Home ធុរកិច្ច រឿងសំខាន់ទាំង០៥ ដែលអ្នកគួរធ្វើមុនពេលចាប់ផ្តើមអាជីវកម្ម

រឿងសំខាន់ទាំង០៥ ដែលអ្នកគួរធ្វើមុនពេលចាប់ផ្តើមអាជីវកម្ម

414

ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លូនគឺមិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកត្រូវមានបញ្ហាជាច្រើនដែលត្រូវគិតគូរពិចារណា និងត្រូវដោះស្រាយ ជាពិសេសចំពោះម្ចាស់អាជីវកម្មខ្នាតតូច ដែលទើបតែចូលប្រឡូកក្នុងវិស័យនេះ ហើយមានបទពិសោធន៍នៅតិចនៅឡើយ ដែលរហូតពេលខ្លះអាចធ្វើឲ្យពួកគាត់គិតថាបញ្ហាទាំងអស់នោះគឺមានហានិភ័យខ្ពស់ពេក និងមិនហ៊ានចាប់ផ្តើមអាជីវកម្មនោះឡើយ។

ដូច្នេះថ្ងៃនេះ គំនិត សូមធ្វើការចែករំលែកនូវចំនុច ទាំង០៥ យ៉ាងដែលអ្នកទាំងអស់គ្នាគួរគិតគូររៀបចំទុកជាមុន ដើម្បីជួយកាត់បន្ថយហានិភ័យ និងធ្វើឲ្យអាជីវកម្មរបស់អ្នកអាចប្រព្រឹត្តទៅមុខបានដោយរលូន។

ចំណុចទី១៖ ធ្វើការស្រាវជ្រាវ

មុនពេលដែលអ្នកសម្រេចចិត្តថាអ្នកគួរតែចាប់ផ្តើមអាជីវកម្មអ្វីមួយ អ្នកគួរតែធ្វើការស្រាវជ្រាវទៅលើធាតុសំខាន់ៗនៃអាជីវកម្មនោះដូចជា​៖

  • តើអាជីវកម្មនោះមានទំហំទីផ្សារប៉ុណ្ណាដែរ?
  • តើអាជីវកម្មនោះពិតជាមានត្រូវការពីសំណាក់អតិថិជនមែនដែរឬទេ?
  • តើនរណាខ្លះជាអតិថិជនគោលដៅរបស់អ្នក?
  • តើនរណាខ្លះជាដៃគូរប្រកួតប្រជែងអាជីវកម្មរបស់អ្នក?
  • តើអ្វីទៅជាចំណុចពិសេសរបស់អាជីវកម្មអ្នកដែលធ្វើឲ្យអ្នកខុសប្លែកពីអាជីវកម្មដទៃទៀត?
  • តើប្រភពចំណូលរបស់អ្នកអាចបានពីអ្វីខ្លះ?
  • តើនរណាជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមឲ្យអ្នក?
  • តើនរណាខ្លះជាដៃគូរសហការរបស់អ្នក?

នៅពេលដែលអ្នកអាចឆ្លើយសំណួរខាងលើទាំងនោះហើយ ខ្ញុំជឿជាក់ថាអ្នកប្រាកដជាយល់ពីអាជីវកម្មដែលអ្នកចង់ ឬកំពុងដំណើរការបានច្រើនជាងមុន។

ចំណុចទី២៖ មានគោលដៅច្បាស់លាស់

ការដាក់ចេញនូវគោលដៅច្បាស់លាស់ ជួយឲ្យអ្នកយល់ច្បាស់ថាអ្នកគួរតែ ចាប់ផ្តើមអាជីវកម្មអ្នកពីចំណុចណា ហើយតើអ្នកគួរតែធ្វើអ្វី ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចដើរទៅមុខបានល្អ តើអ្វីដែលអ្នកចង់ ឬកំពុងធ្វើនោះត្រូវតាមអ្វីដែលអ្នកចង់សម្រេចនាថ្ងៃអនាគតដែរឬទេ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឲ្យលោកអ្នកអាចដឹងពីភាពខ្លាំង និងខ្សោយនៃអាជីវកម្មរបស់អ្នក ដែលជាចំណុចដ៏សំខាន់មួយដែលអ្នកពុំគួរមើលរំលង។

