មូលហេតុសំខាន់ទាំង៥ ដែលអ្នកចាំបាច់ត្រូវតែពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំង

224
មូលហេតុសំខាន់ទាំង៥ ដែលអ្នកចាំបាច់ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំង

 ១. គ្មាននរណាម្នាក់មកទទួលខុសត្រូវលើអនាគតនិងជីវិតរបស់អ្នកនោះទេ

ជីវិតរបស់អ្នក គឺអ្នកត្រូវមើលការខុសត្រូវ ត្រូវរៀបចំ និងត្រូវខិតខំកែច្នៃវាដោយខ្លួនឯង ព្រោះពុំនរណាម្នាក់មកចាត់ចែងជូនអ្នក ហើយក៏គ្មាននរណាម្នាក់ដែលអាចធ្វើកិច្ចការងារទាំងនោះជំនួសអ្នក ក្រៅពីអ្នកដែរ គឺអ្នកជាម្ចាស់របស់ខ្លួនឯង ។

ប្រសិនបើអ្នកបានត្រឹមតែគិត គិតថា ខ្ញុំចង់ស្អាតដូចគេ ចង់ចេះដូចគេ ចង់មានការគិត មានសមត្ថភាពខ្លាំង និងចង់មានលុយចាយច្រើនដូចគេ តែអ្នកពុំដែលសូម្បីតែធ្វើ ពុំដែលសូម្បីតែធ្វើការស្វ័យសិក្សា តើអ្នកអាចក្លាយទៅជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ និងអាចមានលុយចាយច្រើនបានយ៉ាងដូចម្ដេចទៅ?

This image has an empty alt attribute; its file name is image-4-1024x683.png

ករណីប្រសិនបើអ្នកចង់រៀនយកនិទ្ទេស A ឲ្យបាននៅក្នុងឆ្នាំនេះ តើអ្នកគិតថានរណាដែលអាចជួយអ្នកបាន? ក្រុមគ្រួសារអ្នក? មិត្តភក្តិអ្នក?លោកគ្រូអ្នកគ្រូរបស់អ្នក?  ឬមួយក៏អ្នកខ្លួនឯង?? ចម្លើយគឺប្រាកដជាអ្នកខ្លួនឯងហើយ ដោយសារតែក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូរបស់អ្នក ពួកគាត់បានត្រឹមតែជួយជាថវិកាក្នុងការរៀនសូត្រ និងជួយផ្ដល់នូវចំណេះដឹងដល់អ្នកតែប៉ុណ្ណោះ អ្នកចេះឬមិនចេះ អ្នកជាប់ឬមិនជាប់ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកតែប៉ុណ្ណោះ។ ដូចនេះប្រសិនបើអ្នកចង់ប្រឡងយកនិទ្ទេស A គឺអ្នកត្រូវប្ដេជា្ញចិត្តត្រូវខិតខំរៀនសូត្រ ស្វះស្វែងក្នុងការប្រមូលយកនូវឯកសារប្រឡង និងត្រូវធ្វើស្វ័យសិក្សាដោយខ្លួនឯង។

ចុះបើករណីដែលអ្នកចង់បានរាងស្អាត សម្រស់ស្រស់ផូផង់ តើអ្នកគិតថានរណាដែលជួយអ្នកបាន? អ្នកខ្លួនឯងឬមួយក៏អ្នកណាផ្សេង? ប្រាកដជាអ្នកខ្លួនឯងហើយ ដែលត្រូវក្រោកឡើងហាត់ប្រាណ ឬទៅ Gymជាប្រចាំ ត្រូវញ៉ាំអាហារដែលគ្មានជាតិខ្លាញ់ និងត្រូវចាយលុយច្រើនទៅលើ Skincare ។

ដូចនេះ មិនថាសុខភាព សម្រស់ អនាគត ឬជីវិតទាំងមូលរបស់អ្នកនោះទេ គឺគ្មាននរណាម្នាក់អាចមកជួយអ្នកបានក្រៅពីអ្នកខ្លួនឯងបានឡើយ។

២. អភិវឌ្ឍន៍ខ្លួនឯងគឺជាជម្រើសដ៏ល្អសម្រាប់អ្នក

វិធីតែមួយគត់ដើម្បីអាចឲ្យអ្នកឆ្លាត មានចំណេះដឹងជ្រៅជ្រះ បូករួមទាំងមានសីលធម៌ល្អទៀតនោះ គឺអ្នកត្រូវតែរៀនដុះខាត់សមត្ថភាពអ្នក រៀនធ្វើ រៀនអាន​ និងរៀនស្រាវជ្រាវឲ្យបានច្រើន ដើម្បីឲ្យអ្នកកាន់តែពូកែឡើងបានមួយកម្រិតទៀត។

