តើធ្វើយ៉ាងណាដើម្បីឲ្យការចរចាតម្លៃរបស់យើងបានល្អ? ហើយធ្វើយ៉ាងណាដើម្បីទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ល្អៗ?
ជាក់ស្តែង បើសិនជាបងប្អូនចាប់អារម្មណ៍ផ្ទះនៅក្នុងបុរី នោះបងប្អូននឹងត្រូវចរចាជាមួយខាងបុរី ដែលបងប្អូនអាចធ្វើការជ្រើសរើសថា “ តើយើងចង់បង់ប្រាក់បែបម៉េច ? តើយើងមានជាលុយសុទ្ធ ឬ ក៏យើងចង់រំលោះជាមួយខាងបុរី?
ជាទូទៅ នៅក្នុងករណីដែលយើងមានលុយសុទ្ធ គឺយើងអាចចរចាបានលក្ខខណ្ឌល្អមែនទែន ។ អាចថា យើងអាចនឹងទទួលបាននូវការបញ្ជុះតម្លៃពិសេសពីខាងបុរី ។ ចំពោះលក្ខខណ្ឌបង់ផ្តាច់នេះផងដែរ ក្រៅពីទទួលបាននូវការបញ្ជុះតម្លៃពិសេសនេះហើយ ទាក់ទងនឹងសំណង់វិញគេអាចសាងសង់ឲ្យលឿនជាងធម្មតាផងដែរ ។
បន្ថែមពីនេះបងប្អូនក៏ត្រូវតែសិក្សាទៀតថា តើបុរីមានប៉ុន្មានលក្ខខណ្ឌដើម្បីឲ្យយើងជ្រើសរើស ? យើងត្រូវជ្រើសរើសយ៉ាងណាឲ្យសាកសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងថា “ តើចំណូលប្រចាំខែរបស់យើងអាចរ៉ាប់រងរួចដែរឬទេ ?”
ដោយសារតែការបង់រំលោះជាមួយបុរីអាចថាមានការបង់ជាដំណាក់កាលដោយឥតការប្រាក់ ការបង់ដោយមានការប្រាក់រយៈពេល ១០ ឆ្នាំ ១៥ ឆ្នាំ ឬ ២០ ឆ្នាំជាដើម ។ ចំពោះលក្ខខណ្ឌបង់ប្រាក់នេះទៀតសោតគឺមានលក្ខណៈខុសៗគ្នាទៅតាមបុរីនីមួយៗ ។ ដូច្នេះបងប្អូនត្រូវសិក្សាលក្ខខណ្ឌរបស់បុរីពីមួយទៅមួយឲ្យបានច្បាស់ ។
ឧទាហរណ៍ថា ការទិញរបស់បងប្អូនគឺមិនមែនទិញពីបុរីទេ អាចថាទិញពីម្ចាស់ផ្ទាល់មិនថាផ្ទះ ឬ ក៏ដីទេ។ អញ្ចឹងនៅពេលដែលយើងទិញ គឺយើងព្យាយាមចរចាតម្លៃយ៉ាងម៉េចឲ្យបានតម្លៃល្អ តម្លៃទាបដែលយើងទិញទៅអាចទទួលបាននូវផលចំណេញខ្ពស់ អាចថាទិញភ្លាមចំណេញភ្លាមតែម្តង ។
ដូច្នេះបើសិនជាបងប្អូនសម្រេចថាទិញផ្ទះ ពីម្ចាស់ផ្ទាល់ នោះដើម្បីអាចចរចាតម្លៃបានលុះត្រាតែបងប្អូនដឹងអំពីតម្លៃទីផ្សារបានច្បាស់លាស់ជាមុនសិន ។ យើងមិនអាចទៅចរចាតម្លៃអចលនវត្ថុទាំងយើងមិនដឹងថាតើតម្លៃហាងឆេងសព្វថ្ងៃប៉ុណ្ណានោះទេ ។