ចំណុចទី៣៖ មានមនុស្សពូកែនៅជុំវិញខ្លួនអ្នក

វាហាក់មានភាពចម្រូងចម្រាស់គ្នារវាងថា តើយើងគួរចាប់ផ្តើមអាជីវកម្មតែម្នាក់ឯង ឬក៏ចាប់ផ្តើមជាមួយក្រុមការងារ។ សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ក៏ដូចជាស្ថាប័ន គំនិត ផ្ទាល់ ពួកយើងតែងតែមានគោលគំនិតរួមគ្នាមួយថា នៅពេលដែលយើងចង់បានផលចំណេញច្រើនក្នុងរយៈពេលខ្លី នោះយើងនឹងធ្វើការតែម្នាក់ឯង ប៉ុន្តែប្រសិនបើពួកយើងចង់ទៅឲ្យបានវែងឆ្ងាយ និងបានយូរអង្វែង យើងនឹងត្រូវធ្វើការជាក្រុមជាមួយគ្នា។ ដូច្នេះ ក្រុមការងារដែលពូកែគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មមួយអាចជោគជ័យទៅមុខបាន ព្រោះថា ថ្វីត្បិតតែយើងម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន ប៉ុន្តែយើងគ្រប់គ្នាពុំអាចចេះបានគ្រប់យ៉ាងនោះទេ។ យើងគួរតែបែងចែកការងារទាំងអស់នោះ ទៅឲ្យក្រុមការងារដែលមានចំណេះដឹង និងជំនាញរបស់ពួកគេរៀងៗខ្លួន ទើបអាជីវកម្មរបស់យើងអាចទៅមុខបានល្អប្រសើរ។

ចំណុចទី៤៖ មានការតាំងចិត្ត និងត្រៀមខ្លួនច្បាស់លាស់

អ្នកត្រូវត្រៀមស្មារតីឲ្យបានខ្ពស់ ដើម្បីប្រឈមមុខទៅនឹងបញ្ហា ដែលនឹងអាចកើតមានឡើងនាពេលអនាគត។ អ្នកត្រូវចាំថា អាជីវកម្មភាគច្រើនសុទ្ធតែមិនអាចរកផលចំណេញភ្លាមៗចាប់ពីខែដំបូងនោះទេ។ អាជីវកម្មខ្លះត្រូវចំណាយពេលរហូតដល់ទៅរាប់ខែ ឬរាប់ឆ្នាំទម្រាំអាចរកផលចំណេញពីអាជីវកម្មនោះមកវិញបាន។ អ្នកត្រូវចាំថា ប្រសិនបើអ្នកចាប់ផ្តើមអាជីវកម្មហើយ រំពឹងថាអាចយកផលចំណេញពីវាភ្លាមៗ នោះអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមអាជីវកម្មឡើយ។ លើសពីនេះទៅទៀត អ្នកត្រូវមានទុនបម្រុងសម្រាប់ទប់ទល់ការចំណាយនានា នៅពេលអាជីវកម្មរបស់អ្នកមានបញ្ហា ឬមិនទាន់អាចរកប្រាក់ចំណេញមកវិញបាន។

ចំណុចទី៥៖ មានការស្រម៉ៃធំ ប៉ុន្តែចាប់ផ្តើមពីចំណុចតូចឡើង

អាជីវកម្មមួយចំនួនធំ ត្រូវបានបិទទ្វាទៅវិញជាបន្តបន្ទាប់ ក៏ព្រោះតែមូលហេតុរួមមួយនោះគឺ ការចាប់ផ្តើមធំលើសពីសមត្ថភាពពេក។ ពិតណាស់ការមានក្តីស្រម៉ៃធំ គឺពិតជាល្អ ប៉ុន្តែការចាប់ផ្តើមគ្រប់យ៉ាងពីចំនុចធំទៅ ប្រហែលជាមិនល្អដូចអ្វីដែលអ្នកគិតនោះទេ ពីព្រោះនៅពេលដែលអ្នកចាប់ផ្តើមធំ ការចំណាយផ្សេងៗ ក៏ដូចជាហានិភ័យក៏ធំទៅតាមនឹងដែរ។ អ្នកគួរគប្បីចាប់ផ្តើមពីចំណុចតូចឡើងទៅ ដោយអ្នកអាចកាត់បន្ថយការចំណាយ ហានិភ័យដែលធំៗ ហើយទន្ទឹមនឹងនោះអ្នកក៏អាចចំណាយពេលសិក្សាពីអាជីវកម្មរបស់អ្នកបន្ថែមផងដែរដើម្បីត្រៀមខ្លួនពង្រីកវាឲ្យកាន់តែធំ និងជោគជ័យជាងមុន៕

Previous articleផលវិបាកទាំង៤ ដែលអាជីវកម្មខ្នាតតូចភាគច្រើនជួប
Next articleតើសិស្សនិស្សិតសកលវិទ្យាល័យ គួរជ្រើសរើសរៀនជំនាញ០២ក្នុងពេលតែមួយដែរឬទេ?
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