យុទ្ធសាស្ត្រ​ដាក់​តម្លៃ​ទំនិញដើម្បី​បង្កើនប្រាក់ចំណូល ភាគ១

2464

ការដាក់តម្លៃឱ្យផលិតផលគឺជាកិច្ចការដែលលំបាកបំផុត។ លំបាកត្រង់ថា ប្រសិនបើដាក់តម្លៃខ្ពស់ពេក បរិមាណនៃការលក់នឹងមានចំនួនតិច ហើយនឹងបាត់បង់ឱកាសក្នុងការឆក់យកចំណែកទីផ្សារដោយសារតែបច្ចុប្បន្ននេះមានដៃគូរប្រកួតប្រជែងជាច្រើន។ ប៉ុន្តែ ប្រសិនបើដាក់តម្លៃទាបពេក គឺអាចប្រឈមមុខនឹងការមិនរួចថ្លៃចំណាយផ្សេងៗដើម្បីឱ្យអាជីវកម្មមានដំណើរការ ហើយក៏ធ្វើឱ្យអតិថិជនអាចយល់ថាផលិតផលនោះមានគុណភាពទៅតាមកម្រិតនោះដែរ។ នៅក្នុងពិភពអាជីវកម្ម មានសហគ្រិនជាច្រើនបានធ្វើការដកពិសោធទៅលើការដាក់តម្លៃរបស់ខ្លួន ដើម្បីបង្កើនការលក់ និងស្ទាបស្ទង់មើលទីផ្សារ ហើយក៏មានសហគ្រិនមិនតិចទេដែលបានបរាជ័យក្នុងកិច្ចការមួយនេះ។

[ad id=”5037″]

ការដាក់តម្លៃផលិតផលគឺជាកិច្ចការដ៏សំខាន់មួយ ដែលអាចធ្វើឱ្យប្រាក់ចំណូលកើន ឬថយចុះទៅតាមយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់សហគ្រិនម្នាក់ៗ។ ប៉ុន្តែ ចូរកុំធ្វើតេស្តសាកល្បងដាក់តម្លៃផលិតផលដោយតាមចិត្តចង់ ឬការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន ព្រោះថា ការធ្វើបែបនេះនឹងអាចនាំទៅកាន់ភាពបរាជ័យបាន។ មានការសិក្សាស្តីពីឥរិយាសេដ្ឋកិច្ច(Behavioral Economics)ដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបានធ្វើការបង្ហាញផ្លូវក្នុងការដាក់តម្លៃផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនចំណូលរបស់អាជីវកម្ម។ សម្រាប់ភាគទីមួយនេះ គំនិតសូមលើកយកការធ្វើតេស្តដាក់តម្លៃមួយដែលគេបានសាកល្បដើម្បីប្រៀបធៀបចំណូលមកបង្ហាញជូន ដែលហៅថា “ការដាក់តម្លៃតាមបែបផ្តល់ជម្រើស” ។

លោក វីលាម ផោនស្តូន (William Poundstone) អ្នកនិពន្ធសៀវភៅ “Priceless: The Myth of Fair Value” បានលើកឡើងថា ការឱ្យនូវជម្រើសតម្លៃផលិតផលគឺអាចធ្វើឱ្យមានការប្រែលប្រួលចំណូលបាន។ នៅក្នុងសៀវភៅនោះ លោកផោនស្តូនបានលើកឡើងពីការធ្វើតេស្តរបស់លោកទៅលើការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជននៅពេលដែលមានការផ្លាស់ប្តូរនូវជម្រើសតម្លៃស្រាបៀរ។

ការពិសោធលើកទី១

price-test-1

ក្នុងចំណោមមនុស្ស៥នាក់ ៤នាក់បានជ្រើសរើសនូវស្រាបៀរដែលមានតម្លៃ2,50ដុល្លា ហើយមានតែ១នាក់ប៉ុណ្ណោះដែលជ្រើសរើសស្រាបៀរដែលមានតម្លៃ1,8ដុល្លា។ តើការបន្ថែមជម្រើសមួយទៀតដែលមានតម្លៃថោកជាងនឹងអាចបង្កើនចំណូលដែលឬទេសម្រាប់អ្នកដែលចង់បានជម្រើសស្រាបៀរដែលថោកជាង? អ្នកស្រាវជ្រាវធ្វើការសិក្សាដោយការដាក់បន្ថែមជម្រើសស្រាបៀរមួយទៀតដែលមានតម្លៃ1,60ដុល្លាទៅក្នុងបញ្ចី។

