Home យុទ្ធសាស្ត្រលក់ របៀបបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន តាមរយៈ Meta Business Suite

របៀបបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន តាមរយៈ Meta Business Suite

139
របៀបបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន តាមរយៈ Meta Business Suite

Meta Business Suite គឺជាឧបករណ៍ប្រើប្រាស់ឥតគិតថ្លៃ ហើយវាក៏រួមបញ្ចូលគ្នារវាង Facebook, Instagram និងឧបករណ៍ផ្ញើសារនៅក្នុងកន្លែងតែមួយផងដែរ។ ដូច្នេះអ្នកអាចប្រើប្រាស់នូវឧបករណ៍នេះ ដោយមានការសន្សំពេលវេលា បង្កើតទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើន ហើយក៏ជួយធ្វើឱ្យអតិថិជនសប្បាយចិត្តជាមួយនឹងការឆ្លើយតបលឿនៗរបស់អ្នក និងទទួលបានលទ្ធផលអាជីវកម្មកាន់តែល្អប្រសើរ តាមរយៈការជំរុញការលក់បានច្រើន។

បន្ថែមពីនេះ មិនថាអ្នកប្រើប្រាស់វានៅក្នុងទូរស័ព្ទដៃ ឬនៅក្នុងកុំព្យូទ័រនោះទេ Meta Business Suite នឹងធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការមើលការជូនដំណឹង និងឆ្លើយតបសាររបស់អតិថិជនបានយ៉ាងឆាប់រហ័សទាំងនៅលើ Facebook Messenger និងInstagram នៅកន្លែងតែមួយ ព្រមទាំងអាច បង្កើតការឆ្លើយតបជាមួយនឹងអតិថិជនដោយស្វ័យប្រវត្តិផងដែរ។ ម្យ៉ាងទៀត អ្នកក៏អាចកំណត់ពេលវេលាក្នុងការផុសផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល។

តើប្រើប្រាស់ Meta Business Suite ដោយរបៀបណា?

ការប្រើប្រាស់ Meta Business Suite នឹងជួយអ្នកក្នុងការឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនបានកាន់តែមានប្រសិទ្ធភាពជាងមុន ព្រមទាំងជួយក្រុមអ្នកឆ្លើយតបសារអតិថិជនទាំងអស់មិនចំណាយពេលច្រើនក្នុងការចូលមើល Facebook ផង Instagram ផង នោះឡើយ។

បើយោងតាមទំព័រផ្លូវការរបស់លោក Neil Patel បានបង្ហាញពីរបៀបប្រើប្រាស់ Meta Business Suite មួយចំនួន ដើម្បីបង្កើនទំនាក់ទំនងជាមួយអតិថិជនកាន់តែមានប្រសិទ្ធភាពជាងមុន។

1. ប្រើ Filters និង Labels

អ្នកអាចស្វែងរកពាក្យ App label នៅខាងស្ដាំដៃ (Label បកជាភាសាខ្មែរថា ស្លាកសញ្ញា) ហើយអ្នកអាចចាប់ផ្ដើមកំណត់ក្នុងការដាក់ស្លាកសញ្ញាក្នុងការទំនាក់ទំនងជាមួយអតិថិជនម្នាក់ៗ ដើម្បីអ្នកដឹងថាអតិថិជនដែលអ្នកកំពុងឆ្លើយតបនោះកំពុងស្ថិតនៅក្នុងស្លាកសញ្ញាមួយណា។ គួរបញ្ជាក់ផងដែរ ការកំណត់ដាក់ស្លាកសញ្ញាទំនាក់ទំនងជាមួយអតិថិជនមាន 3 រួមមានអតិថិជនថ្មី (New Customer) សារៈសំខាន់ (Important) និងកាលបរិច្ឆេទសម្រាប់ថ្ងៃនេះ (Today’s date)។

ចំពោះការប្រើប្រាស់ Filters អ្នកអាចស្វែងរកនៅខាងឆ្វេងដៃផ្នែកខាងលើ បន្ទាប់មកអ្នកអាច Filters សម្រាប់សារអាទិភាព ឬសារណាដែលអ្នកមិនទាន់បានអាន។

2. កំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិ

ការកំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិ ជាផ្នែកមួយជួយអ្នកក្នុងការចំណេញពេលវេលា។ អ្នកអាចកែសម្រួល និងរក្សាទុកការឆ្លើយតបដោយស្វ័យប្រវត្តិរាល់សំណួរទូទៅរបស់អតិថិជនដែលតែងតែសួរបានយ៉ាងងាយស្រួល ព្រមទាំងឆ្លើយតបដោយមានប្រសិទ្ធភាពខ្ពស់។

អ្នកអាចកំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិបាន ដោយអ្នកអាចស្វែងរកពាក្យ Automations នៅខាងស្ដាំដៃនៃផ្នែកខាងលើ បន្ទាប់មកចុចលើវា និងអាចសរសេរការឆ្លើយតបដោយស្វ័យប្រវត្តិជាភាសាខ្មែរក៏បាននៅកន្លែងប្រអប់សារ។

3. គ្រប់គ្រងព័ត៌មានអតិថិជន

ចំពោះការគ្រប់គ្រងព័ត៌មានអតិថិជន នឹងជួយអ្នកក្នុងការបិទការលក់ តាមរយៈការបញ្ចូលនូវព័ត៌មានទំនាក់ទំនង ចំណង់ចំណូលចិត្ត និងអាចកំណត់ចំណាំទម្រង់ផ្សេងៗដែលជាព័ត៌មានសំខាន់របស់អតិថិជនដោយឥតគិតថ្លៃ។ ហើយព័ត៌មានទាំងនេះ អ្នកអាចសរសេរនៅត្រង់ពាក្យ About នៅខាងស្ដាំដៃ បន្ទាប់មកយកពាក្យ Add details។

4. ជំរុញ​ឱ្យ​មាន​លទ្ធផល​អាជីវកម្មល្អ​បន្ថែម​ទៀត

នៅក្នុងចំណុចនេះអ្នកអាចចែករំលែកផលិតផល ឬធ្វើការណាត់ជួបជាមួយអតិថិជនតាមរយៈផ្ញើសារដោយផ្ទាល់។ ធ្វើបែបនេះ​ វានឹងជួយអ្នកក្នុងការស្គាល់អតិថិជនកាន់តែប្រសើរ ជួយពួកគេបានច្រើន និងអាចរក្សានូវចំណងទាក់ទងជាមួយអតិថិជន។