របៀបដកខ្លួនចេញពីជីវិតដ៏ធុញទ្រាន់របស់អ្នក

39
របៀបដកខ្លួនចេញពីជីវិតដ៏ធុញទ្រាន់របស់អ្នក

មនុស្សម្នាក់ៗ កើតមកតែងតែនាំនូវសេចក្ដីសុខ និងសេចក្ដីទុក្ខមកជាមួយគ្នា។ អ្នកខ្លះក៏មានជីវិតមួយដែលពោរពេញដោយភាពរីករាយច្រើនជាងភាពទុក្ខសោក ប៉ុន្តែក៏មានអ្នកខ្លះក៏មានជីវិតដែលមានភាពទុក្ខសោកច្រើនជាងភាពរីករាយ ហើយក៏មានអ្នកខ្លះទៀត ភាពរីករាយ និងភាពទុក្ខសោកដើរទទឹមគ្នាក៏មាន។ ចុះប្រសិនបើ អ្នកកំពុងជួបនូវស្ថានភាពមួយដែលធុញទ្រាន់នឹងជីវិតខ្លួនឯង ដោយគ្មានភាពរីកចម្រើនដូចគេ គ្មានភាពរីករាយច្រើនដូចគេ និងខ្វះអ្វីស្ទើរគ្រប់យ៉ាង តើអ្នកនឹងធ្វើបែបណា? តើអ្នកនឹងបញ្ចប់ជីវិតខ្លួនឯងឬ? តើអ្នកនឹងឃុំខ្លួនឯងក្នុងតែបន្ទប់ឬ? តើអ្នកនឹងចំណាយពេលនោះមកលើរឿងឥតប្រយោជន៍ផ្សេងៗឬ?

ហេតុនេះ ខ្លឹមសារខាងក្រោមនឹងជួយបង្ហាញនូវគន្លឹះបីចំណុច ដែលជួយផ្ដល់ជាគំនិតដល់អ្នកសម្រាប់ពិចារណា ដើម្បីដកខ្លួនចេញពីជីវិតមួយដែលអ្នកយល់ថា ពោរពេញដោយភាពធុញទ្រាន់ជាខ្លាំង។

1. កុំចំណាយពេលច្រើនលើរឿងគ្មានប្រយោជន៍

ប្រសិនបើអ្នកយល់ថាជីវិតរបស់អ្នកគ្មានន័យ មានភាពស្មុគស្មាញ ឬកំពុងមានអារម្មណ៍ធុញទ្រាន់នឹងជីវិតផ្ទាល់ខ្លួន ចូរកុំព្យាយាមយកពេលវេលានោះមកចំណាយលើបណ្ដាញសង្គម ការលេងហ្គេម ឬក៏ផឹកស្រា និងសកម្មភាពដែលមិនបានជួយអ្នកឱ្យសោះ ពីព្រោះសកម្មភាពទាំងនេះ មិនត្រឹមតែធ្វើឱ្យអ្នកខាតពេលប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំផ្លាញអ្នកបន្តិចម្ដងៗ ព្រមទាំងជំរុញឱ្យអ្នកកាន់តែមានអារម្មណ៍ស្មុគស្មាញជាមួយជីវិតកាន់តែខ្លាំង និងយល់ថាជីវិតរបស់អ្នកនឹងគ្មានន័យលើសដើម។

ហេតុនេះហើយ ចូរកុំព្យាយាមចំណាយពេលទាំងនោះលើរឿងដែលគ្មានប្រយោជន៍ច្រើនពេក ប៉ុន្តែត្រូវចេះសម្រួលអារម្មណ៍ ការតាំងសមាធិ ការដើរលេងកំសាន្ត ការធ្វើលំហាត់ប្រាណ ការណាត់ជួបមនុស្សដែលអ្នកអាចចែករំលែករឿងក្នុងចិត្ត និងសកម្មភាពទាំងឡាយណាដែលជួយឱ្យកាន់តែធូរស្បើយ ហើយអាចបន្តសកម្មភាពឆ្ពោះទៅមុខបានយ៉ាងរលូន ដោយមិនមែនគេងអោបក្រសោមទុក្ខកង្វល់នោះតែក្នុងបន្ទប់ម្នាក់ឯងឡើយ។

2. ធ្វើខ្លួនឱ្យសកម្មលើរឿងមានប្រយោជន៍

អ្នកត្រូវផ្ដោតលើសកម្មភាពណាដែលជួយធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ បង្កើនចំណេះដឹង សមត្ថភាព និងរវល់ច្រើន។ សកម្មភាពទាំងនោះ រួមមាន៖

  • ការធ្វើខ្លួនឱ្យសកម្មលើការបង្កើនចំណេះដឹង តាមរយៈការអានសៀវភៅ មើលវីដេអូបង្វឹកវគ្គខ្លីៗ និងការសិក្សាស្រាវជ្រាវបន្ថែម។
  • ការធ្វើខ្លួនឱ្យសកម្មលើការពង្រឹងទំនាក់ទំនងជាមួយមនុស្សល្អៗ និងមនុស្សខ្លាំងពូកែនានាឱ្យបានច្រើន។
  • ការធ្វើខ្លួនឱ្យសកម្មលើការសម្រេចគោលដៅផ្ទាល់ខ្លួន និងការថែទាំសុខភាព។
  • និងការធ្វើខ្លួនឱ្យសកម្មលើរឿងទាំងឡាយណាដែលជួយអ្នកឱ្យកាន់តែទទួលបានភាពរីកចម្រើននៅក្នុងជីវិត។

ចូរអ្នកចងចាំថា នៅពេលអ្នករវល់ខ្លាំងលើសកម្មភាពណាដែលជួយឱ្យអ្នករីកចម្រើនឥតឈប់ឈរ ព្រមទាំងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងជីវិត នោះអ្នកនឹងភ្លេចគិតលើការធ្វើសកម្មភាពណាដែលគ្មានប្រយោជន៍ ព្រមទាំងចាប់ផ្ដើមកាន់តែជឿជាក់លើខ្លួនឯង ផ្ដល់តម្លៃលើជីវិតខ្លួនឯង និងស្រលាញ់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួនឯងកាន់តែខ្លាំងជាក់ជាមិនខាន។

3. ត្រូវមានគោលដៅជាក់លាក់សម្រាប់ជីវិត

មនុស្សដែលរស់នៅក្នុងជីវិតដែលមានគោលដៅមិនច្បាស់លាស់ តែងតែមានបញ្ហាស្មុគស្មាញច្រើនជាងអ្នកដែលរស់នៅក្នុងជីវិតមួយដែលមានគោលដៅជាក់លាក់នៅក្នុងជីវិត។ ហេតុអ្វី?​ ពីព្រោះអ្នកដែលមានគោលដៅមិនជាក់លាក់ តែងតែមានស្ថានភាពមិននឹងនរ និងប្រែប្រួលជានិច្ច ដូចជាខ្យល់បកអ៊ីចឹង ប៉ុន្តែមនុស្សដែលមានគោលដៅជីវិតជាក់លាក់ ពួកគេតែងតែមានកម្លាំងចិត្តជានិច្ចក្នុងការធ្វើសកម្មភាពនានាដើម្បីសម្រេចវា និងរស់នៅដោយមានគោលបំណង ព្រមទាំងរស់នៅដោយមានក្ដីសង្ឃឹមជានិច្ចទោះបីជាជួបស្ថានភាពជីវិតបែបណាក៏ដោយ។