លោកច្រឹក​ សុខនីម៖ ស្ថាប័ន​ហិរញ្ញវត្ថុគួរ​បង្កើត​កញ្ចប់កម្ចី​រយៈពេលខ្លីដើម្បីចូលរួមដោះស្រាយវិបត្តិ

3230

មួយរយៈចុងក្រោយនេះ គ្មានអ្វីដែលគេនិយាយច្រើនជាងបញ្ហាCovid-19នោះទេ ហើយបញ្ហា​នេះបានរីករាលដាល​ពាសពេញពិភពលោក ធ្វើឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច​ប្រសិនបើ​វា​មិនធូរស្រាល​នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ អ្នកសាព័ត៌មានអន្តរជាតិ និងអ្នកជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ​ក៏បានព្រមានពី​វិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរអាចកើតមានឡើងផងដែរ ប្រសិនបើបណ្តោយ​ឱ្យ​បញ្ហាជម្ងឺនេះនៅតែបន្ត ហើយប្រទេស​មួយចំនួននៅតែ​មិនបានយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីប្រយុទ្ធប្រឆាំង​នឹងការរីករាលត្បាតនេះ។ ប្រទេស​កម្ពុជា​ក៏មិនខុសពី​ប្រទេស​ដ៏ទៃ​នៅក្នុងតំបន់ និងទូទាំងពិភពលោក​ដែរ ចំនួននៃការរីករាលដាល​ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង។

មួយ​សប្តាហ៍ចុងក្រោយនេះ តាមផ្លូវថ្នល់ហាក់មានសភាព​ស្ងប់ស្ងាត់ ដោយសារតែការកាត់បន្ថយការចេញក្រៅដែលមិនចាំបាច់។ ការជួបជុំ ពិធីជប់លៀង ពិធីមង្គលការ និងពិធីផ្សេងៗទៀតត្រូវបានលើកពេល ដើម្បីកាត់បន្ថយហានិភ័យ​នៃការឆ្លងរីករាលដាល។ អាជីវកម្ម​ជាច្រើន​ចាប់ផ្តើម​រងផលប៉ះពាល់ ហើយអាជីវករខ្លះ​ត្រូវបង្ខំ​បិទទ្វារ ឬផ្អាកដំណើរការដោយសារតែបារម្ភខ្លាច និងបញ្ហាភ្ញៀវធ្លាក់ចុះខ្លាំង។

វិស័យ​អចលនវត្ថុក៏មិនមានវាសនា​ខុសពីវិស័យ​ដទៃទៀតដែរ ទោះបីជានៅតែមានការទិញលក់ក៏ពិត តែចំនួនហាក់ថមថយ​ខ្លាំង ហើយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនបុរីអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួន​ក៏​ទទួលរងផលប៉ះពាល់តិច ឬច្រើន ហើយក្រុមហ៊ុន​ខ្លះក៏ប្រឈមមុខនឹងការក្ស័យធន់ ឬផ្ទាកដំណើរដោយសារតែបញ្ហាភ្ញៀវធ្លាក់ចុះ និងការសំណូមពរ​ផ្អាកការងារមួយរយៈរបស់បុគ្គលិកដែលបញ្ហាទាំងនេះ អាចនឹងជះឥទ្ធិពល​អវិជ្ជមានខ្លាំង​លើការបង្វិលសាច់ប្រាក់របស់ក្រុមហ៊ុន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា៖

ធនាគារ និងស្ថាប័ន​មីក្រូ​ហរិញ្ញវត្ថុ​អាច​ចូលរួម​ជួយស្រោចស្រង់ និងដោះស្រាយវិបត្តិនេះ​បានដោយការ​មានយន្តការបង្កើត​កញ្ចប់​កម្ចីពិសេស​រយៈពេលខ្លីក្នុង​សម័យ​វិបត្តិកូវីដ១៩នេះ​ជូន​ដល់​ក្រុមហ៊ុន​ភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុន​បុរី ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអាជីវកម្មដទៃទៀតដើម្បី​ដោះស្រាយការស្ទះសាច់ប្រាក់បង្វិល​រយៈពេលខ្លីរបស់ម្ចាស់អាជីវកម្ម។ កញ្ចប់​កម្ចីពិសេស​នេះ អាចជាកម្ចីរយៈពេលខ្លី ៣ ទៅ​៦ខែ ក្នុងអាត្រាការប្រាក់ទាប ឬពិសេស​ណាមួយ។”

លោក​បានបន្តថា រាជរដ្ឋាភិបាល​ក៏បានចេញយន្តការជាច្រើនដើម្បីទប់ស្កាត់វិបត្តិ ដូចជា​ការមិនយក​ពន្ធប្រថាប់​ត្រាសម្រាប់ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ លើកទឹកចិត្តឱ្យម្ចាស់បុរី​បញ្ចុះតម្លៃពិសេស​ដល់អតិថិជន​ក្នុង​រយៈពេលនេះ និងលើកទឹកចិត្តឱ្យស្ថាបន័ហិរញ្ញត្ថុសម្រួលការបង់ការប្រាក់ដល់អតិថិជនជាដើម ដែលយន្តការទាំងនេះចូលរួមបានយ៉ាងច្រើនក្នុងកាជួយជ្រោមជ្រែង​លើកស្ទួយ​ឱ្យវិស័យអចលនទ្រព្យអាចបន្តទៅមុខទៀតនៅក្នុង​កាលៈទេសនេះ។ ប៉ុន្តែ​ ប្រសិន​ស្ថាប័នហិរញ្ញវត្ថុដែលអាចផ្តល់ហិរញ្ញប្បទានមាន​គោលការ​បង្កើត​កញ្ចប់កម្ចីពិសេស​រយៈពេលខ្លី​ដូចបានលើកឡើង វាជា​ការចូលរួមដ៏ធំធេងដើម្បីជួយម្ចាស់អាជីវកម្ម​អាចដោះស្រាយ​ការស្ទះ​ប្រាក់បង្វិល​រយៈពេល​ខ្លី ហើយវាក៏ជាការចូលរួមដ៏ធំធេងក្នុងការជួយជ្រោងសេដ្ឋកិច្ច​ឱ្យបន្តរីកចម្រើនទៅ​ ទោះនៅក្នុងវិបត្តិជម្ងឺផ្លូវដង្ហើមថ្មីនេះ៕