spot_img
spot_img
Homeហិរញ្ញវត្ថុរបៀបគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុន

របៀបគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុន

-

ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនគឺមានការយល់ច្បាស់ពីសារៈសំខាន់នៃការលក់ និងប្រាក់ចំណេញ ប៉ុន្តែពួកគេមិនយល់ពីមូលហេតុដើម្បីរក្សាលំហូរសាច់ប្រាក់នោះទេ។ ការយល់ដឹងអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការ គឺចាំបាច់សម្រាប់អាជីវកម្មដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយបំណុលដែលនៅសេសសល់។

ហេតុដូចនេះ ដើម្បីជួយម្ចាស់អាជីវកម្មគ្រប់រូបឱ្យមានការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រតិបត្តិការអាជីវកម្មឱ្យបានល្អ ចូរអនុវត្តន៍តាមក្បួនខាងក្រោមនេះ។

1. ចាប់ផ្ដើមសិក្សាពីលំហូរសាច់ប្រាក់ និងផលប៉ះពាល់របស់វា

លំហូរសាច់ប្រាក់ ជាអ្វីដែលម្ចាស់អាជីវកម្មគួរតែតាមដាន ទាំងលំហូរសាច់ប្រាក់ចូល និងចេញ ពីព្រោះវាមានឥទ្ធិពលរាល់ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយរបស់អ្នក។ ហើយអ្នកក៏ត្រូវចងចាំដែរថា ប្រសិនបើក្រុមហ៊ុនរបស់អ្នកអស់សាច់ប្រាក់ នោះអាជីវកម្មរបស់អ្នកក៏ត្រូវចប់ដែរ ដូច្នេះចូរកុំមើលរំលងអំពីចំណេះដឹងនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ។ ម្យ៉ាងទៀត លំហូរសាច់ប្រាក់នឹងមានផលប៉ះពាល់ដល់តម្លៃផលិតផល ការទូទាត់របស់អតិថិជន សំណងដល់បុគ្គលិក និងជាច្រើនទៀត។ ប៉ុន្តែ! ប្រសិនបើអ្នកយល់ច្បាស់អំពីរឿងទាំងនេះ ហើយពង្រឹងវាឱ្យបានរឹងមាំ នោះដំណើរការអាជីវកម្មក៏រីកចម្រើនតាមនោះដែរ។

2. ប្រៀបធៀបរវាងការលក់ និងលំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់ ជាសាច់ប្រាក់ដែលចូលមកក្នុងក្រុមហ៊ុនតាមរយៈការលក់ និងប្រាក់ដែលចេញដើម្បីទូទាត់ការចំណាយ។ ត្រង់ចំណុចនេះ ក៏ចង់បញ្ជាក់ដល់ម្ចាស់អាជីវកម្មថ្មីៗឱ្យបានដឹងថា ប្រសិនបើការលក់បានច្រើន កុំទាន់គិតថាលំហូរសាច់ប្រាក់ល្អប្រសើរជាងមុនឱ្យសោះ ពីព្រោះការលក់កើនឡើង ចំណាយក៏កើនឡើងដូចគ្នា។ ហើយពេលខ្លះ ទោះបីជាការលក់កើនខ្លាំងក៏ដោយ ក៏អាចនាំឱ្យអាជីវកម្មមានការជាប់គាំងសម្រាប់សាច់ប្រាក់ផងដែរ ឧទាទាហរណ៍ លក់ទំនិញអស់ តែសាច់ប្រាក់ដែលទទួលបានគឺតិច ដោយសារមានអ្នកជំពាក់ខ្លះ ។ល។  ដូច្នេះនេះជាអ្វីដែលអ្នកត្រូវដឹង ហើយត្រូវធ្វើការប្រៀបធៀបរវាងការលក់ និងលំហូរសាច់ប្រាក់ដែលទទួលបាន ហើយគិតវិភាគដើម្បីកុំឱ្យមានការជាប់គាំងសាច់ប្រាក់។

