វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

104
វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

Upsell &Cross-Sell ជាយុទ្ធសាស្រ្តលក់មួយដែលងាយស្រួលក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងក្រុមហ៊ុន ពីព្រោះអតិថិជនដែលមានស្រាប់ ភាគច្រើនពួកគេរំពឹងចង់ទិញនូវផលិតផលថ្មី។ ហេតុដូចនេះ ប្រសិនបើចង់បង្កើនចំណូលលុះត្រាតែបង្កើនការលក់ ហើយដើម្បីអាចបង្កើនការលក់បានច្រើន ត្រូវប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell។

តើអ្វីជា Upsell &Cross-Sell?

Upsell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលមានតម្លៃថ្លៃជាង និងគុណភាពខ្ពស់ជាងលើ​ផលិតផលដែលអតិថិជនកំពុងទិញ ឬអតិថិជនមានស្រាប់។

Cross-Sell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលជាប់ទាក់ទងនឹងផលិតផលដែលអតិថិជនកំពុងតែទិញ ឬអតិថិជនមានស្រាប់។

Upsell & Cross-Sell

របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ដើម្បីបង្កើនការលក់

Upsell &Cross-Sell គឺជាផ្នែកមួយដ៏សំខាន់ដែលវាចូលរួមចំណែកក្នុងការបង្កើនគុណតម្លៃនៃការលក់របស់អ្នក ហើយវាក៏ជាយុទ្ធសាស្រ្តមួយដ៏ល្អដែលជួយបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន តាមរយៈការប្រើវាឱ្យមានប្រសិទ្ធិភាព។ ដូច្នេះខាងក្រោមនេះ នឹងផ្ដល់របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ឱ្យមានប្រសិទ្ធិភាពដើម្បីបង្កើនការលក់ឱ្យបានច្រើន។

1. យុទ្ធសាស្ត្រលើការផ្ញើសារ

នៅចំណុចនេះ ទាមទារឱ្យអ្នកសិក្សាឈ្វេងយល់បន្ថែមពីអតិថិជនដែលមានស្រាប់ជាលក្ខណៈបុគ្គល (អតិថិជនដែលបានប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នករួចហើយ) ដោយអ្នកត្រូវសិក្សាថា ហេតុអ្វីអតិថិជនមកទិញពីក្រុមហ៊ុនរបស់អ្នកតាំងពីលើកដំបូង? តើពួកគេបានទិញផលិតផលអ្វី? តើពួកគេនិយាយអ្វីពីផលិតផលដែលពួកគេបានទិញ? តើភាគច្រើនពួកគេនៅទីណា? ។ល។

ធ្វើបែបនេះ ដើម្បីកាន់តែស្គាល់ និងយល់ពីអតិថិជនរបស់អ្នកកាន់តែច្បាស់ ព្រមទាំងងាយស្រួលក្នុងការប្រើយុទ្ធសាស្រ្តផ្ញើសារទៅកាន់អតិថិជន ដើម្បីបង្កើនភាពទាក់ទាញអារម្មណ៍អតិថិជនដោយសមស្របនឹងអ្វីដែលអតិថិជនត្រូវការ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តផ្ញើសារនេះ អ្នកត្រូវតែនិយាយអំពីការចង់បាន តម្រូវការ និងបំណងប្រាថ្នាជាក់ស្ដែងរបស់អតិថិជន។

2. បង្កើតបញ្ជីនៃអ្នកទិញពីមុន

ការចំណាយពេលក្នុងការប្រមូលទិន្នន័យ (ព័ត៌មានទំនាក់ទំនងអតិថិជនចាស់ៗ) និងឈ្វេងយល់ពីអតិថិជនជាលក្ខណៈបុគ្គល វាជាចំណុចមួយដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលធ្វើបញ្ជីបែងចែក ដើម្បីកំណត់គោលដៅនៃបញ្ជីនីមួយៗក្នុងការផ្ដល់ជូនដល់អតិថិជនបានត្រឹមត្រូវ។ ​

ធ្វើបែបនេះ អ្នកនឹងអាចបង្កើតគោលដៅខ្ពស់នៃអ្នកទិញពីមុន ដើម្បីទំនាក់ទំនងផ្ដល់ជូនអ្វីដែលអតិថិជនត្រូវការ ហើយវាក៏ជាការបន្ថែមគុណតម្លៃដល់អតិថិជន ព្រមទាំងចំណេញពេលវេលាក្នុងការទំនាក់ទំនងជាមួយអតិថិជនបានចំគោលដៅ និងអាចផ្ដល់ព័ត៌មានដែលពាក់ព័ន្ធបំផុតលើតម្រូវការរបស់អតិថិជន។

3. ផ្តល់ជូនជាកញ្ចប់

អ្នកត្រូវរៀបចំផ្ដល់ជាកញ្ចប់នៃផលិតផលឬសេវាកម្មរបស់អ្នក ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការសម្រេចចិត្តរបស់អតិថិជន។ ហេតុដូចនេះ អ្នកត្រូវរៀបចំផលិតផលឬសេវាកម្មរបស់អ្នកធ្វើជាកញ្ចប់ដែលអតិថិជននឹងទទួលបាន ហើយវាស្ថិតនៅក្នុងជម្រើសមួយដ៏ល្អ ជាជាងការទិញផលិតផលឬសេវាកម្មតែមួយ ឬរាយៗ។

4. ណែនាំបន្ថែមក្រោយពីអតិថិជនសម្រេចចិត្តទិញអ្វីមួយ

អ្នកលក់ត្រូវតែស្គាល់ពីផលិតផលឱ្យបានច្រើន និងច្បាស់ ដើម្បីងាយស្រួលណែនាំ និងផ្ដល់ព័ត៌មានដល់អតិថិជន ដូចជានៅពេលអតិថិជនសម្រេចចិត្តទិញផលិតផលមួយ អ្នកលក់ត្រូវអាចណែនាំ និងបង្ហាញនូវផលិតផលផ្សេងៗដែលជាប់ពាក់ព័ន្ធផលិតផលដែលអតិថិជនកំពុងសម្រេចចិត្តទិញ។ ធ្វើបែបនេះ អតិថិជនចាប់ផ្ដើមមានអារម្មណ៍ថាទទួលបានជម្រើសដ៏ល្អ និងទទួលបាននូវអ្វីដែលលើសពីការរំពឹងទុក។