វិធីសាស្ត្រទាំង៤ដើម្បីអភិវឌ្ឍជំនាញនៃការគិតវិភាគរបស់អ្នក

18
វិធីសាស្ត្រទាំង៤ដើម្បីអភិវឌ្ឍជំនាញនៃការគិតវិភាគរបស់អ្នក

ជំនាញនៃការគិត ការវិភាគគឺជាជំនាញមួយដែលមានសារៈសំខាន់ខ្លាំងមែនទែននៅឯកន្លែងធ្វើការ។ ព្រោះវាគឺជារឿងដែលសំខាន់ក្នុងការប្រមូលយកនូវទិន្នន័យ ដោះស្រាយបញ្ហាស្មុគស្មាញ បង្កើតការសម្រេចចិត្តដ៏ល្អ ព្រមទាំងអាចចាប់ផ្ដើមប្រតិបត្តិការបានល្អ។ មួយវិញទៀត នៅពេលដែលអ្នកដាក់ពាក្យទៅធ្វើការនៅកន្លែងណាមួយ អ្នកគ្រប់គ្រងភាគច្រើនតែងតែសង្កេតមើលទៅលើជំនាញការគិត ការវិភាគ ក៏ដូចជាភាពវៃឆ្លាតនៃការដោះស្រាយបញ្ហាជាដើម។

១. ចេះសង្កេតទៅលើរឿងណាដែលមានប្រយោជន៍

Drone view of modern high rise buildings and residential houses located on street of New York City against cloudless sky

ដើម្បីបង្កើនការគិតរបស់អ្នកឲ្យកាន់តែខ្លាំងជាងមុន អ្នកគប្បីរៀនសង្កេតទៅលើអ្វីដែលកំពុងតែប្រែប្រួលនាបច្ចុប្បន្ននេះ ដូចជា ការប្រែប្រួលនូវបច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជាស្ថានភាពសង្គមជាដើម តែមិនមែនជាការតាមដាន វិភាគអំពីរឿងរ៉ាវគ្រួសាររបស់អ្នកដទៃនោះទេ។ មួយវិញទៀតការគិតរបស់អ្នកនឹងកាន់តែរីកធំឡើងៗ នៅពេលដែលអ្នកបានចេញទៅខាងក្រៅដើរមើលពីទិដ្ឋភាពផ្សេងៗដែលជុំវិញខ្លួនអ្នក សង្កេតមើលពីនិន្នាការដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាភាពខុសប្លែកមួយចំនួនដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ ថាតើមានអ្វីប្លែកកើតឡើងខ្លះ តាមរយៈការប្រើប្រាស់នូវវិចារណញ្ញាណ និងញ្ញាណទាំង៥របស់យើងដើម្បីយកមកធ្វើការវិភាគ។

២. អានឲ្យបានច្រើន

ការអានមិនត្រឹមតែជួយបង្កើនចំណេះដឹងរបស់អ្នកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវានៅអាចជួយពង្រឹងនូវសមត្ថភាពនៃការគិតក៏ដូចជាការវិភាគផងដែរ។ ដូចនេះមិនថាអ្នកអាននៅលើសៀវភៅឬនៅលើអ៊ីធើណេតនោះទេគឺសុទ្ធតែអាចជួយអ្នកអភិវឌ្ឍជំនាញនៃការគិតវិភាគរបស់អ្នកបានយ៉ាងប្រសើរ។

៣.  រៀនឈ្វេងយល់អំពីរបៀបនៃដំណើរការរបស់វា រៀនសួរសំណួរ

ការឈ្វេងយល់អំពីដំណើរការ មុនពេលដែលវាចាប់ផ្ដើមប្រតិបត្តការ ក៏ជាកត្តាមួយដែលជម្រុញឲ្យយើងមានការគិតវិភាគផងដែរ ដូចជាអ្នកប្រាកដជាគិតថាតើហេតុអ្វីវាអាចដំណើរការបាន? តើវាត្រូវការការរៀបចំបែបណាខ្លះ? ត្រូវការកម្លាំងជម្រុញអ្វីខ្លះ? ត្រូវការការគិតជាយុទ្ធសាស្ត្របែបម៉េចខ្លះ? ទើបវាអាចវាដំណើរការទៅមុខបានយ៉ាងរលូនបែបនេះ?

ដូចនេះមុននឹងយើងអាចស្វែងរកនូវដំណោះស្រាយមួយដ៏ល្អបាន គឺយើងត្រូវព្យាយាមឈ្វេងយល់អំពីបញ្ហាដើមចម និងមូលហេតុផ្សេងៗទៀត ដែលបង្កឲ្យមានបញ្ហាទាំងនេះកើតឡើង ពីព្រោះការឈ្វេងយល់អំពីបញ្ហាចោទទាំងនោះ វាអាចជួយឲ្យអ្នកកាន់តែយល់ច្បាស់ពីវាបានកាន់តែស៊ីជម្រៅ។

៤. អនុវត្តជំនាញដោះស្រាយ និងរៀនអំពីការគិតវិភាគ

Teenage girl and boy doing jigsaw puzzles laying on table

ចំណុចចុងក្រោយនោះគឺ អ្នកគួរតែរៀនដោះស្រាយបញ្ហាឲ្យបានច្រើនតាមដែលអាចទៅរួច ដោយអ្នកអាចយកករណីសិក្សាមួយចំនួនដែលបានកើតឡើងនៅឯកន្លែងធ្វើការ កន្លែងរកស៊ី ឬអាចយកដៃគូរប្រកួតប្រជែងអាជីវកម្មដូចគ្នា យកមកគិត មកវិភាគ ថាតើគួរតែធ្វើបែបណា រៀបចំរបៀបណា ដោះស្រាយបែបម៉េចទើបមានភាពស្រុះស្រួលរវាងភាគីទាំងសងខាង ទើបអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនអាចរិកចម្រើនដូចគេ?។ល។ ប៉ុន្តែរឿងមួយដែលអ្នកគួរតែចៀសវាងនោះគឺការវិភាគខ្លាំងពេកទៅលើរឿងរ៉ាវគ្រួសាររបស់អ្នកដទៃ ឬរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ ព្រោះរឿងរ៉ាវទាំងអស់នេះ គ្មានប្រយោជន៍សម្រាប់អ្នកនោះទេ។

ប្រភព៖ https://talentbridge.com/blog/7-steps-to-improve-your-analytical-thinking-skills/

 

 

Previous articleដំបូន្មានរបស់មហាសេដ្ឋី Jack Ma នៅពេលចាប់ផ្តើមអាជីវកម្ម
Next articleយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Tesla
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។