុទ្ធសរុប 224 ពាន់លានដុល្លារ Bezos $139 ពាន់លានដុល្លារ និង Gates 123 ពាន់លានដុល្លារ។

ស្ថានភាពរបស់ Elon Musk

Elon Musk

Musk មានភាគហ៊ុន 15.6% នៅក្នុងក្រុមហ៊ុន Tesla ដែលមានតម្លៃប្រហែល 122 ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់គាត់បានធ្លាក់ចុះជិត 37% នៅឆ្នាំនេះ។

បន្ថែមពីនេះ គាត់ក៏បានទិញភាគហ៊ុន 9.2% នៅក្នុង Twitter ក្នុងខែមេសា ដែលធ្វើឱ្យវិនិយោគិនចោទសួរពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះ Tesla ព្រមទាំងធ្វើឱ្យវាធ្លាក់នូវគុណតម្លៃ។ Musk ក៏បានលក់ភាគហ៊ុន Tesla ដែលមានតម្លៃ 8.4 ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ការដេញថ្លៃទិញយក $ 44 ពាន់លានដុល្លារជាបន្តបន្ទាប់របស់គាត់ផងដែរ។

ស្ថានភាពរបស់ Jeff Bezos

Jeff Bezos

Bezos គឺជាស្ថាបនិកនៃក្រុមហ៊ុន Amazon ដែលបច្ចុប្បន្ននេះគាត់នៅតែកាន់កាប់ភាគហ៊ុនប្រហែល 50 លាននៅក្នុងក្រុមហ៊ុនដែលមានតម្លៃប្រហែល 115 ពាន់លានដុល្លារ។ ទោះបីជាបែបនេះក្ដី ភាគហ៊ុនរបស់គាត់ក៏ត្រូវបានធ្លាក់ចុះជិតមួយភាគបីនៅក្នុងឆ្នាំនេះ ប៉ុន្តែនៅតែមានតម្លៃជិត 1.2 ពាន់ពាន់លានដុល្លារ ដែលច្រើនជាងតម្លៃ 786 ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla បន្ទាប់ពីការធ្លាក់ចុះជិត 37% ។

ស្ថានភាពរបស់ Bill Gates   

Bill Gates   

Gates កំពុងមានផលប័ត្រចម្រុះជាងមុន នេះជាហេតុផលមួយដែលបានជួយគាត់ទប់ទល់នឹងការលក់ភាគហ៊ុន។ មូលនិធិ Bill and Melinda Gates ជាអង្គការសប្បុរសធម៌ ដែលគាត់បានបង្កើតជាមួយអតីតភរិយារបស់គាត់ ភាគច្រើនត្រូវបានវិនិយោគនៅក្នុង Berkshire Hathaway របស់ Warren Buffett ដែលបានកើនឡើងច្រើនជាង 5% នៅឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្ដី ការវិនិយោគផ្សេងទៀត រួមទាំងក្រុមហ៊ុន Cascade Investments របស់គាត់ដែលវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Apple កំពុងទទួលរងនូវភាពគំរាមគំហែងយ៉ាងខ្លាំង ដោយភាគហ៊ុនបច្ចេកវិទ្យាបានទទួលរងនូវការកែតម្រូវយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលប្រឈមមុខនឹងសម្ពាធអតិផរណា និងការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់។