របៀបឈ្វេងយល់ពីតម្រូវការរបស់អតិថិជន

58
របៀបឈ្វេងយល់ពីតម្រូវការរបស់អតិថិជន

ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន សំដៅលើការដឹងពីអ្វីដែលអតិថិជនចង់បាន និងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវការអតិថិជន តាមរយៈផ្តល់នូវផលិតផលកាន់តែប្រសើរឡើង បង្កើនយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អ និងសេវាកម្មអតិថិជនដ៏អស្ចារ្យ។

ចំពោះប្រភេទនៃតម្រូវការរបស់អតិថិជន អ្នកអាចពិចារណាលើចំណុចដូចខាងក្រោម៖

  • តម្លៃ៖ អ្នកអាចពិចារណាលើការបង្កើតផលិតផលឬសេវាកម្មណាដែលសក្តិសមនឹងថវិកាផ្ទាល់ខ្លួនរបស់អតិថិជនគោលដៅរបស់អ្នកដែលពួកគេហ៊ាននឹងចំណាយ។
  • បទពិសោធន៍៖ អ្នកត្រូវសិក្សាអំពីបទពិសោធន៍ដ៏រីករាយបំផុតនៅពេលពួកគេប្រើប្រាស់ផលិតផល ឬសេវាកម្ម។
  • មុខងារ៖ អ្នកក៏ត្រូវសិក្សាអំពីផលិតផល ឬសេវាកម្មណាដែលអាចដោះស្រាយបញ្ហាជាក់លាក់មួយសម្រាប់អតិថិជនគោលដៅរបស់អ្នក។
  • អារម្មណ៍៖ អ្នកក៏ត្រូវសិក្សាអំពីអារម្មណ៍ជាក់លាក់ដែលអតិថិជនគោលដៅរបស់អ្នកអាចមានពេល ពួកគេប្រើប្រាស់ផលិតផលរបស់អ្នក។
  • ការបំពេញបន្ថែមដ៏ល្អ៖ អ្នកត្រូវសិក្សាពីផលិតផលដែលដំណើរការល្អប្រសើរជាងផលិតផលផ្សេងទៀតដែលអតិថិជនរបស់អ្នកកំពុងប្រើប្រាស់។
  • ផ្ទាល់ខ្លួន៖ អ្នកត្រូវតែសិក្សាពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អតិថិជនដែលមាននៅពេលធ្វើអន្តរកម្មជាមួយម៉ាកយីហោរបស់អ្នក ឬទាក់ទងសេវាកម្មអតិថិជនដែលអ្នកផ្ដល់ជូនពួកគេ។
  • សង្គម៖ អ្នកត្រូវតែសិក្សាអំពីតម្រូវការទីផ្សារបច្ចុប្បន្ន ថាតើទីផ្សារកំពុងមានតម្រូវការអ្វ? តើអ្នកនឹងត្រូវធ្វើបែបណាដើម្បីធ្វើឱ្យត្រូវនឹងស្ថានភាពទីផ្សារ?។ល។

បន្ថែមពីនេះ អ្នកក៏អាចសិក្សាឈ្វេងយល់ពីតម្រូវការរបស់អតិថិជន តាមរយៈវិធីខាងក្រោម៖

1. កំណត់ទីផ្សារគោលដៅរបស់អ្នក

នៅក្នុងចំណុចនេះ អ្នកត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានលម្អិតលើអតិថិជនគោលរបស់អ្នក ដើម្បីកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការបង្កើតយុទ្ធសាស្ត្រដំណើរការសម្រាប់ក្រុមហ៊ុនដ៏ល្អបំផុត។ ជាឧទាហរណ៍ ប្រសិនបើទីផ្សារគោលដៅរបស់អ្នកត្រូវបានបង្កើតឡើងសម្រាប់មនុស្សវ័យជំទង់ ដូច្នេះអ្នកនឹងត្រូវដឹងថា ត្រូវធ្វើយុទ្ធសាស្រ្តទីផ្សារ និងបង្កើតផលិតផល ឬសេវាកម្មបែបណាសម្រាប់មនុស្សវ័យជំទង់។ បន្ថែមពីនេះ អ្នកត្រូវសិក្សាអំពីប្រជាសាស្រ្តសំខាន់ៗនៅក្នុងទីផ្សារគោលដៅរបស់អ្នកផងដែរ រួមមានកម្រិតនៃការអប់រំ កម្រិតនៃប្រាក់ចំណូល កន្លែងដែលអតិថិជនរបស់អ្នករស់នៅ ចំណង់ចំណូល អាយុ និងភេទជាដើម។ ធ្វើបែបនេះ អ្នកនឹងកាន់តែងាយស្រួលរៀបចំយុទ្ធសាស្រ្តទីផ្សារ និងការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងក្រុមអតិថិជនគោលដៅរបស់អ្នក។