ឧទាហរណ៍ផ្ទះដែលបងប្អូនចង់ទិញនោះជាប្រភេទផ្ទះ វីឡាភ្លោះ នៅក្នុងបុរី ជីបម៉ុង ដែលម្ចាស់គេនោះបានទិញពីបុរីផ្ទាល់ហើយគេដាក់លក់ចេញវិញ ដោយកាត់តម្លៃ ៣២ ម៉ឺនដុល្លារ ។ ដោយបងប្អូនអត់បានដឹងអំពីតម្លៃទីផ្សារផង ស្រាប់តែបងប្អូនទៅតថ្លៃគេត្រឹម ២៥ ម៉ឺនដុល្លារ ។ ការតថ្លៃបែបនេះ ខ្ញុំហ៊ាននិយាយថានៅពេលដែលម្ចាស់អចលនវត្ថុគ្រាន់តែស្តាប់ឮការតថ្លៃរបស់យើងនោះគេប្រាកដជាមិនលក់ឲ្យយើងនោះទេ ហើយថែមទាំងមិនសប្បាយចិត្តជាមួយយើងទៀតផង។ ដោយសារយើងតថ្លៃបង្អាប់គេខ្លាំងពេក ធ្វើឲ្យគេមានអារម្មណ៍ថាយើងមិនឲ្យតម្លៃទៅលើអចលនវត្ថុរបស់គេ ។
ដូច្នេះហើយបងប្អូនត្រូវតែប្រយ័ត្នឲ្យមែនទែន។ បើសិនជាគេកាត់ ៣២ ម៉ឺន តែតម្លៃហាងឆេងជាទូទៅដែលគេលក់បាន ៣០ ម៉ឺន នោះយើងអាចតឲ្យគេក្រោមតម្លៃនេះតែបន្តិចបានហើយ ។ បងប្អូនអាចសាកតថ្លៃ ២៩ ម៉ឺនសិនទៅ តើគេលក់ឬក៏អត់ ? ហើយបើសិនជាគេអត់លក់យើងអាចសាកឡើងបន្តិចទៀតទៅ អាចថា ២៩ ម៉ឺន ៥ ពាន់អញ្ចឹង។
ឧទាហរណ៍ថា ម្ចាស់ផ្ទះគាត់ព្រមលក់ក្នងតម្លៃ ៣០ ម៉ឺនចោះ បន្ទាប់មកទៀតគឺចូលដល់ដំណាក់កាលលក្ខខណ្ឌបង់ប្រាក់ ។ យើងត្រូវដឹងថា ប្រភពចំណូលរបស់យើងដែលយកទៅទិញផ្ទះនោះ ជាប្រភេទលុយបែបណា ? បើសិនជាលុយសុទ្ធនោះមិនបាច់គិតច្រើននោះទេគឺ ៣០ % + ៧០ % ដែលមានន័យថាដំបូងឡើយយើងត្រូវបង់ឲ្យគេ ៣០ % បន្ទាប់ពីការផ្ទេរសិទ្ធិរួចរាល់ហើយយើងត្រូវបង្រ្គប់ ៧០ % ទៀតទៅឲ្យគេ ។
ដោយឡែកបើសិនជា ម្ចាស់ផ្ទះគាត់ត្រូវការលុយបន្ទាន់ ហើយតម្រូវឲ្យយើងបង់មុនរហូតទៅដល់ ៥០ % វិញ បើសិនជាក្នុងករណីដែលបងប្អូនមានលុយសុទ្ធប្រហែលជាអត់មានបញ្ហាទេ តែបើសិនជាបងប្អូនយកលុយពីធនាគារវិញនោះអាចថាមានបញ្ហា។ ដោយហេតុថា ជាទូទៅធនាគារផ្តល់កម្ចីចន្លោះពី ៧០% ទៅ ៨០% នៃតម្លៃអចលនវត្ថុ។ ប៉ុន្តែធនាគារក៏មិនទម្លាក់កម្ចីឲ្យយើងដែរ បើសិនជាផ្ទះនោះមិនទាន់ត្រូវបានផ្ទេរសិទ្ធិមកដាក់ឈ្មោះយើងនៅឡើយ ដែលធ្វើឲ្យយើងពិបាកនៅក្នុងការទិញ ។
ជារួម បងប្អូនត្រូវតែសិក្សាឲ្យបានច្បាស់អំពីលក្ខខណ្ឌបង់ប្រាក់នេះ មិនមែនឲ្យតែ ទិញផ្ទះត្រូវតម្លៃគ្នាហើយលក្ខខណ្ឌបង់ប្រាក់យ៉ាងម៉េចក៏បានដែរ ដឹងតែទិញបាននោះទេ។ បងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន កុំឲ្យពេលកក់លុយហើយអត់មានលុយបង់បង្រ្គប់ឲ្យគេ ធ្វើឲ្យការទិញលក់នោះមិនបានជោគជ័យនិង ខាតទាំងលុយកក់ទៀត ។