មេរៀនជីវិតរបស់លោក Warren Buffett

37
មេរៀនជីវិតរបស់លោក Warren Buffett

មនុស្សម្នាក់ៗតែងតែមានមេរៀនជីវិតរៀងៗខ្លួន ដែលអាចឱ្យអ្នកផ្សេងឈ្វេងយល់ និងរៀនសូត្របន្ថែមដើម្បីកែលម្អ ឬចៀសវាងនូវកំហុសនានាសម្រាប់ជីវិតផ្ទាល់ខ្លួន។

ចំពោះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញនូវមេរៀនជីវិតសំខាន់ចំនួន 3 របស់លោក Warren Buffett ដែលជាបុគ្គលជោគជ័យខ្លាំងផ្នែកហិរញ្ញវត្ថុ ហើយមនុស្សទូទាំងពិភពលោកទទួលស្គាល់ថា ជាបិតាវិនិយោគ។

1. ការវិនិយោគលើខ្លួនឯង

លោក Warren Buffett តែងតែព្យាយាមវិនិយោគលើខ្លួនឯង ដើម្បីធ្វើឱ្យគាត់អាចសម្រេចបាននូវគោលដៅ និងអ្វីដែលគាត់ចង់បានសម្រាប់ជីវិត ដូចជាគាត់មានគោលដៅចង់បញ្ចុះបញ្ចូលអ្នកវិនិយោគឱ្យវិនិយោគក្នុងភាពជាដៃគូជាមួយគាត់ ដូច្នេះគាត់ត្រូវការជំនាញទំនាក់ទំនង និងនិយាយឱ្យបានល្អ បន្ទាប់មកគាត់ក៏ចាប់ផ្ដើមស្វែងរកវគ្គសិក្សាដើម្បីរៀននិយាយជាសាធារណៈ។ បន្ថែមពីនេះ គាត់ក៏ព្យាយាមអភិវឌ្ឍន៍នូវជំនាញថ្មីៗសម្រាប់ខ្លួនឯង ព្រមទាំងហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងការកែលម្អខ្លួនឯងជានិច្ចដើម្បីទទួលបាននូវលទ្ធផលដែលគាត់ចង់បាន មិនមែនដឹងថាខ្លួនឯងត្រូវការអ្វីហើយ ប៉ុន្តែមិនហ៊ានវិនិយោគសម្រាប់ខ្លួនឯង ដើម្បីអាចទទួលបានវានោះទេ។

2. ធ្វើការងារដែលខ្លួនឯងស្រលាញ់

អ្វីក៏ដោយ ដើម្បីអាចទទួលបានភាពជោគជ័យ និងអាចមានសមទ្ធិផលល្អបាន លុះត្រាតែយើងដាក់ចិត្តផ្ដោតក្នុងការធ្វើ ហើយដើម្បីធ្វើវាបាន ទាមទារឱ្យមានការស្រលាញ់លើអ្វីដែលខ្លួនឯងកំពុងធ្វើផងដែរ។ កត្តានេះហើយ លោក Warren Buffet បានបង្កើតច្បាប់សម្រាប់ដាស់តឿនខ្លួនឯង ក៏ដូចជាមនុស្សផ្សេងទៀតថា “ចូរធ្វើការងារដែលអ្នកស្រលាញ់បំផុត“។

ជាក់ស្ដែងលោក Buffet ជាមនុស្សមានចំណង់ចំណូលចិត្តលើផ្នែកហិរញ្ញវត្ថុ តាមរយៈការវិនិយោគ ដូច្នេះគាត់បានចាប់ផ្ដើមប្រឡូកអាជីវកម្មពាក់ព័ន្ធនឹងការវិនិយោគតាំងពីអាយុ 5ឆ្នាំ និងចាប់ផ្ដើមទិញភាគហ៊ុនដំបូង នៅអាយុ 11ឆ្នាំ រហូតនាពេលបច្ចុប្បន្ននេះ លោកបានក្លាយជាបិតានៃការវនិយោគ និងមហាសេដ្ឋីលំដាប់ពិភពលោក ដោយមានចំនួនទ្រព្យសម្បត្តិសុទ្ធសរុប 108 ពាន់លានដុល្លារ។

3. កំណត់ការខ្ចីប្រាក់របស់ខ្លួន និងអ្វីដែលជំពាក់អ្នកដទៃ

លោក Warren Buffet តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មួយ គឺការមិនខ្ចីប្រាក់ពីអ្នកដទៃច្រើនខ្លាំងពេកនោះទេ សូម្បីតែដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្ម។ បន្ថែមពីនេះ គាត់តែងតែចរចាជាមួយម្ចាស់បំណុល ដើម្បីសងអ្វីដែលគាត់អាចធ្វើទៅបាន ដោយព្យាយាមកុំឱ្យមានការប្រាក់កើនឡើង។ នៅពេលទូទាត់បំណុលអស់ គាត់តែងតែសន្សំលុយទុក សម្រាប់ការនិយោគរបស់គាត់។