រឿង 3 ដែលអ្នកត្រូវដឹង មុននឹងជ្រើសរើសយកគំនិតអាជីវកម្មណាមួយ!

94
រឿង 3 ដែលអ្នកត្រូវដឹង មុននឹងជ្រើសរើសយកគំនិតអាជីវកម្មណាមួយ!

មនុស្សម្នាក់ៗដែលមានក្ដីបំណងចង់ក្លាយជាម្ចាស់អាជីវកម្ម ឬសហគ្រិននាពេលអនាគត ពួកគេតែងតែមានគំនិតអាជីវកម្មជាច្រើនក្នុងការចាប់ផ្ដើម។ ហេតុនេះ អាចធ្វើឱ្យពួកគេសម្រេចចិត្តថា តើគួរសម្រេចចិត្តជ្រើសរើសគំនិតអាជីវកម្មមួយណា? ម្យ៉ាងទៀត ពួកគេបានជ្រើសរើសគំនិតអាជីវកម្មមួយរួចហើយ ដើម្បីចាប់ផ្ដើម ប៉ុន្តែពួកគេមិនដឹងថា គំនិតអាជីវកម្មនោះអាចដំណើរការ ឬមានទីផ្សារដែរទេ?

កត្តានេះហើយ ដើម្បីស្រាយនូវទុក្ខកង្វល់របស់អ្នកក្នុងការជ្រើសរើសគំនិតអាជីវកម្មមួយឱ្យបានល្អ និង មានសង្ឃឹមក្នុងការចាប់ផ្ដើមយ៉ាងរលូនទៅមុខបាន អ្នកត្រូវជ្រើសរើសគំនិតអាជីវកម្មណាមួយ ដោយផ្ដោតលើរឿង 3 ។

1. ក្ដីស្រលាញ់

អ្នកត្រូវដឹងថា គំនិតអាជីវកម្មដែលអ្នកមាននោះ វាកើតចេញពីការណែនាំពីអ្នកដទៃ ឬក៏អ្នកឃើញគេធ្វើអាជីវកម្មផ្នែកនោះរីកចម្រើន បន្ទាប់មកអ្នកក៏ចង់ចាប់ផ្ដើមវាដែរឬទេយ៉ាងណា។ ប៉ុន្តែជាការផ្ដល់យោបល់ ចូរជ្រើសរើសគំនិតអាជីវកម្មណាដែលកើតចេញពីក្ដីស្រលាញ់របស់អ្នក ឧទាហរណ៍អ្នកស្រលាញ់លើការដាំដុះ ដូច្នេះអាចចាប់ផ្ដើមជ្រើសរើសគំនិតអាជីវកម្មណាពាក់ព័ន្ធនឹងការដាំដុះ បើអ្នកស្រលាញ់ការលើការនិយាយជាធារណៈ ដូច្នេះអាចជ្រើសរើសគំនិតអាជីវកម្មណាដែលពាក់ព័ន្ធនឹងការនិយាយជាធារណៈ បើអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកយុទ្ធសាស្រ្តទីផ្សារ ដូច្នេះអ្នកអាចជ្រើសរើសគំនិតអាជីវកម្មណាដែលអាចឱ្យអ្នកចាប់ផ្ដើមលើការបង្កើតសេវាកម្មផ្នែកយុទ្ធសាស្រ្តទីផ្សារ និងជាច្រើនជម្រើសទៀត ដែលអ្នកគិតពិចារណាលើខ្លួនឯង ថាតើអ្វីដែលអ្នកស្រលាញ់ និងតែងតែនឹកគិតស្រមៃចង់ក្លាយជា?

ការចាប់ផ្ដើមអាជីវកម្ម ជាមួយគំនិតអាជីវកម្មដែលជាការស្រលាញ់របស់អ្នក នោះវានឹងជួយឱ្យអ្នកកាន់តែមានកម្លាំងចិត្តក្នុងការចាប់ផ្ដើមវា ព្រមទាំងព្យាយាមជំនះគ្រប់ឧបសគ្គ ដោយមិនថាអ្នកជួបស្ថានភាពបែបណាឡើយ ក៏អ្នកមិនងាយបោះបង់វាចោលដែរ។

2. ចំណេះជំនាញ

អ្នកត្រូវសួរខ្លួនឯងថា តើគំនិតអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ អ្នកមានជំនាញលើវាដែរឬទេ? តើអ្នកមានចំណេះដឹងផ្នែកហ្នឹងកម្រិតណា? តើអ្នកនឹងត្រូវការសមាជិកក្រុមដើម្បីជួយលើជំនាញអ្វីខ្លះ? ​​​

ការចាប់ផ្ដើមអាជីវកម្ម ជាមួយនឹងគំនិតអាជីវកម្មដែលកើតចេញពីក្ដីស្រលាញ់ វាមិនទាន់ពេញលេញនៅឡើយនោះទេ គឺទាមទារឱ្យអ្នកមានចំណេះជំនាញលើវាបន្ថែមទៀត។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកចាប់ផ្ដើមអាជីវកម្ម ដោយគ្មានចំណេះជំនាញលើវានោះទេ អាជីវកម្មដែលអ្នកចាប់ផ្ដើមនោះ វាមិនអាចមានដំណើរការបានយូរអង្វែង ឬទៅមុខបានវែងឆ្ងាយឡើយ។

3. អាចពង្រីកបាន

នៅចំណុចនេះ ចង់ឱ្យអ្នកគិតពិចារណាបន្ថែមទៀត ថាតើគំនិតអាជីវកម្មរបស់អ្នក អាចពង្រីកបានធំនាពេល 5ឆ្នាំខាងមុខដែរឬទេ? ប្រសិនបើគំនិតអាជីវកម្មរបស់អ្នក កើតចេញពីការជ្រើសរើសដោយក្ដីស្រលាញ់ និងការមានចំណេះជំនាញក៏ពិតមែន ក៏ប៉ុន្តែគំនិតអាជីវកម្មរបស់អ្នកមិនអាចពង្រីកទំហំទីផ្សារឱ្យបានធំ ដោយវាអាចស្ថិតនៅទំហំអាជីវកម្មថេរ នោះវាក៏មិនមែនជារឿងល្អដែរ ពីព្រោះអ្នកនឹងឆាប់ធុញទ្រាន់នឹងវា ដោយខិតខំធ្វើជាយូរណាស់មកហើយ ប៉ុន្តែដូចគ្មានឃើញលទ្ធផលរីកចម្រើននៅក្នុងទីផ្សារសោះ។ ហេតុនេះ អ្នកត្រូវប្រាកដថា គំនិតអាជីវកម្មរបស់អ្នក នឹងមានលទ្ធភាពអាចពង្រីកបានធំនាពេលអនាគតនៅក្នុងទីផ្សារ។