របៀបធ្វើឱ្យខ្លួនឯងមានកម្លាំងចិត្តជានិច្ច

21
របៀបធ្វើឱ្យខ្លួនឯងមានកម្លាំងចិត្តជានិច្ច

នៅលើពិភពលោកនេះ គ្មាននរណាម្នាក់កើតមកដែលមិនចេះខូចចិត្ត កើតទុក្ខ អស់សង្ឃឹម និងបាត់បង់ទំនុកចិត្តលើខ្លួនឯងឡើយ ក៏ប៉ុន្តែវាក៏មានវិធីដើម្បីដោះស្រាយផងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលមនុស្សចង់បាន គឺការមានកម្លាំងចិត្តជានិច្ចសម្រាប់ខ្លួនឯង ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ពីព្រោះពួកគេមិនអាចគេចផុតពីរឿងដែលខកចិត្ត និងបញ្ហានានាបានទេ។ ហេតុដូច្នេះហើយ ខ្លឹមសារខាងក្រោមនេះ នឹងផ្ដល់នូវវិធីមួយចំនួនដែលអាចជួយអ្នកឱ្យមានកម្លាំងចិត្តជានិច្ច។

1. ការចេះលើកទឹកចិត្តខ្លួនឯង

នៅក្នុងចំណុចនេះ អ្នកត្រូវតែចេះស្រលាញ់ និងចេះផ្ដល់គុណតម្លៃដល់ខ្លួនឯងឱ្យបានខ្លាំង ព្រមទាំងត្រូវយល់ពីខ្លួនឯងថាកំពុងធ្វើអ្វីឱ្យបានច្បាស់នៅក្នុងជីវិត ជាពិសេសចូរធ្វើនូវអ្វីដែលខ្លួនឯងពេញចិត្ត និងទទួលយកគ្រប់អ្វីៗទាំងអស់នៅពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយ។

បន្ថែមពីនេះ ប្រសិនបើអ្នកជួបនូវស្ថានភាពមួយដែលខកចិត្ត និងលំបាក អ្នកត្រូវតែចេះនិយាយលួងលោមលើកទឹកចិត្ត និងផ្ដល់ឱកាសសម្រាប់ខ្លួនឯងក្នុងការបន្តសកម្មភាពទៅមុខទៀត ព្រមទាំងមានវិធីដើម្បីជួយសម្រួលស្ថានភាពរបស់ខ្លួនឯងឱ្យមានសភាពល្អប្រសើរឡើងវិញ ដោយចៀសវាងការនិយាយបំបាក់ទឹកចិត្តខ្លួន​ឯងបន្ថែម។ អ្នកត្រូវដឹងថា មនុស្សទីមួយដែលនឹងនៅជាមួយអ្នកគ្រប់ស្ថានការណ៍ និងយល់ច្បាស់ពីអ្វីដែលអ្នកកំពុងជួប គឺមានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដូច្នេះចូរធ្វើឱ្យខ្លួនឯងជាមនុស្សទីមួយដែលជាកម្លាំងចិត្តសម្រាប់ខ្លួន។

2. រំលឹកដល់អ្វីដែលសំខាន់សម្រាប់អ្នកបំផុត

នៅពេលអ្នកជួបស្ថានភាពមិនល្អណាមួយនៅក្នុងជីវិត ដែលអាចធ្វើឱ្យអ្នកអស់សង្ឃឹម ហើយគិតចង់បោះបង់វាចោល ចូរអ្នករំលឹកខ្លួនឯងពីមហ្ឆិចតាដែលអ្នកបានខិតខំនៅពេលចាប់ផ្ដើមដំបូង និងរំលឹកដល់អ្វីដែលសំខាន់បំផុតសម្រាប់អ្នក ដូចជាក្រុមគ្រួសាររបស់អ្នក ដោយអ្នកមានគោលបំណងចង់បង្ហាញឱ្យពួកគាត់ឃើញពីភាពរីកចម្រើនរបស់អ្នក និងនឹកឃើញពីការលះបង់របស់ពួកគាត់សម្រាប់អ្នក និងអ្វីផ្សេងទៀតដែលអ្នកយល់ថាវាពិតជាសំខាន់ ដោយអ្នកគ្រាន់តែនឹកឃើញអ្នកចាប់ផ្ដើមមានកម្លាំងចិត្ត និងក្ដីសង្ឃឹមឡើងវិញ។

3. រស់នៅជាមួយបេសកកម្មជីវិត

ចូររស់នៅដោយមានគោលដៅជីវិតច្បាស់លាស់ ដោយមានទាំងទស្សនវិស័យ និងបេសកកម្មជីវិតសម្រាប់ខ្លួនឯង ពីព្រោះវានឹងជួយធ្វើឱ្យអ្នករស់នៅជាមួយនឹងការសន្លឹងមើលឃើញអនាគតដ៏វែងឆ្ងាយ និងឃើញពីភាពរីកចម្រើនរបស់ខ្លួនឯង ជាពិសេសការមិនវង្វេងនឹងខ្លួនឯង។ បន្ថែមពីនេះ វាក៏នឹងតែងតែផ្ដល់កម្លាំងចិត្តដល់អ្នកឱ្យបន្តទៅមុខជានិច្ច ទោះបីជាជួបស្ថានភាពបែបណាក៏ដោយ។

4. ស្វែងរកអ្នកណែនាំបង្ហាញផ្លូវ

អ្នកណែនាំបង្ហាញផ្លូវ ជាមនុស្សសំខាន់សម្រាប់អ្នក ព្រោះគេនឹងជួយអ្នកឱ្យធ្វើដំណើរមួយដ៏ត្រឹមត្រូវ និងឆាប់សម្រេចនូវគោលដៅដែលអ្នកចង់បាន ក៏ប៉ុន្តែអ្នកត្រូវតែស្វែងរកអ្នកណែនាំបង្ហាញផ្លូវណាដែលជាបុគ្គលដែលអាចទុកចិត្តបាន ជាបុគ្គលដែលឆាប់យល់អំពីអ្នក ជាបុគ្គលដែលអាចលើកកម្លាំងចិត្តអ្នកបាន និងជាបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យដែលអ្នកចង់ប្រឡូកជាមួយនោះ។

5. ស្ថិតនៅជាមួយមនុស្សវិជ្ជមានឱ្យបានច្រើន

មនុស្សវិជ្ជមាន ជាមនុស្សដែលមិននិយាយបង្អាក់ បង្អន់ និងនិយាយរិះគន់ជាន់ពន្លិចនរណាឡើយ ប៉ុន្តែជាមនុស្សដែលតែងតែផ្ដល់ដំបូន្មានល្អៗ និងជួយជំរុញលើកទឹកចិត្តអ្នកដទៃឱ្យបន្តធ្វើនូវអ្វីដែលពួកគេពេញចិត្ត។  ហេតុដូច្នេះហើយ ចូរអ្នកសេពគប់ និងស្ថិតនៅជាមួយមនុស្សវិជ្ជមានឱ្យបានច្រើន ពីព្រោះពួកគេនឹងជាកម្លាំងចិត្តសម្រាប់អ្នក នៅពេលអ្នកជួបរឿងរ៉ាវមិនល្អនៅក្នុងជីវិត។