វិធីសាស្ត្រទាំង៥ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការ

239
វិធីសាស្ត្រទាំង៥ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការ

តើអ្នកគិតថាមានវិធីសាស្ត្របែបណាខ្លះ អាចជួយឲ្យក្រុមការងាររបស់អ្នកអាចខិតខំប្រឹងប្រែងធ្វើការងារជាងមុនបាន? ខាងក្រោមនេះគឺជាចំណុចទាំង៥ដែលអាចជម្រុញឲ្យពួកគេខិតខំប្រឹងប្រែងជាងមុនបាន៖

១.​ កំណត់គោលដៅជាក់លាក់

ធម្មជាតិរបស់មនុស្សគឺតែងតែចូលចិត្តការប្រកួតប្រជែង ចង់បានកិត្តយស មុខមាត់ ចង់មានកិត្តនាមល្អ ចូលចិត្តបង្ហាញថាខ្លួនឯងមានសមត្ថភាពខ្លាំង ពូកែ និងមានភាពវៃឆ្លាតជាងគេ ព្រមទាំងចង់ធ្វើអ្វីមួយឲ្យចេញជាផ្លែផ្កា និងទទួលបានស្នាដៃមួយដ៏សមប្រកប។ Mission goals target aspirations motivation strategy concept Free Photo

ហើយបុគ្គលិកមានភាពប្រឹងប្រែងបែបនេះបានក៏ដោយសារតែក្រុមហ៊ុនបានកំណត់គោលដៅបានច្បាស់លាស់ មានការលើកទឹកចិត្ត និងដោយសារតែបុគ្គលិកខ្លួនឯងបានសម្លឹងឃើញអត្ថប្រយោជន៍ពីការងារបំពេញការងារទាំងនោះផងដែរ ដូចជា បានឡើងប្រាក់បៀរវត្ស ឡើងមុខតំណែង ទទួលបានប័ណ្ណសរសើរពីការងារ ឬអាចជួយអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនជាដើម។ ប៉ុន្តែប្រសិនបើមួយថ្ងៃៗ ពួកគេនៅអង្គុយធ្វើតែការងារដដែលៗ គ្មានសកម្មភាពអី្វផ្សេង ជាប្រភេទការងារស្រួលៗដោយពុំបានបញ្ចេញគំនិតអ្វីទាល់តែសោះ នោះក្រុមការងាររបស់អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់ សោះកក្រោះ ស្មុគស្មាញ គ្មានផលិតភាពក្នុងការបំពេញការងារ និងមិនដឹងថាត្រូវធ្វើការងារអ្វីបន្តជាដើម (នេះសម្រាប់អ្នកដែលឈ្មុសឈ្មុលចង់ដឹងអ្វីដែលថ្មីៗច្រើន មិនចូលចិត្តនៅតែមួយកន្លែង ធ្វើរឿងដដែលៗ)

២. ស្ដាប់ពីគ្នាទៅវិញទៅមក

ស្ដាប់ត្រង់ចំណុចនេះគឺជាការផ្ដល់អាទិភាព ព្រមទាំងអនុញ្ញតឲ្យបុគ្គលិករបស់អ្នកបានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន អាចធ្វើអ្វីដែលជាគំនិត និងជាស្ទីលរបស់ខ្លួន ពោលគឺពុំមែនចាំស្ដាប់តែការបញ្ជា ធ្វើតាមតែការចាត់ចែងទាំងដែលខុសនោះទេ។

សម្រាប់អ្នកជាចៅហ្វាយផ្ទាល់ “ការស្ដាប់ និងការផ្ដល់ជាមតិត្រឡប់ទៅកាន់កូនក្រុមវិញគឺជារឿងមួយដែលល្អ ព្រោះនេះមិនត្រឹមតែបង្ហាញពីតម្លៃរបស់អ្នកជាចៅហ្វាយនោះទេ ព្រមទាំងអាចជួយឲ្យបុគ្គលិករបស់អ្នកមានភាពក្លាហានក្នុងការលើកយកនូវគំនិតថ្មីៗដើម្បីបង្ហាញអ្នក និងមានភាពស្វាហាប់ បូករួមនឹងភាពច្នៃប្រឌិតបន្ថែមមួយកម្រិតទៀតផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យបុគ្គលិកស្ដាប់អ្នក គោរពអ្នក អ្នកក៏ត្រូវចេះស្ដាប់នូវគំនិតរបស់បុគ្គលិក និងផ្ដល់តម្លៃទៅកាន់ពួកគេផងដែរ។

