Home អភិវឌ្ឍន៍ខ្លួនឯង របៀបក្លាយជា មនុស្សមានភាពបត់បែនបានលឿន

របៀបក្លាយជា មនុស្សមានភាពបត់បែនបានលឿន

395
របៀបក្លាយជា មនុស្សមានភាពបត់បែនបានលឿន

ភាពបត់បែន បើសរសេរជា ភាសាអង់គ្លេស គឺ flexible ។ តើភាពបត់បែននេះ មានន័យដូចម្ដេច?

ភាពបត់បែន ត្រូវបានកំណត់ថា ជាសមត្ថភាពអាចផ្លាស់ប្តូរបានលឿន អាចចុះចំណោមជាមួយមនុស្ស ឬបរិស្ថានជុំវិញបាន និងអាចកែប្រែស្ថានការណ៍បានយ៉ាងងាយស្រួល ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈប្រែប្រួលនានា។

មនុស្សគ្មានភាពបត់បែន VS មនុស្សមានភាពបត់បែន

  1. មនុស្សគ្មានភាពបត់បែន
  • ជាមនុស្សគេចនឹងបញ្ហា
  • ជាមនុស្សរអ៊ូជាមួយនឹងបញ្ហា
  • ជាមនុស្សគ្មានដំណោះស្រាយ
  • ជាមនុស្សរស់នៅក្នុងភាពស្មុគស្មាញ
  • ជាមនុស្សគ្មានភាពរីកចម្រើន
  1. មនុស្សមានភាពបត់បែន
  • ជាមនុស្សអាចកែប្រែស្ថានការណ៍អាក្រក់ឱ្យមកល្អឡើងវិញ
  • ជាមនុស្សមានដំណោះស្រាយ
  • ជាមនុស្សបត់បែនតាមកាលៈទេសៈ
  • ជាមនុស្សអាចរស់នៅក្នុងចំណោមប្រភេទមនុស្សផ្សេងៗ
  • ជាមនុស្សអាចធ្វើឱ្យខ្លួន​ឯងរីកចម្រើនគ្រប់ពេល គ្រប់វេលា

ហេតុអ្វីមនុស្សខ្លះមានភាពបត់បែន  និងមនុស្សខ្វះទៀតគ្មានភាពបត់បែន?

មូលហេតុ ដោយសារតែមនុស្សមានសកម្មភាព ការធ្វើលំហាត់ប្រាណ ទម្លាប់ប្រចាំថ្ងៃ របបអាហារ និងចំណេះដឹងខុសៗគ្នា ជាពិសេសមានផ្នត់គំនិតផ្សេងពីគ្នា។ ដូច្នេះប្រសិនបើនរណាដែលបានដឹងច្បាស់ថា ខ្លួនឯងគ្មានភាពបត់បែនបានលឿនទេ ចូរព្យាយាមស្វែងរកអ្នកដែលមានភាពបត់បែនលឿនក្នុងការជួយផ្ដល់ជាគន្លឹះ ឬអានចំណេះដឹងនានាដើម្បីផ្លាស់ប្ដូរខ្លួនឯង និងហ្វឹកហាត់ខ្លួនឯងឱ្យបានខ្លាំង ដើម្បីក្លាយជាមនុស្សមានភាពបត់បែន។

សារៈសំខាន់ នៅពេលចេះបម្លែងខ្លួនឯងក្លាយជាមនុស្សបត់បែន

  1. អាចសម្របខ្លួនទៅនឹងបរិបទនៃការផ្លាស់ប្តូរនានា
  2. អាចគ្រប់គ្រងអ្វីដែលមិននឹកស្មានដល់ដែលបានកើតឡើងភ្លាមៗ
  3. មានភាពពេញចិត្តច្រើនលើជីវិតផ្ទាល់ខ្លួន
  4. អាចធ្វើការជាមួយមនុស្សគ្រប់ប្រភេទបានយ៉ាងល្អ
  5. អាចធ្វើឱ្យជីវិតផ្ទាល់ខ្លួនពោរពេញដោយភាពរីកចម្រើន

របៀបក្លាយជាមនុស្សមានភាពបត់បែនបានលឿន

1. ចាប់ផ្ដើមធ្វើអ្វីពីតូចសិន

ចាប់ផ្ដើមធ្វើសកម្មភាពថ្មីៗជាប្រចាំនៅពេលអ្នកមានពេលទំនេរ និងហ្វឹកហាត់ចំណុចខ្វះខាតខ្លួនឯងបន្តិចម្ដងៗ ជាពិសេសហ្វឹកហាត់ដោះស្រាយបញ្ហានានាដែលអ្នកកំពុងប្រឈមមុខជាប្រចាំ។

2. ពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នក

នៅពេលអ្នកចាប់ផ្ដើមការស្រមើលស្រមៃនិងជំនាញដោះស្រាយបញ្ហារបស់អ្នក វាប្រៀបដូចជាការបណ្តុះបណ្តាលនិងរៀបចំខួរក្បាលរបស់អ្នក ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពជីវិតបន្តិចម្ដងៗ។ បន្ទាប់មក អ្នកត្រូវហ្វឹកហាត់ខ្លួនឯងឱ្យមានការគិតលឿន ការធ្វើសកម្មភាពរហ័ស និងរៀនសូត្រពីបរិបទ និងចំណេះដឹងនានាឱ្យបានច្រើន ក្នុងគោលបំណងធ្វើឱ្យខួរក្បាលពោរពេញដោយព័ត៌មាន ភាពច្នៃប្រឌិត និងមានភាពបន្សុំានឹងបរិបទនានា ព្រមទាំងអាចដោះស្រាយ អាចសម្របខ្លួនបានគ្រប់ស្ថានការណ៍។

3. គិតឡើងវិញអំពីបញ្ជីការងារដែលអ្នកត្រូវធ្វើ

អ្នកត្រូវផ្ដោតគិតអំពីអ្វីដែលអ្នកត្រូវធ្វើបន្ត អ្វីដែលអ្នកចូលចិត្តក្នុងការធ្វើឬអ្វីដែលអ្នកមិនចូលចិត្តធ្វើ និងអ្វីដែលអ្នកបានធ្វើសម្រេចតាមគោលដៅ។ នៅពេលដែលអ្នកបានដឹងច្បាស់អំពីស្ថានភាពការងាររបស់អ្នកហើយ ចូរអ្នកចាប់ផ្ដើមបញ្ចប់ការងារណាដែលនៅសល់ ពង្រឹងការងារណាដែលនៅខ្វះខាត និងអបអរនូវអ្វីដែលបានសម្រេច។ លើសពីនេះ អាចរកដំណោះស្រាយ ឬរកជំនួយ ឬស្រាវជ្រាវបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងាររបស់អ្នកកាត់បន្ថយបញ្ហា និងឱ្យមានភាពល្អប្រសើរបានគ្រប់ពេលវេលា។

4. ត្រួតពិនិត្យនូវអាហារពេលព្រឹកនិងពេលយប់

របបអាហារជារឿងសំខាន់ណាស់ ពីព្រោះរបបអាហារដែលត្រឹមត្រូវអាចធ្វើឱ្យសុខភាពរបស់មនុស្សល្អ និងមានខួរក្បាលដែលមានភាពរឹងមាំឬល្អ ដូច្នេះអ្នកត្រូវពិនិត្យមើលរបបអាហារពេលព្រឹករបស់អ្នក តើល្អ ឬមានជីវជាតិគ្រប់គ្រាន់សម្រាប់ជំនួយដល់ខួរក្បាល ការគិត និងរាងកាយបានកម្រិតណា? ហើយចំពោះពេលយប់ក៏ត្រូវធ្វើដូចគ្នា។

5. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ជាកត្តាសំខាន់ ដែលអាចមានសមត្ថភាពធ្វើឱ្យមនុស្សមានភាពរហ័សរហួនជាងមុន មានរាងកាយដ៏រឹងមាំ និងមានសុខភាពល្អ ដូច្នេះការគិត ភាពបត់បែនក៏មានភាពល្អតាមនោះដែរ។ ធ្វើសកម្មភាពកាន់តែច្រើន ភាពបត់បែនកាន់តែល្អដូចគ្នា។

6. អនុវត្តន៍សកម្មភាពបត់បែនឱ្យបានញឹកញាប់

ចង់ក្លាយជាមនុស្សដែលមានភាពបត់បែនបានគ្រប់ស្ថានភាព ត្រូវតែបន្សុំាខ្លួនឯងឱ្យក្លាយជាមនុស្សមានដំណោះស្រាយ និងអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍។ ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវការពេលវេលា និងការខិតខំក្នុងការហ្វឹកហាត់ឱ្យបានជាប្រចាំ។