3. ធ្វើការព្យាករណ៍សាច់ប្រាក់ប្រចាំសប្តាហ៍

ម្ចាស់អាជីវកម្ម គួរតែបង្កើតទម្លាប់ធ្វើការព្យាករណ៍សាច់ប្រាក់ប្រចាំសប្តាហ៍ រយៈពេល 13 សប្តាហ៍ នោះអ្នកនឹងមានការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរឡើង ហើយអាចកំណត់អាទិភាពដើម្បីបង្កើតលំហូរសាច់ប្រាក់នាំចូលមកកាន់ក្រុមហ៊ុន និងដឹងយ៉ាងច្បាស់ថាលំហូរសាច់ប្រាក់ចេញយ៉ាងមិចដែរ។

4. បន្តធ្វើបច្ចុប្បន្នភាពការព្យាករណ៍ 13 សប្តាហ៍

ម្ចាស់អាជីវកម្មត្រូវតែបន្តធ្វើការព្យាករណ៍សាច់ប្រាក់ក្នុងក្រុមហ៊ុនឱ្យបាន 13សប្ដាហ៍ ហើយរាល់សប្ដាហ៍ ត្រូវតែធ្វើបច្ចុប្បន្នភាពនៃការព្យាករណ៍ដោយផ្អែកលើអ្វីដែលបានកើតឡើងពីសប្ដាហ៍មុន និងបន្ថែមការព្យាករណ៍សម្រាប់សប្ដាហ៍បន្ទាប់ទៀត។ ធ្វើបែបនេះ អ្នកនឹងអាចតាមដានបានជាប់លាប់ពីស្ថានភាពនៃសាច់ប្រាក់ចូលក្នុងក្រុមហ៊ុន និងសាច់ប្រាក់ចេញពីក្រុមហ៊ុន។ ហើយអ្នកនឹងអាចមានវិធានការថ្មីៗ ដើម្បីធ្វើឱ្យមានភាពសកម្មជាងមុនក្នុងការដោះស្រាយរាល់វិបត្តិសាច់ប្រាក់នានាក្នុងក្រុមហ៊ុន។

5. កាត់បន្ថយថ្លៃដើមអថេរ

ដើម្បីអាចរក្សាប្រាក់ចំណូលឱ្យបានល្អ និងកាត់បន្ថយបញ្ហាសាច់ប្រាក់ គឺអ្នកត្រូវតែកាត់បន្ថយថ្លៃដើមអថេរ (Variable Costs) ។ ថ្លៃដើមអថេរនោះ អាចជាការចំណាយលើការផ្សព្វផ្សាយច្រើនលើសលប់ ថ្លៃដើមនៃទំនិញដែលបានលក់ វត្ថុធាតុដើម ធាតុចូលផលិតកម្ម ការវេចខ្ចប់ ប្រាក់ឈ្នួល កម្រៃជើងសារ និងឧបករណ៍ប្រើប្រាស់មួយចំនួន។ល។ ហេតុនេះ ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែពិនិត្យមើលថាតើចំណាយលើអ្វីទើបសំខាន់ ហើយគួរកាត់បន្ថយចំណាយណាខ្លះដែលមិនចាំបាច់។

6. ស្វែងរកហិរញ្ញប្បទាន

ការដែលធ្វើឱ្យលំហូរសាច់ប្រាក់មានភាពល្អ ជារឿងសំខាន់ណាស់ដើម្បីអាចទទួលបានហិរញ្ញប្បទាន និងការពង្រីកអាជីវកម្មរបស់អ្នក។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវតែប្រើការព្យាករណ៍សាច់ប្រាក់របស់ខ្លួនដើម្បីកំណត់ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកហិរញ្ញប្បទាន។

7. បង្កើតឧបករណ៍ព្យាករណ៍ផ្ទាល់ខ្លួន

ពិចារណាលើការបង្កើតឧបករណ៍ព្យាករណ៍លំហូរសាច់ប្រាក់ ដោយមុនពេលអ្នកភ្ជាប់វាទៅក្នុងសារពើភ័ណ្ឌបន្ថែម ឬការទូទាត់បំណុលដែលមិនចាំបាច់ ឬការចំណាយលើអ្វីផ្សេងទៀត សូមប្រើឧបករណ៍ព្យាករណ៍របស់អ្នកដើម្បីបង្ហាញសាច់ប្រាក់បច្ចុប្បន្នរបស់អ្នកនៅក្នុងដៃ ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តបានល្អ និងសម្រេចចិត្តថាតើអ្នកអាចបង្កើតដើមទុនថ្មីបានឬអត់។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