៣. ផ្ដល់នូវប្រាក់ខែសមរម្យ

ចំណុចសំខាន់នៃការលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការជាងមុន គឺការផ្ដល់ប្រាក់បន្ថែមពីលើប្រាក់ខែ។ អ្នកគប្បីពិចារណាទៅលើការតម្លើងប្រាក់ខែ ចំពោះបុគ្កលិកណាដែលខិតខំប្រឹងប្រែងធ្វើការ និងអ្នកដែលបានបង្កើតស្នាដៃបានច្រើនមកកាន់ក្រុមហ៊ុន ដើម្បីឲ្យពួកគេមានកម្លាំងចិត្តបន្តខិតខំប្រឹងប្រែងបំពេញការងារឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ជាងមុនបន្ថែមទៀត។ ហើយនេះក៏ជាគម្រូល្អមួយដែរសម្រាប់បុគ្គលិកដែលទើបតែចូលថ្មី ឬបុគ្គលិកថ្នាក់ក្រោមៗ ព្រមទាំងអ្នកដែលមិនមានកម្លាំងចិត្តក្នុងការបំពេញការងារមួយចំនួនទៀត ឲ្យមានការខិតខំប្រឹងប្រែង ដើម្បីអាចទទួលបានមុខតំណែង ឬប្រាក់ច្រើនៗដូចអ្នកមុនៗដែរ ព្រោះនេះបង្ហាញថា ក្រុមហ៊ុនមិនដែលភ្លេចអ្នកដែលខិតខំព្យាយាមធ្វើការនោះទេ គឺត្រូវតែមានអ្វីជាថ្នូរជូនទៅកាន់ពួកគេវិញ។

៤. បារម្ភពីអនាគតរបស់ក្រុមការងារ

នៅពេលដែលមេក្រុមគាត់បានបង្ហាញពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះអនាគតរបស់បុគ្គលិកម្នាក់ៗនៅក្រោមបង្គាប់ ព្រមទាំងព្យាយាមត្រួសត្រាយផ្លូវ និងជួយលើកស្ទួយបុគ្គលិកឲ្យមានកត្តិនាមល្អ មានសមត្ថភាពខ្លាំង ក៏ដូចជាផ្ដល់នូវតួនាទីជាក់លាក់ណាមួយនៅក្នុងក្រុមហ៊ុន ដោយមិនសម្ងំយកសុខតែឯង ពេលនោះ កូនក្រុមឬបុគ្គលិករបស់អ្នកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន និងដើម្បីអាចទទួលបានការងារឬតួនាទីមួយដែលសាកសមជាមួយនឹងសមត្ថភាពរបស់ពួកគេ។ ហើយកិច្ចខំប្រឹងប្រែងនេះទៀតសោតគឹកើតឡើងមកពីក្ដីបារម្ភពីមនុស្សពីមនុស្សជុំវិញខ្លួននេះឯង។

៥. បង្កើតវប្បធម៌ដ៏ល្អនៅកន្លែងធ្វើការ

Free Woman In Green Top Using Macbook Beside Group Of People Stock Photo ក្រុមការងារខ្ជិលឬឧស្សាហ៍ មានមហិច្ឆតាឬគ្មានមហិច្ឆតា ចេះជួយគ្នាឬចូលចិត្តប្រចាំគ្នា ហើយចេះយោគយល់អធ្យាស្រ័យឬចូលចិត្តមើលបំណាំគ្នា គឺវាអាស្រ័យទៅលើបរិយាកាស បូករួមនឹងវប្បធម៌ដែលតែងតែកើតមាននៅក្នុងក្រុមហ៊ុនឬអង្គភាព ជាពិសេសនោះគឺអាស្រ័យទៅលើអ្នកដឹកនាំក្រុមនេះតែម្ដង។​

ម្យ៉ាងវិញទៀត ប្រសិនបើចង់ឲ្យបុគ្គលិកមានគំនិតច្នៃប្រឌិត មានភាពបត់បែន មានអាកប្បកិរិយាស្ទុះស្ទា និងមានកម្លាំងចិត្តក្នុងការបំពេញការងារឲ្យបានកាន់តែល្អជាងមុន អ្នកគប្បីបង្កើតវប្បធម៌ល្អមួយនៅកន្លែងធ្វើការ រួមមានវប្បធម៌ក្នុងការចែករំលែកចំណេះដឹង  ការចេះជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់តួនាទី មានសាមគ្គីភាពល្អ ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក បង្កើតឲ្យមានភាពស្មោះត្រង់ និងបង្កើនទំនុកចិត្តព្រមទាំង ភាពជឿជាក់ទៅឲ្យគ្នាទៅវិញទៅមក។