ការពិសោធលើកទី២

price-test-2

លទ្ធផលគឺខុសពីការស្មានទុក! ជម្រើសស្រាបៀរទីបីដែលទើបតែបញ្ចូលហើយមានតម្លៃថោកនោះគឺមិនត្រូវបានគេជ្រើសរើសនោះទេ។ ប៉ុន្តែ យើងឃើញមានការផ្លាស់ប្តូរមួយគួរឱ្យកត់សម្គាល់ទៅលើប្រភេទស្រាបៀរដែលមានតម្លៃ1,8ដុល្លាដែលពីមុនមានអ្នកជាវតែ20%ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ជម្រើសមួយថ្មីបានដាក់ចូល វាធ្វើឱ្យចំនួនអតិថិជនងាកមកជ្រើសរើសស្រាបៀរដែលមានតម្លៃ1,8ដុល្លាកើនឡើងដល់80%។ ប៉ុន្តែ ស្រាបៀរដែលមានតម្លៃថ្លៃ គឺធ្លាក់មកនៅត្រឹម20%តែប៉ុណ្ណោះ។ នេះគឺជាការសម្រេចចិត្តមិនត្រឹមត្រូវមួយដែលបញ្ចូលស្រាបៀរមានតម្លៃថោកជាងចូលទៅក្នុងបញ្ជី ព្រោះថាវាបានធ្វើឱ្យចំណូលធ្លាក់ចុះយ៉ាងសម្បើម។ ប្រសិនបើអតិថិជនមិនចង់បានជម្រើសដែលថោកជាង ប្រហែលជម្រើសដែលថ្លៃជាងអាចនឹងជួយបង្កើនចំណូល?

ការពិសោធលើកទី៣

price-test-3

ពិតជាល្អណាស!

ការបន្ថែមជម្រើសដែលថ្លៃជាង ពិតជាបានបង្កើនចំណូលពិតប្រាកដមែន។ បន្ទាប់ពីបានបន្ថែមជម្រើសដែលថ្លៃជាងចូល (3,4ដុល្លា) ហើយដកចេញនូវជម្រើសដែលមានតម្លៃទាបជាងចេញ(1,60ដុល្លា) ប្រាក់ចំណូលក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ 85%បានជ្រើសរើសនូវជម្រើស 2,50ដុល្លា ហើយ១០% ជ្រើសរើសជម្រើស 3,40ដុល្លា និងមានតែ5%ប៉ុណ្ណោះដែលជ្រើសរើសតម្លៃទាបជាងគេ (1,80ដុល្លា)។

ឧទាហរណ៍ខាងលើពិតជាបានបង្ហាញពីសារៈសំខាន់នៃការផ្តល់ជម្រើសតម្លៃ។ មានអតិថិជនមួយចំនួនចូលចិត្តជ្រើសរើសនូវជម្រើសណាដែលថ្លៃជាងគេ។ ដូចនេះ ការមានផលិតផលមួយដែលមានតម្លៃថ្លៃ នឹងធ្វើឱ្យមានភាពទាក់ទាញសម្រាប់ពួកគេ ហើយធ្វើឱ្យជម្រើសផ្សេងៗគឺជាជម្រើសដែលមានតម្លៃល្អបើគិតលើតម្លៃ។ ក្នុងពិភពអាជីវកម្មជាក់ស្តែង មានអតិថិជនមួយចំនួនធំ មិនជ្រើសរើសយកនូវជម្រើសដែលមានតម្លៃទាបជាងគេនោះទេ ហើយនេះគឺជាចិត្តសាស្ត្ររបស់មនុស្ស។ តើអ្នកមានធ្លាប់មានបទពិសោធបែបនេះដែរឬទេ (មិនហ៊ានជ្រើសរើសយកជម្រើសដែលមានតម្លៃជាងគេ)?

Previous articleព្រេង​និទានសម័យទំនើប៖ ទន្សាយ​ និងអណ្តើក
Next articleតថភាពសង្គម៖ ពេលខ្លះយើងខ្លាច​ដោយ​មិន​ដឹងមូលហេតុ!
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។