2. ឈ្វេងយល់ពីមូលហេតុដែលអតិថិជននឹងទិញ

ក្រោយពីអ្នកបានកំណត់អត្តសណ្ណាណអតិថិជនគោលដៅរបស់អ្នកនៅក្នុងចំណុចទីមួយរួចហើយ។ ជំហានបន្ទាប់ អ្នកត្រូវសិក្សាឈ្វេងយល់ពីរបៀបដែលអតិថិជននឹងសម្រេចចិត្តទិញផលិតផល ឬសេវាកម្មណាមួយ តាមរយៈការបង្ហាញនូវមូលហេតុសំខាន់ៗដែលពួកគេនឹងទិញផលិតផល ឬសេវាកម្មនោះ។ ហេតុដូចនេះ អ្នកអាចឈ្វេងយល់ពីអ្វីដែលអតិថិជនគោលដៅរបស់អ្នកត្រូវការ ដោយពឹងផ្អែកលើហេតុផលជាក់លាក់ណាមួយ​ឬច្រើន។ ដូច្នេះហើយអ្នកអាចកត់ចំណាំលើហេតុផលទាំងនោះ បន្ទាប់មកអ្នកអាចបង្កើតចំណង់ក្នុងការចង់ទិញកាន់តែខ្លាំងលើផលិតផល ឬសេវាកម្មដែលអ្នកនឹងបង្កើតសម្រាប់ពួកគេ។

គួរបញ្ជាក់ផងដែរថា ការដែលអាចរកឃើញនូវមូលហេតុសំខាន់ និងជាក់លាក់ដែលអតិថិជនសម្រេចចិត្តទិញអ្វីមួយនោះ វានឹងជួយអ្នកឱ្យងាយស្រួលបង្កើតនូវផលិតផលឬសេវាកម្មដើម្បីផ្ដល់ជូនអតិថិជនបានយ៉ាងត្រឹមត្រូវនិងសមស្របជាមួយនឹងតម្រូវការអតិថិជន។ ជាពិសេស អ្នកក៏កាន់តែងាយស្រួលធ្វើយុទ្ធសាស្រ្តទីផ្សារដោយចងភ្ជាប់រវាងតម្រូវការដ៏រំជើបរំជួលជាមួយអតិថិជន ដោយធ្វើឱ្យអតិថិជនកាន់តែមានអារម្មណ៍ថា អ្នកបានផ្ដល់នូវអ្វីដែលពួកគេចង់បាន ព្រមទាំងអ្នកក៏អាចជួយឱ្យអាជីវកម្មរបស់អ្នកអាចដំណើរការយូរអង្វែងផងដែរ តាមរយៈការធ្វើអាជីវកម្មសមស្របជាមួយនឹងតម្រូវការទីផ្សារ។

3. វិភាគគូប្រជែងរបស់អ្នក

ការវិភាគដៃគូប្រកួតប្រជែងរបស់អ្នក វាក៏ជាផ្នែកមួយសំខាន់ក្នុងការជួយអ្នកក្នុងការកំណត់តម្រូវការរបស់អតិថិជនផងដែរ តាមរយៈការសិក្សាវិភាគលើរបៀបដែលគូប្រជែងរបស់អ្នកផ្ដល់សេវាកម្ម ឬលក្ខណៈពិសេសផ្សេងៗលើផលិតផលសេវាកម្មរបស់ពួកគេទៅកាន់អតិថិជន។ បន្ទាប់មក អ្នកក៏ត្រូវគិតវិភាគដែរថា ប្រសិនបើគូប្រជែងរបស់អ្នកផ្ដល់អ្វីពិសេសដល់អតិថិជន ច្បាស់ណាស់អតិថិជននឹងចង់ទទួលបានវាពីក្រុមហ៊ុនរបស់អ្នកដែរ ដូច្នេះអ្នកត្រូវគិតពិចារណាលើអាជីវកម្មរបស់អ្នកវិញ ថាតើអ្នកនឹងធ្វើអ្វីបន្ថែមដើម្បីផ្ដល់ជូននូវគុណតម្លៃដ៏ល្អជាងគូប្រជែងរបស់អ្នក?

បន្ថែមពីនេះ អ្នកក៏ត្រូវសិក្សាវិភាគលើចំណុចខ្វះខាតរបស់គូប្រជែងរបស់អ្នក ដើម្បីកែលម្អខ្លួនឯង ក៏ដូចជាពង្រឹងខ្លួនឯងឱ្យកាន់តែល្អ ជាពិសេសបង្កើតអ្វីដែលថ្មីសម្រាប់បំពេញនូវចំណុចខ្វះខាតដែលគូប្រជែងរបស់អ្នកគ្មាន ប៉ុន្តែអ្នកមានក្នុងការផ្ដល់ជូនដល់អតិថិជន ហើយវាក៏ជាអ្វីដែលអតិថិជនរបស់អ្នកត្រូវការផងដែរ។