មេរៀនអំពីលុយដែលយុវវ័យត្រូវដឹងនិងរៀនសូត្រ!

47
មេរៀនអំពីលុយដែលយុវវ័យត្រូវដឹងនិងរៀនសូត្រ!

លុយ ជាផ្នែកមួយដែលចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ពីព្រោះលុយអាចយកទៅដោះដូរយកអ្វីតាមតែខ្លួនឯងចង់បាន។ បន្ថែមពីនេះ លុយ ក៏ជាផ្នែកមួយដែលធ្វើឱ្យមនុស្សខិតខំធ្វើការ និងប្រកបមុខរបររកស៊ីទៅតាមចំណេះជំនាញរបស់បុគ្គលម្នាក់ៗ ដើម្បីទទួលបានប្រភពចំណូល មិនមែនអង្គុយសុខៗលុយវាធ្លាក់មកពីលើមេឃឡើយ។ ម្យ៉ាងវិញទៀត លុយ ក៏នាំមកផលវិបាកដល់មនុស្សផងដែរ តាមរយៈការដែលធ្វើឱ្យមនុស្សមានចិត្តគំនិតលោភលន់ និងចង់បានលុយច្រើនតាមតែចិត្តចង់បាន ដោយឈប់ខ្វល់អ្វីទាំងអស់ ដោយផ្ដោតតែលើការរកលុយមួយមុខក៏មានដែរ។

ហេតុដូចនេះហើយ ទើបពិភពលោកចាប់ផ្ដើមផ្ដល់សារៈសំខាន់លើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យមនុស្សគ្រប់គ្នាចេះគ្រប់គ្រង និងប្រើប្រាស់លុយឱ្យបានល្អ​ ដោយអាចយកលុយទាំងអស់នោះបង្កើនភាពរុងរឿងសម្រាប់ជីវិតផ្ទាល់ខ្លួន ជាជាងភាពស្មុគស្មាញនៅក្នុងជីវិត។

ហេតុដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីនូវចំណេះដឹងមួយចំនួនអំពីមេរៀនពីលុយ ដើម្បីឱ្យយុវវ័យទាំងអស់បានយល់ដឹង និងរៀនសូត្របន្ថែម។

1. ផ្លាស់ប្ដូរផ្នត់គំនិតលើលុយរបស់អ្នក

មនុស្សភាគច្រើននៅពេលគិតអំពីលុយ ពួកគេគ្រាន់តែគិតឃើញពីតួលេខប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ដោយគិតអំពីលុយឱ្យលើសពីការគ្រាន់តែគិតអំពីតួលេខ។ អ្នកត្រូវដឹងថា ផ្នត់គំនិត អាកប្បកិរិយា និងគំរូនៃការចំណាយរបស់អ្នកជាប្រចាំថ្ងៃនោះ វាសុទ្ធតែប៉ះពាល់ដល់រចនាប័ទ្មក្នុងការគ្រប់គ្រងលុយរបស់អ្នក។

បន្ថែមពីនេះ អ្នកក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតទាំងឡាយណាដែលអវិជ្ជមានចំពោះលុយ ដូចជាអ្នកខ្លាចរអាជាមួយលុយ អ្នកស្អប់លុយ និងផ្សេងៗទៀត ពីព្រោះវានឹងធ្វើឱ្យអ្នកជាមនុស្សមិនត្រូវធាតុជាមួយនឹងលុយ ហើយធ្វើអ្វីក៏មិនដែរមានផលល្អ ឬមានចំណូលបានច្រើនដែរ។ ម្យ៉ាងវិញទៀត បើយោងតាមប្រសាសន៍របស់លោកស្រី  Catherine Alford អ្នកជំនាញផ្នែកហិរញ្ញវត្ថុ គឺគាត់ចង់ឱ្យអ្នកមានផ្នត់គំនិតវិជ្ជមានលើលុយឱ្យបានច្រើន នោះអ្នកនឹងមានកំណើននៃលុយមកកាន់ជីវិតរបស់អ្នក ហើយអ្នកក៏ត្រូវមានការរៀនសូត្រ ក៏ដូចជាយល់ដឹងអំពីលុយឱ្យបានច្រើន។

2. លុយមិនតែងតែមានតម្លៃនោះទេ

តើអ្នកធ្លាប់គិតថា នឹងព្យាយាមរកប្រាក់ចំណូលឱ្យបានច្រើនដែរឬទេ? តើអ្នកគិតថា នៅពេលអ្នកអាចរកប្រាក់ចំណូលបានច្រើនអ្នកនឹងសប្បាយចិត្តដែរឬទេ?

លុយពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះលុយក៏បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានានានៅក្នុងជីវិតរបស់មនុស្សដែរ ប៉ុន្តែវាមិនមែនមានន័យថា លុយ គឺមានតម្លៃគ្រប់ពេលនោះទេ។ អ្វីដែលសំខាន់ជាងលុយទៀតនោះ គឺការទទួលបានសន្តិភាព និងសុភមង្គមនៅក្នុងជីវិត។ ហេតុនេះហើយ ចូរកុំព្យាយាមធ្វើបាបខ្លួនឯងដោយសារចង់បានលុយច្រើន ដោយផ្ដោតតែធ្វើការដើម្បីលុយច្រើននិងព្យាយាមផ្ដោតលើការធ្វើការ 40 ម៉ោងក្នុងមួយសប្ដាហ៍ ឬលើសនេះ ដោយគ្មានពេលវេលាសម្រាកលំហែរកាយសម្រាប់ខ្លួនឯង និងចំណាយពេលវេលាល្អៗជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងមិនបានចំណាយពេលធ្វើអ្វីដែលខ្លួនឯងត្រូវធ្វើសម្រាប់ជីវិត។ល។

3. បង់ប្រាក់លើខ្លួនឯងមុនដំបូងគេ

ការបង់ប្រាក់លើខ្លួនឯងមុនដំបូងគេ (Pay yourself first) សំដៅលើយុទ្ធសាស្រ្តហិរញ្ញវត្ថុផ្ទាល់ខ្លួននៃការសន្សំសំចៃ និងការវិនិយោគដែលកើនឡើង និងធ្វើឱ្យបានជាប់លាប់ ឬអាចនិយាយឱ្យសាមញ្ញថា ការបង់​ប្រាក់​សន្សំ ​និង​បង្កើតគណនី​វិនិយោគ​ផ្ទាល់​ខ្លួន​ជា​មុន​សិន តាមរយៈការបង់ប្រាក់សម្រាប់អនាគតខ្លួនឯងដើម្បីសន្សំសម្រាប់តម្រូវការ និងការចំណាយរយៈពេលវែងរបស់អ្នក។ ឧទាហរណ៍ ការទិញធានារ៉ាប់រង ការបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ការសងបំណុល និងបង់ប្រាក់នៅក្នុងគណនីថែទាំសុខភាពជាដើម។

4. ការវិនិយោគលើខ្លួនឯង

ការវិនិយោគលើខ្លួនឯង គឺជារឿងសំខាន់ណាស់ ហើយវាក៏ជាសកម្មភាពមួយធ្វើឱ្យមនុស្សកាន់តែរីកចម្រើនឥតឈប់ឈរ។ ហេតុនេះ ចូរប្រើប្រាស់ពេលវេលា ប្រាក់ដែលអ្នកមាន និងបញ្ចូលនូវការខិតខំប្រឹងប្រែងលើអ្វីមួយដែលអ្នកចង់សម្រេចនោះឱ្យបានច្រើន។ លុយ ក៏ជាផ្នែកមួយសំខាន់ក្នុងការជួយអ្នកឱ្យសម្រេចគោលដៅ និងមានភាពរីកចម្រើននៅក្នុងជីវិតផងដែរ តាមរយៈការប្រើប្រាស់លុយលើការទិញសៀវភៅ ទិញវគ្គសិក្សាខ្លីៗ ការទិញសំបុត្រចូលរួមសិក្ខាសាលា ការចំណាយលុយជួបជុំជាមួយនឹងរៀមម្បង ឬអ្នកមានចំណេះដឹងខ្ពស់ជាងអ្នក និងចំណាយលើអ្វីផ្សេងទៀតដែលជួយអ្នកឱ្យកាន់តែយល់ដឹង និងស្ទាត់ជំនាញលើផ្នែកណាមួយដែលអ្នកចង់រីកចម្រើននោះ។