វិធីទាំង៣យ៉ាងអាចជួយឲ្យអភិវឌ្ឍការគិតរបស់អ្នកឲ្យកាន់តែរេផ្លេចហើយឆ្លាតជាងមុន

397

មានវិធីសាស្ត្រច្រើនណាស់ដែលអាចជួយអភិវឌ្ឍសមត្ថភាពការគិតរបស់អ្នកឲ្យកាន់តែខ្លាំងនិងឆ្លាតជាងមុន ប៉ុន្តែយើងសូមលើកយកតែ៣ចំណុចធំៗទេ ដើម្បីធ្វើការបកស្រាយនិងពន្យល់ឲ្យកាន់តែលម្អិត៖
១. សួរឲ្យបានច្រើន ដើម្បីដឹងនូវអ្វីដែលអ្នកចង់ដឹង

លោក Albert Einstein បាននិយាយថាខ្ញុំមិនមានជំនាញពិសេសណាមួយនោះទេ ប៉ុន្តែខ្ញុំចូលចិត្តសួរនូវអ្វីដែលខ្ញុំឆ្ងល់ ទើបធ្វើឲ្យខ្ញុំដឹងរឿងរ៉ាវបានច្រើន។ សួរកាន់តែច្រើនចំណេះដឹងរបស់អ្នកនឹងរឹតតែកើនឡើង ព្រោះថាពេលដែលអ្នកចង់ដឹងពីរឿងនោះ ឬចង់ដឹងពីរបៀបនៃការដោះស្រាយនៃបញ្ហានោះ អ្នកប្រាកដជាព្យាយាមស្វែងរកចម្លើយ ដោយទៅស្រាវជ្រាវនៅក្នុងសៀវភៅ ទៅសួរអ្នកជំនាញ ឬសាស្ត្រាចារ្យណាដែលអាចជួយអ្នកជាមិនខាន។ ប៉ុន្តែការសួររបស់អ្នកទៅកាន់នរណាម្នាក់ត្រូវតែជាសំណួរដែលមានប្រយោជន៍ និងសមហេតុផល តែពុំមែនជាការសួរដេញដោលជាន់កែង ឬសួរបែបលេងសើចនោះទេ ព្រោះនេះមិនត្រឹមតែមិនជួយពង្រីកនូវចំណេះដឹងអ្នកនោះទេ តែថែមទាំងបន្ទាបតម្លៃខ្លួនអ្នកឲ្យកាន់តែទាប។
ដូចនេះការដែលអ្នកសួរច្រើន ចង់ដឹងចង់ឮច្រើនក្នុងផ្លូវត្រឹមត្រូវ នឹងជួយឲ្យការគិតរបស់អ្នកកាន់តែរេផ្លិចនិងឈ្លាសវៃជាងមុន ដោយសារតែការសួរច្រើននេះ នឹងធ្វើឲ្យអ្នករៀនអ្វីដែលថ្មីៗបានជារៀងរាល់ថ្ងៃ។
២. មើលឃើញការបរាជ័យជាឱកាសក្នុងការរៀនសូត្រ


ពេលដែលអ្នកជួបបញ្ហាច្រើន ជួបរឿងរ៉ាវស្មុគស្មាញច្រើន អ្នកនឹងចាប់ផ្ដើមរៀនបន្សាំខ្លួនជាមួយនឹងបញ្ហាក៏ដូចជាបរិយាកាសទាំងនោះ ដោយព្យាយាមរិះរកមធ្យោបាយបែបណាដើម្បីដោះស្រាយរឿងនោះឲ្យបានដាច់ស្រេច។ ហើយខណៈពេលនោះហើយ ជាពេលដែលអ្នកកំពុងតែគិតថា បើសិនជាអ្នកនៅតែទន់ខ្សោយ នៅតែខ្លាចនេះខ្លាចនោះ អ្នកនឹងគ្មានថ្ងៃអាចសម្រេចកិច្ចការទាំងនោះបានជោគជ័យនោះទេ ដូចនេះមានតែវិធីតែមួយគត់គឺត្រូវតែរឹងមាំនិង ត្រូវតែក្លាហានជាងមុន។
៣. ធ្វើជាទឹកដែលមិនទាន់ពេញកែវ


បើសិនជាអ្នកជាទឹកដែលមិនទាន់ពេញកែវ អ្នកនឹងអាចរៀនសូត្រនូវអ្វីថ្មីៗបានច្រើនជាងពេលដែលអ្នកធ្វើខ្លួនឯងជាមនុស្សទឹកពេញកែវ ព្រោះបើសិនជាអ្នកតាំងខ្លួនជាមនុស្សដែលមានទឹកពេញកែវ (ចេះដឹងអស់ហើយ យកគំនិតខ្លួនឯងជាធំ) នោះអ្នកមិនអាចអភិវឌ្ឍខ្លួនអ្នកឲ្យរីកចម្រើនបាននោះទេ។ ដូចនេះបើអ្នកចង់ចេះដឹងច្រើន អ្នកត្រូវតែរៀនដាក់ខ្លួនបន្តិចនិងរៀនបើកចិត្តបើគំនិតរបស់អ្នកឲ្យទូលាយដើម្បីទទួលយកនូវចំណេះដឹងពីអ្នកដទៃឲ្យបានច្រើនដើម្បីយកមកបំពេញចន្លោះប្រហោងដែលអ្នកខ្វះខាត។