This image has an empty alt attribute; its file name is image-3-1024x683.png

ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរជីវិតរបស់អ្នក ពោលគឺផ្លាស់ពីជីវិតដែលអាប់អួរ ពីជីវិតដែលគេតែងតែទិតៀន ពីជីវិតដែលគេមិនឲ្យតម្លៃដោយសារតែអ្នកគ្មានសមត្ថភាព គឺអ្នកត្រូវតែកែកម្អ និងអភិវឌ្ឍខ្លួនអ្នកឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

៣. ដើម្បីរកឃើញពីសក្ដានុពលរបស់អ្នក

អ្នកនឹងមិនអាចដឹងពីសក្ដានុពលរបស់អ្នកថា អ្នកខ្លាំងឬពូកែប៉ុណ្ណានោះទេ ប្រសិនបើអ្នកមិនធ្វើ និងមិនបង្ហាញវាចេញមកខាងក្រៅទេនោះ។

មានមនុស្សមួយចំនួនតូចៗ ពួកគេនៅតែរស់ជាមួយនឹងភាពដដែលៗ និងបន្តរស់នៅក្នុងតំបន់សុវត្ថិភាពរបស់ពួកគេ មិនព្រមបើកចិត្តឲ្យទូលាយរៀននិងសាកល្បងធ្វើនូវអ្វីថ្មីៗទេ មូលហេតុនោះ គឺដោយសារតែពួកគេខ្លាចក្នុងការចាប់ផ្ដើម ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងខ្លាចពាក្យថាបរាជ័យ ព្រោះពួកគេនៅតែមានមន្ទិលសង្ស័យទៅលើសមត្ថភាពរបស់ខ្លួនឯង និងចេះតែចំអន់លើសមត្ថភាពរបស់ខ្លួនជាដើម។

This image has an empty alt attribute; its file name is image-5-1024x683.png

បើអ្នកកាន់តែអភិវឌ្ឍន៍ខ្លួនឯង ស្វែងរកចំណេះដឹងល្អឲ្យខ្លួនឯង នោះអ្នកនឹងមានលិទ្ធភាពខ្ពស់ក្នុងការទទួលបាននូវឱកាសល្អជាច្រើននៅកន្លែងការងារ និងអាចរស់នៅក្នុងជីវិតពោរពេញទៅដោយភាពរីករាយនិងជំនឿជាក់លើខ្លួនឯង។

មនុស្សរាល់គ្នាសុទ្ធតែមានក្ដីស្រមៃ ប៉ុន្តែមិនមែនមនុស្សរាល់គ្នាហ៊ានធ្វើតាមក្ដីស្រមៃ និងអាចធ្វើឲ្យក្ដីស្រមៃទាំងនោះក្លាយជាការពិតបានទាំងអស់នោះទេ។ អ្វីគ្រប់យ៉ាងគឺស្ថិតនៅលើអ្នកជាអ្នកកំណត់ និងប្រឹងប្រែង។

៤. ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ

“ បើអ្នកចង់រស់នៅក្នុងជីវិតមួយដែលអ្នកចង់បាន បើអ្នកក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងនិងអស្ចារ្យ បើអ្នកចង់មានលុយចាយច្រើន បើអ្នកចង់មានអ្នកគោរពស្រលាញ់ច្រើន ” គឺអ្នកចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឯងជាប្រចាំ តាមរយៈការអាន ការហាត់ប្រាណ ការស្រាវជ្រាវ ការសួរនាំ ការស្ដាប់ និងការសាកល្បងធ្វើអ្វីដែលថ្មីៗជាដើម។

៥. ដើម្បីដើរឲ្យទាន់សម័យកាល

អ្នកមិនអាចឈរនៅតែមួយកន្លែង មិនអាចគិតតែមួយជ្រុង និងមិនអាចប្រកាន់ខ្ជាប់នូវផ្នត់គំនិតចាស់ៗដែលអ្នកធ្លាប់គិត និងធ្វើនោះទេ ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយសម័យកាលទៅមួយសម័យកាល អ្វីៗគ្រប់យ៉ាងតែងតែមានការប្រែប្រួល ដូចនេះអ្នកគួរតែរៀនសម្របខ្លួនជាមួយនឹងការផ្លាស់ប្ដូរទាំងនោះ ព្រមទាំងអភិវឌ្ឍខ្លួនឯងឲ្យស៊ីគ្នាជាមួយនឹងតម្រូវការសង្គមបច្ចុប្បន្នផងដែរ ដូចជាព្យាយាមឲ្យខ្លួនឯងបានយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា អនាគតនៃបច្ចេកវិទ្យា និងផលវិជ្ជមាន នៃការប្រើប្រាស់ដើម្បីអាចជាប្រយោជន៍ដល់ការរកស៊ី ឬការងារប្រចាំថ្ងៃរបស់អ្នកជាដើម ។

This image has an empty alt attribute; its file name is image-6-1024x684.png

https://bit.ly/3JzdTPI